ការិយាល័យរួមទទួលបានភាពពេញនិយមនៅកម្ពុជា

13 ខែ មិថុនា ឆ្នាំ 2017, 14:43

 

បរិបទនៃប្រភេទការិយាល័យធ្វើការរួមគ្នាជាគំនិតថ្មីដែលបានចូលមកកម្ពុជាក្នុងរយៈពេលខ្លីមួយហើយទីបំផុតបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយវាបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លីនៅក្នុងប្រទេស។ ភាគច្រើននៃការិយាល័យរួមគឺជាក្រុមហ៊ុនបរទេសដែលទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងត្រឹមតែក្នុងរយៈពេលពីរបីឆ្នាំកន្លងមក។ កន្លែងធ្វើការរួមគ្នាទាំងនោះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗ ឬសហគ្រិន អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។

 

ការិយាល័យរួមគឺជានិន្នាការថ្មីនាំទៅដល់បរិស្ថានការងាររួមគ្នាមួយ ជាធម្មតាស្រដៀងគ្នាទៅនឹងការិយាល័យដែរ។ តែមិនដូចការិយាល័យធម្មតាទេ ដោយសារការិយាល័យរួមទាំងនេះជាធម្មតាគឺមិនត្រូវបានកាន់កាប់ដោយអង្គការ ឬក្រុមហ៊ុនតែមួយនោះទេ។

 

ប្រភេទការិយាល័យរួមនេះបានរីកចម្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ ជាមួួយគ្នានេះខេត្តសៀមរាបក៏មានការិយាល័យរួមដូចជា៖ The 1961 Co-working & Art Space និង Angkor Hub.

 

ទោះបីជាការិយាល័យរួមនៅតែជាគំនិតថ្មីនៅកម្ពុជា ដែលទើបចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub បានបញ្ចាក់ថាការិយាល័យរួមទទួលបានការពេញនិយមខ្លាំងក្នុងរយៈពេល២ឆ្នាំមកនេះ​។ អ្នកស្រីនិយាយថា “យើងបានពង្រីកធំជាងមុនបីដង។ វាទំនងជាបន្តកើនឡើងថែមទៀតនៅពេលដែលអាជីវកម្មថ្មីៗបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា។ យើងចង់គាំទ្រ​និងជម្រុញឲ្យប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគាត់។

 

អ្នកស្រី Olivia ពន្យល់ទៀតថាការិយាល័យរួមគឺជាកន្លែងធ្វើការដែលមានភាពធំទូលាយមិនមានជញ្ជាំង ដែលនរណាក៏អាចចូលរួមបាន។ កន្លែងធ្វើការងាររួមគ្នានៃសហគមន៍របស់យើងនៅ Impact Hub ត្រូវបានបង្កើតឡើងសម្រាប់ អ្នកធ្វើការងារផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សហគ្រិន អ្នកធ្វើការឯករាជ្យ ឬអ្នកនិពន្ធជាដើម។ ការិយាល័យរួមគឺជាសេវាកម្មថ្មីដែលអ្នកអាចធ្វើការនៅក្នុងបរិស្ថានស្ងប់ស្ងាត់មានអ៊ិនធើណិតល្បឿនលឿនហើយក៏ជាកន្លែងល្អបំផុតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងជួបមនុស្សថ្មីៗ។

 

រួមជាមួយគ្នានេះដែរ លោក ហម គីមហួន ជានាយកផ្នែកបណ្តុះបណ្តាលនៅ Wecreate Cambodia​ បាននិយាយថា “ថ្វីបើជាបរិបទថ្មីមួយ តែការិយាល័យរួមគឺជាការិយាល័យសម្រាប់អ្នកគ្រប់គ្នាដែលកំពុងធ្វើការនៅឆ្ងាយពីកន្លែងការងារជាការងារផ្ទាល់ខ្លួន ឬការងារជាក្រុមតូចមួយ។ ការិយាល័យរួមផ្តល់ជូននូវលក្ខណៈពិសេស និងភាពបត់បែនដែលក្នុងនោះមានដូចជាវគ្គបណ្តុះបណ្តាល ទំនាក់ទំនងហើយក៏ជាកន្លែងមួយដែលបើកទូលាយសម្រាប់ការពិភាក្សាគ្នា។

 

ជាក់ស្តែង ការិយាល័យរួមនៅកម្ពុជាបានផ្តល់ជូននូវឱកាសដ៏ល្អក្នុងការជួបមនុស្សមកពីវិស័យផ្សេងគ្នាឲ្យពួកគេបានជួបគ្នារៀនពីគ្នាទៅវិញទៅមក ក៏ដូចជាផ្លាស់ប្តូរនូវគំនិតអាជីវកម្មខុសគ្នាឲ្យគ្នាទៅវិញទៅមក។

 

ខេត្តសៀមរាបជាខេត្តដែលប្រជុំដោយជនបរទេសចម្រុះគ្នាបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការិយាល័យរួម ជាមួយនឹងការជម្រុញលើកទឹកចិត្តច្រើន។ លោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថា “កម្ពុជាមានទីផ្សារដ៏មានសក្តានុពលសម្រាប់ប្រភេទការិយាល័យរួមនេះ ហើយខេត្តសៀមរាបគឺជាទីផ្សារធំទីពីរបន្ទាប់ពីទីក្រុងភ្នំពេញដោយសារតែខេត្តនេះប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ ជនបរទេស និងយុវជនជាច្រើននៅក្នុងតំបន់។ ហើយជាមួយនឹងការិយាល័យរួមរ​បស់  The 1961 សមាជិកអាចទទួលបានសេវាកម្មពិសេសជាច្រើនដូចជា បន្ទប់ប្រជុំបន្ទ​ប់ប្រជុំភ្ជា​ប់ជាមួយប្រព័ន្ធស្កាយ និងបន្ទប់រួមធំ ទូលាយ និងបន្ទប់ផ្សេងៗដែលអាចប្រើប្រាស់បានតាមតម្រូវការ។

 

លោក Loven​ បានបន្ថែមថា The 1961 បានប្រែក្លាយមកពីសណ្ឋាគារនៅឆ្នាំ២០១៤។ ការផ្លាស់ប្តូរនេះគឺដោយសារតែមើលឃើញពីសក្ដានុពលនៅក្នុងតំបន់​ ហើយមើលឃើញថាយុវជនមានគំនិតអាជីវកម្មជាច្រើន ប៉ុន្តែពួកគេមានធនធានមិនគ្រប់គ្រាន់ទាក់ទងទៅនឹងតម្រូវការការិយាល័យ ហើយការិយាល័យជួលមានតម្លៃថ្លៃ។

 

ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia និយាយថា “សម្រាប់សមាជិកពេញម៉ោងមានតម្លៃ៦០ដុល្លារក្នុងមួយខែ ហើយសមាជិកមិនពេញម៉ោង (ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ។ សមាជិកក៏អាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ខ្លួនជាមួយកូនសោរក្នុងតម្លៃ១៥០ដុល្លារ។

 

រីឯលោក Loven​ បាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិកប្រសិនបើសមាជិកជួលក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ១០​ដុល្លារសម្រាប់រយៈពេល៣​​ថ្ងៃ២០​ដុល្លារសម្រាប់មួយសប្តាហ៍ និង១០០​ដុល្លារសម្រាប់ការជួលមួយខែ។ នេះជាតម្លៃសម្រាប់រដូវកាលដែលមានសមាជិកតិចតែសម្រាប់រដូវដែលមានសមាជិកច្រើនវិញតម្លៃក៏កើនឡើងខ្ពស់ជាងនេះដែរ។ ទោះបីជាយ៉ាងណា តម្លៃនៃការជួល នេះនៅតែទាបជាងធ្វើការនៅក្នុងការិយាល័យផ្ទាល់ខ្លួន ឬក៏នៅហាងកាហ្វេដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។

 

លោក Loven បានបន្ថែមទៀតថាការិយាល័យរួមគឺមិនបានចូលរួមក្នុងវិស័យអចលនទ្រព្យ ១០០%​នោះទេ ប៉ុន្តែវាជាកន្លែងដែលគេអាចរៀបចំអាជីវកម្មរបស់គេមុនពេលពួកគេមានភាពរួចរាល់ក្នុងការកាន់កាប់នូវអគារការិយាល័យជាក់លាក់សម្រាប់បង្កើតជាក្រុមហ៊ុន។  ដូច្នេះការិយាល័យរួមបានជួយរៀបចំ និងសម្រួលដល់ទីផ្សារអចលនទ្រព្យឲ្យក្លាយទៅជាអាជីវកម្មមួយពិតប្រាកដនៅពេលបន្ទាប់។

 

ការិយាល័យរួមមិនត្រឹមតែជាប្រភេទការិយាល័យដែលសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ វាក៏ជាសហគមន៍ថ្មីមួយនៃសហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗជាច្រើនទៀត។ នេះជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នា។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែកើតមានច្រើនយើងរំពឹងថាវិស័យការិយាល័យរួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែមទៀត។

 

ស្វែងរកការិយាល័យសម្រាប់ជួលក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh