+855 92 92 1000
Logo
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ
Updated on: November 2, 2022, 7:23 a.m.
Published on: November 2, 2022, 7:23 a.m.

កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ


រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិ​ក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី ចូលជួបពិភាក្សាការងារ​ដោយ​មាន​ការ​ចូល​រួមផង​ដែរ​ពី​សំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបនេះធ្វើឡើងនាទីស្តីការក្រសួងកាលពីរសៀល​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើន​គួរឱ្យកត់សម្គាល់នា​ពេល​បច្ចុប្បន្ន​នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និង​​​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារ​សាង​សង់​​កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោង​​សិក្សា​ជីក​ព្រែក​តភ្ជាប់​ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់​រួចរាល់ និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ វិស័យដឹកជញ្ចូន និងភស្តុភាកម្ម​នៅកម្ពុជា​កំពុង​​តែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជា​សូម​ស្វាគមន៍​យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។

សូមជម្រាបជូនដែរថា៖ ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខា​នៅ​កំពង់ផែ​ក្រុង​ព្រះសី​ហនុផង​ដែរ ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួន​នៅទូទាំងពិភពលោក​ប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕

Comments