+855 92 92 1000
Logo
ស្វែងយល់ពីភាពខុសគ្នារវាង៖ ការទិញអចលនទ្រព្យលក់មុនគម្រោង និងការទិញអចលនទ្រព្យលក់បន្ត
Updated on: May 12, 2023, 7:39 a.m.
Published on: February 25, 2016, 2:47 p.m.
Realestate News

ស្វែងយល់ពីភាពខុសគ្នារវាង៖ ការទិញអចលនទ្រព្យលក់មុនគម្រោង និងការទិញអចលនទ្រព្យលក់បន្ត


(គម្រោងបុរី លន ស៊ីធី

នៅប្រទេសកម្ពុជា វិស័យអចលនទ្រព្យកំពុងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារអ្នកទាំងនេះបានមើលឃើញពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​

គម្រោងសាងសង់ជាច្រើនបានបញ្ចប់ ខណៈគម្រោងជាច្រើនកំពុងសាងសង់ ខ្លះកំពុងចាប់ផ្តើម និងខ្លះទៀតស្ថិតក្នុងគម្រោងសាងសង់។

គម្រោងលំនៅដ្ឋានប្រភេទផ្ទះល្វែង បុរី  វីឡាកូនកាត់ វីឡាទោល វីឡាភ្លោះ និងផ្ទះល្វែងអាជីវកម្មបាននឹងកំពុងទាក់ទាញ និងជាទីពេញនិយមរបស់អ្នកអភិវឌ្ឍន៍ និងទាក់ទាញអ្នកទិញភាគច្រើននៅប្រទេសកម្ពុជាផងដែរ។ 

គេឃើញមានគម្រោងលំនៅដ្ឋានខ្លះបានប្រកាសលក់ក្នុងគម្រោង (មានន័យថាមិនទាន់មានសកម្មភាពសាងសង់នៅឡើយទេ) ហើយគម្រោងខ្លះក៏មានសាង់សង់ជាផ្ទះគម្រូ រួចទើបប្រកាសលក់ជូនអ្នកទិញ ចំណែកគម្រោងខ្លះទៀតសាងសង់បណ្តើរលក់បណ្តើរ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន(អ្នកទិញ)។ 

ទោះជាមើលឃើញថាមានរូបភាពផ្សេងៗគ្នានៃការប្រកាសលក់គម្រោងទាំងនេះ ប៉ុន្តែគម្រោងនីមួយៗតែងតែមានការគាំទ្រ និងបញ្ជាទិញលំនៅដ្ឋានពីអតិថិជនគ្រាន់តែមានចំនួនតិច ឬច្រើន អាស្រ័យទៅតាមលក្ខខណ្ឌ និងទំនុកចិត្តរបស់អតិថិជន។ 

ការទិញផ្ទះក្នុងគម្រោង (ផ្ទះមិនទាន់សាងសង់ហើយ) គឺជារឿងមួយដែលអតិថិជនត្រូវតែមានការពិចារណាខ្ពស់មុននឹងសម្រេចចិត្តទិញពីព្រោះវាអាចមានហានិភ័យច្រើនជាងការទិញផ្ទះដែលបញ្ចប់ការសាងសង់រួច ឬផ្ទះដែលប្រកាសលក់បន្ត។ 

អ្នកទិញមួយចំនួនប្រៀបធៀបការទិញផ្ទះក្នុងគម្រោងទៅនឹងការបង់សំណាញ់ក្នុងទន្លេ ដែលពេលខ្លះអាចបានត្រី ឬអាចមិនបានត្រី។ ដោយសារតែច្បាប់ទំលាប់ក្នុងវិស័យអចលនទ្រព្យនៅធូរលុង ការអនុវត្តច្បាប់ក៏នៅមានកម្រិតធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការអភិវឌ្ឍគម្រោងខ្យល់ ឬគម្រោងមិនច្បាសលាស់គម្រោងមិនស្របច្បាប់ គម្រោងមិនមានស្តង់ដារត្រឹមត្រូវ។ ជាលទ្ធផលទង្វើទាំងនេះអាចជះឥទិ្ធពលដល់អ្នកទិញ។

ខាងក្រោមនេះ Realestate.com.kh នឹងលើកយកពីភាពខុសគ្នានៃការទិញអចលនទ្រព្យក្នុងគម្រោង និងការទិញអចលនទ្រព្យដែលដាក់លក់បន្ត សម្រាប់ជាការជំនួយស្មារតីទៅដល់អ្នកដែលមានបំណងចង់ទិញផ្ទះ។

ការទិញផ្ទះក្នុងគម្រោង (Buying Off Plan)៖

(គម្រោងខុនដូ Condo L Boeung Tompun)

ដូចដែលអ្នកបានដឹងហើយថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅប្រទេសកម្ពុជាមានរូបភាពផ្សេងៗគ្នា ទាំងគម្រោងតូច គម្រោងមធ្យម និងគម្រោងធំ។ សម្រាប់គម្រោងខ្នាតមធ្យម និងធំ ភាគច្រើនបំផុតគឺមុនពេលប្រកាសលក់យ៉ាងហោចណាស់ក៏ត្រូវតែមាន ផ្ទះគម្រូសាងសង់រួចជាស្រេចឲ្យអតិថិជនចូលមើល ពេលប្រកាសបើកលក់គម្រោង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ទោះជាយ៉ាងណានៅតែមានគម្រោងខ្លះ ប្រកាសលក់ជូនអតិថិជនដោយមិនទាន់មានផ្ទះគម្រូ ឬទើបតែបុកគ្រឹះជាដើម នេះអាចដោយសារតែគម្រោងជាគម្រោងខ្នាតតូច ខ្វះទុន ឬម្ចាស់គម្រោងមិនចង់រង់ចាំរហូតដល់ផ្ទះគម្រូសាងសង់រួចជាដើម​។

ការទិញផ្ទះក្នុងគម្រោង គឺជារឿងប្រថុយប្រថានមួយសម្រាប់បទពិសោធន៍នៅប្រទេសកម្ពុជា ដោយសារអ្នកទិញមិនអាចបំពេញក្តីស្រមៃរបស់ខ្លួនបានភ្លាមៗទេ ដោយត្រូវរង់ចាំក្នុងរយៈពេល មួយដែលបានព្រមព្រៀង និងមានចែងក្នុងកិច្ចសន្យាទិញលក់ផ្ទះនោះ។ ជាទូទៅ រយៈពេលសាងសង់មានចន្លោះពី ១២ ខែ ទៅ ១៨ ខែ អាស្រ័យទៅតាមគម្រោងនីមួយៗ។ 

ទោះយ៉ាងណាអ្នកទិញនឹងទទួលបានចំណុចល្អៗពីរយ៉ាង 

  • ទីមួយ៖ អ្នកទិញអាចទទួលបានផ្ទះក្នុងតម្លៃមួយដែលអាចទទួលបានផលចំណេញពីការលក់ បន្តចន្លោះ ពី ១០% ទៅ ៣០% នៅពេលផ្ទះសង់រួច ដោយហេតុថា ផ្ទះលក់ក្នុងគម្រោងតែង តែលក់ក្នុងតម្លៃទាបជាងទីផ្សារព្រោះគេទុកឲ្យអតិថិជនអាចចំណេញពីសាងសង់រួច។ 
  • ទីពីរ៖ គឺអ្នកទិញមិនចាំបាច់មានលុយទាំងដុំទៅទិញនោះទេ ពោលគឺអតិថិជនអាចទិញ បង់រំលោះដោយមានទឹកប្រាក់បង់មុន ១០% ២០% ឬ ៥០% ប៉ុណ្ណោះហើយក៏មានគម្រោងខ្លះ អនុញ្ញាតឲ្យបង់រំលោះសុទ្ធដោយមិនចាំបាច់បង់មុនគឺរំលស់ប្រចាំខែយកតែម្តង ។

ហេតុដូច្នេះ មុនពេលលោកអ្នកទិញផ្ទះក្នុងគម្រោងពីគម្រោងណាមួយលោកអ្នកត្រូវតែប្រាកដថា អ្នកមានគោលបំណងចង់ទិញទុកលក់យកចំណេញ ឬអ្នកមិនមានទឹកប្រាក់គ្រប់ គ្រាន់សម្រាប់បង់ផ្តាច់ផ្ទះទាំងមូល។

ការទិញផ្ទះក្នុងគម្រោងអ្នកត្រូវពិនិត្យលក្ខខណ្ឌណែនាំដូចខាងក្រោម៖

(គម្រោង Huangshan International ជាគម្រោងលំដាប់ខ្ពស់នៅតំបន់ទន្លេបាសាក់)

១) មុនពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកត្រូវស្គាល់គម្រោងនោះឲ្យច្បាស់ជាមុន ឬស្គាល់សវតារបស់អ្នកអភិវឌ្ឍន៍គម្រោងជាមុនសិន ជៀសវាងទិញចំគម្រោងខ្យល់ ឬគម្រោងដែលមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោង។ ក្រៅពីនេះត្រូវមើលថាតើ គម្រោងមានភាពច្បាស់លាស់ស្របច្បាប់ មានសក្តានុពល និងស្ថិតនៅក្នុងទីតាំងល្អ (តំបន់លំនៅដ្ឋាន ឬតំបន់ពាណិជ្ជកម្ម) ដែលឬទេ? ចំណុចនេះអ្នកអាចពឹងពាក់មេធាវី ឬអ្នកច្បាប់ ឬភ្នាក់ងារឲ្យជួយផ្តល់យោបល់លើការទិញរបស់អ្នក ថាតើអ្នកអភិវឌ្ឍន៍ និងគម្រោងមួយហ្នឹងគួរទិញ ឬអត់? ជឿជាក់បាន ឬមិនបាន?

២) ដើម្បីជៀសវាងបញ្ហាខាងលើ លោកអ្នកគួរស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យជួយពិគ្រោះយោបល់ ថាតើគួរទិញអចលនទ្រព្យមួយណា? ប្រភេទណា? ទីតាំងណា? តម្លៃប៉ុន្មាន? សាកសមសម្រាប់ការរស់នៅ ឬការប្រកបអាជីវកម្មជាដើម? ទោះជាយ៉ាងណា ប្រសិនបើអ្នក មានចំណេះដឹង និងធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងនេះ អ្នកអាចធ្វើបានដោយខ្លួនឯង។ 

៣)ពិនិត្យមើលផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធនៃការអភិវឌ្ឍគម្រោង៖ អ្នកត្រូវសាកសួរ រកព័ត៌មានឲ្យច្បាស់លាស់ពីការអភិវឌ្ឍគម្រោងនោះ ថាតើវាស្របច្បាប់ហើយឬនៅ? មានច្បាប់សាងសង់ ឬលិខិតអនុញ្ញាតពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធទេ? ប្រសិនបើមាន ទើបលោកអ្នកគួរពិចារណាក្នុងការទិញលំនៅដ្ឋានពីគម្រោងនោះ ។

៤)កិច្ចសន្យា ឬរយៈពេលសាងសង់៖ វាសំខាន់ណាស់ គ្រប់ពេលដែលអ្នកទិញលំនៅដ្ឋាន ពីគម្រោងណាមួយ អ្នកត្រូវមានដាច់ខាតកិច្ចសន្យាទិញលក់ផ្ទះ ហើយក្នុងកិច្ចសន្យានេះមានចែងពីរយៈពេលសាងសង់យ៉ាងច្បាស់លាស់គិតចាប់ពីថ្ងៃដែលចុះកិច្ចសន្យាទិញលក់ (ជាទូទៅវាមានរយៈពេល ១២ខែ ទៅ ១៨ខែ)​។ អ្នកត្រូវពិនិត្យមើលឯកសារកិច្ចសន្យាទិញលក់ ឲ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយទំហំដី ទំហំផ្ទះ ប្រភេទផ្ទះ រយៈពេលសាងសង់ តម្លៃទិញលក់ និងលក្ខខណ្ឌបង់ប្រាក់ ការពិន័យ និងលក្ខខណ្ឌអនុវត្តផ្សេងៗរបស់អ្នកទិញ។  លក្ខខណ្ឌ អភិវឌ្ឍគម្រោងត្រូវមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធភ្លើង ។ល។ ជាពិសេសអ្នកត្រូវ ប្រយ័ត្នក្នុងករណីដែលអ្នកបង់ប្រាក់យឺតយ៉ាវ ត្រូវម្ចាស់គម្រោងយកលេសដកយកផ្ទះវិញ ហើយផ្តាច់កិច្ចសន្យា។

៥) ប័ណ្ណកម្មសិទ្ធិ៖ ឥឡូវនេះ បើអ្នកទិញផ្ទះ គួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានប្លង់រឹង ហើយពេលកាត់ប្លង់បំបែកក្បាលដីជូនអ្នកទិញក៏កាត់ជាប្លង់រឹងដែរ (ប្លង់បំបែកក្បាលដី មិនមែន ត្រឹមឃុំសង្កាត់ ឬខណ្ឌនោះទេ)។ ក្នុងករណីមានត្រឹមប្លង់ទន់ អ្នកមិនគួរទិញវាទេ ព្រោះនឹងអាចជួបបញ្ហា។

៦)ផ្ទះគម្រូ៖ វាចាំបាច់ណាស់សម្រាប់គម្រោង ដែលលោកអ្នកចង់ទិញត្រូវតែមានផ្ទះគម្រូ សម្រាប់មើលដើម្បីឲ្យអ្នកប្រាកដថា អ្នកពេញចិត្ត ឬអត់? នេះរួមទាំងគុណភាពសំណង់ ប្រភេទផ្ទះ ការរចនាម៉ូដខាងក្រៅ និងខាងក្នុង។ នៅពេលលោកអ្នកមើលផ្ទះគម្រូ ហើយអ្នកពេញចិត្ត ទើបអ្នកសម្រេចចិត្តទិញផ្ទះពីគម្រោងនោះ។ ប៉ុន្តែបើអ្នកមិនបានឃើញ ផ្ទះគម្រូទេ វាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការស្វែងរកទិញផ្ទះក្នុងក្ដីសុបិន។

ការទិញផ្ទះលក់បន្ត (Buying a Resale Property)៖

(លំនៅដ្ឋានសាងសង់រួចក្នុងបុរីក្នងខណ្ឌជ្រោយចង្វារ)

ការទិញអចលនទ្រព្យដែលដាក់លក់បន្ត គឺជាគុណសម្បត្តិល្អមួយសម្រាប់អ្នកទិញ ព្រោះថា ការទិញអចលនទ្រព្យប្រភេទនេះ អ្នកមិនចាំបាច់រង់ចាំ ពោលគឺទិញភ្លាមបានចូលនៅភ្លាម និងកាន់កាប់អចលនទ្រព្យក្នុងសុបិន្តរបស់អ្នកដោយស្របច្បាប់ភ្លាមៗ។ 

ជាការណែនាំ ឆ្លង់កាត់តាមបទពិសោធន៍ និងការអនុវត្តជាក់ស្តែង មុនអ្នកសម្រេចចិត្តទិញអចលនទ្រព្យណាមួយ (ប្រភេទផ្ទះដាក់លក់បន្ត) អ្នកត្រូវអនុវត្តតាម ការណែនាំ ជាជំហានៗដូចខាងក្រោម៖

១) ពិនិត្យផ្នែកផ្លូវច្បាប់

វាមានសារៈសំខាន់ណាស់សម្រាប់អ្នកទិញអចលនទ្រព្យគ្រប់ប្រភេទ ទោះជាប្រភេទដីទទេរ ឬដីមានសំណង់ (ផ្ទះ) ខុនដូ សណ្ឋាគារ ឬអចលនទ្រព្យណាមួយក៏ដោយ អ្នកត្រូវតែសិក្សាស្រាវជ្រាវជាមុនដើម្បីប្រាកដថា អចលនទ្រព្យនោះមានភាពស្របច្បាប់ អាចលក់ និងទិញបាន ដោយមិនមានបញ្ហា ឬវិវាទផ្លូវច្បាប់ណាមួយនោះទេ។

ការពិនិត្យផ្លូវច្បាប់គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចម្បង៣សំខាន់ៗ៖

កំណត់អត្តសញ្ញាណរបស់ម្ចាស់អចលនទ្រព្យដែលលក់បន្តនោះ ថាតើគាត់ពិតជាម្ចាស់ ពិតប្រាកដនិងជាម្ចាស់ស្របច្បាប់ដែរឬទេ? និងដើម្បីកំណត់ពីប្រវត្តិនៃការកាន់កាប់ អចលនទ្រព្យ តាំងពីម្ចាស់ដំបូងរហូតដល់ម្ចាស់ដែលលក់បន្តនេះ តើមានការទិញលក់ ប៉ុន្មានដង  ហើយមានប្រវត្តិនៃការកាន់កាប់យ៉ាងណាខ្លះ? ហើយក្នុងនេះដែរ អ្នកក៏អាចសិក្សាពីប្រវត្តិនៃការបង់ពន្ធជូនរដ្ឋករណីដីទំនេរមិនប្រើប្រាស់ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ពន្ធប្រថាប់ត្រា សម្រាប់ការផ្ទេរសិទ្ធិពីមុនៗ ។ល។ ជាមួយគ្នានេះដែរ លោកអ្នកត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធនឹងអចលនទ្រព្យ ដែលដាក់លក់បន្តនោះ ពិសេសគឺឯកសារកាន់កាប់អចលនទ្រព្យនោះ ឬឯកសារបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យ មានដូចជា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារប្លង់ទន់ មានដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះ ជាដើម និងឯកសារទិញលក់ ឬឯកសារផ្ទេរសិទ្ធិផ្សេងៗ បានទិញពីម្ចាស់អចលនទ្រព្យដើម ឬម្ចាស់គម្រោងណាមួយ បូករួមនឹងឯកសារបញ្ជាក់ពីការបង់ពន្ធអចលនទ្រព្យ (ពន្ធប្រថាប់ត្រា ឬពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ) ពីម្ចាស់ដើមមកអ្នកលក់បន្តនេះ។ 

បញ្ជាក់៖ ឯកសារទាំងនោះត្រូវតែជាឯកសារដើម (មិនមែនជាឯកសារថតចម្លង)។

  • កំណត់ ឬស្វែងរកឲ្យឃើញបញ្ហាវិវាទផ្សេងៗនៅលើអចលនទ្រព្យដែលលក់បន្តនោះ៖ ត្រូវដឹងថា តើអចលនទ្រព្យកំពុងមានវិវាទកើតឡើងដែរឬទេ ដូចជាមានការឈ្លោះដណ្តើមកេរ មានដីកាហាមឃាត់របស់តុលាការ ដីការក្សាការពារ ឬបណ្តឹងជំទាស់មិនឲ្យមានការលក់ដូរ និងផ្ទេរអចលនទ្រព្យនេះពីតតិយជនណាមួយ ដែលទទួលស្គាល់ដោយច្បាប់ជាដើម។
  • កំណត់ ឬស្វែងរកឲ្យឃើញនូវបន្ទុកលើអចលនទ្រព្យ មានដូចជា ជាប់ដាក់បញ្ចាំនៅធនាគារ ខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ឬជាប់ខ្ចីប្រាក់ពីស្ថាប័ន ឬបុគ្គលឯកជនណាមួយ ដោយបានយកប្លង់កម្មសិទ្ធិ ដែលដាក់លក់បន្តនោះទៅដាក់ធានាកម្ចី ជាដើម។ បើរកឃើញករណីនេះ អ្នកមិនត្រូវទិញនោះទេ វានឹងនាំឲ្យមានបញ្ហាថ្ងៃមុខ ប៉ុន្តែប្រសិនបើអ្នកចង់ទិញ អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យចប់ជាមុនសិន (គឺត្រូវដោះបន្ទុកអចលនទ្រព្យនោះឲ្យជ្រះស្រឡះជាមុនសិន)។

២) ស្វែងរកអ្នកជំនាញផ្នែកអចលនទ្រព្យ

(ជ្រោយចង្វារជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង។ ស្វែងយល់បន្ថែមអំពីតំបន់ជ្រោយចង្វារ សូមចុចត្រង់នេះ។ )

អ្នកជំនាញផ្នែកអចលនទ្រព្យអាចជួយពិគ្រោះយោបល់ និងវាយតម្លៃអចលនទ្រព្យដើម្បីឲ្យអ្នក អាចដឹងពីតម្លៃអចលនទ្រព្យនៅលើទីផ្សារដែលអាចទទួលយកបាន។ អ្នកជំនាញអាចជួយប្រឹក្សា យោបល់ផ្សេងៗទៅលើតម្លៃអចលនទ្រព្យ ទីតាំងល្អ ឬមិនល្អ ប្រភេទអចលនទ្រព្យ អាចទិញទុក លក់ចំណេញ អាចស្នាក់នៅធម្មតា ឬអាចបើករកស៊ីអ្វីបានជាដើម។ ដូច្នេះ ការស្វែងរកជំនួយពីសំណាក់អ្នកជំនាញគឺមានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នកមិនទាន់មានបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ក្នុងវិស័យនេះ។​

៣) ចរចារតម្លៃទិញលក់អចលនទ្រព្យ 

ដំណាក់កាលនេះអ្នកអាចរួមបញ្ចូលការដាក់សំណើទិញ ឬ លិខិតស្នើទិញ ដើម្បីស្នើសុំទិញអចលន ទ្រព្យណាមួយដែលអ្នកចង់ទិញ ដោយស្នើតម្លៃទិញ ភ្ជាប់នឹងលក្ខខណ្ឌបង់ប្រាក់ និងលក្ខខណ្ឌ អនុវត្តមួយចំនួនទៀតដែលលោកអ្នកជាអ្នកទិញចង់បាន។ ក្រោយពីអ្នកលក់បានយល់ព្រម តាមសំណើទិញពីអ្នកទិញហើយ អ្នកលក់អាចចេញលិខិតមួយជូនអ្នកទិញវិញ ដើម្បីបញ្ជាក់ពីការយល់ព្រមលក់អចលនទ្រព្យក្នុងតម្លៃណាមួយ ដោយភ្ជាប់ទៅជាមួយនូវលក្ខខណ្ឌយល់ព្រមពីសំណាក់អ្នកលក់។ នៅពេលព្រមព្រៀងគ្នារួចហើយ អ្នកទិញអាចណាត់ជួបជាមួយអ្នកលក់ដើម្បីកក់ប្រាក់ ។

៤)   ការកក់ប្រាក់

ការកក់ប្រាក់ថ្លៃទិញលក់អចលនទ្រព្យអាចមាន ២ របៀបតាមការនិយម និងអនុវត្តកន្លងមកសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ៖

  • ទី១  ការកក់ពាក្យសម្តី ឬអ្នកច្បាប់ហៅថា “កក់ធានា” ។ ការកក់ប្រាក់ធានានេះ គឺជាការកក់ប្រាក់ដើម្បីភ្ជាប់ពាក្យសម្តី ឬដើម្បីបញ្ជាក់ថា អ្នកទិញចង់ទិញអចលនទ្រព្យនេះហើយ ប៉ុន្តែត្រូវការពេលវេលាទៅពិចារណាជាមួយដៃគូ ឬត្រូវការពេលវេលាដើម្បីប្រមូលលុយឲ្យគ្រប់គ្រាន់ សម្រាប់យកមកទិញអចលនទ្រព្យនេះជាដើម ។ ការកក់នេះជាទូទៅអ្នកទិញ សុំពេលវេលាពីអ្នកលក់ត្រឹមពេលខ្លី ៣ថ្ងៃ ឬយ៉ាងយូរ ១ អាទិត្យ ដោយអ្នកទិញស្នើសុំឲ្យអ្នកលក់បិទ ការលក់អចលន ទ្រព្យនេះទៅឲ្យអ្នកផ្សេងក្នុងរយៈពេលកក់ប្រាក់ធានានេះ ហើយប្រសិនបើផុតកំណត់រយៈពេល ស្នើសុំនោះហើយ អ្នកលក់មានសិទ្ធិយកដាច់ប្រាក់កក់ធានានោះ ហើយធ្វើការបន្ដលក់អចលនទ្រព្យនោះ។
  • ទី២  កក់ប្រាក់នៅក្នុងកិច្ចសន្យា នេះជាដំណាក់កាលកក់ប្រាក់នៅក្នុងកិច្ចសន្យាទិញលក់អចលនទ្រព្យ គេអាចកក់ប្រាក់ចន្លោះពី ៥% ទៅ ២០%​ ហើយពេលខ្លះគេនិយមហៅប្រាក់កក់នេះថា ជាប្រាក់បង់លើកទី១ ក៏បាន ។ ការកក់ប្រាក់នេះគឺជាទូទៅត្រូវបានធ្វើឡើង ដើម្បីបើកឱកាសឲ្យអ្នកទិញធ្វើការសិក្សាស្រាវជ្រាវផ្លូវច្បាប់ ដើម្បីកំណត់ថាអចលនទ្រព្យ ដែលដាក់លក់នេះមានភាពស្របច្បាប់ មិនមានបញ្ហា មិនមានវិវាទ និងមានម្ចាស់ពិតប្រាកដជាដើម។ ជាទូទៅ គេទុករយៈពេល ១ អាទិត្យ ដើម្បីឲ្យអ្នកទិញធ្វើការស្រាវជ្រាវ និងពិនិត្យផ្ទៀងផ្ទាត់។

៥)   ដំណាក់កាលរៀបចំកិច្ចសន្យាទិញលក់

នេះជាដំណាក់កាលសំខាន់សម្រាប់ទាំងអ្នកលក់ និងអ្នកទិញ ដោយភាគីត្រូវជួបចចារគ្នាយ៉ាងហ្មត់ចត់ទៅលើតម្លៃទិញលក់ លក្ខខណ្ឌបង់ប្រាក់ កាតព្វកិច្ចផ្សេងៗរបស់គូភាគី ការចុះបញ្ជីអចលនទ្រព្យ ការផ្ទេរសិទ្ធិ និងការបង់ពន្ធអចលនទ្រព្យជាដើម ដើម្បីរៀបចំ កិច្ចសន្យាទិញលក់អចលនទ្រព្យមួយឲ្យបានត្រឹមត្រូវ មានវិជ្ជាជីវៈ និងអាចទទួលយកបានទាំងសងខាង។ ដើម្បីជៀសវាងបញ្ហា អ្នកគួរស្វែងរកសេវាផ្នែកច្បាប់ ឬមេធាវី ដើម្បីឲ្យជួយរៀបចំកិច្ចសន្យាទិញលក់អចលនទ្រព្យនេះ និងឲ្យមានអ្នកជួយប្រឹក្សាយោបល់លើការទិញលក់ អចលនទ្រព្យនេះផង។

៦)   ការចុះបញ្ជីអចលនទ្រព្យ ការផ្ទេរសិទ្ធិអចលនទ្រព្យ និងការបង់ពន្ធ

នេះជាដំណាក់កាលសំខាន់មួយដែរ ក្នុងដំណើរការនៃការទិញលក់អចលនទ្រព្យ។ មុនពេលទិញអចលនទ្រព្យ អ្នកត្រូវជជែកគ្នាជាមុនថា តើអចលនទ្រព្យដែលត្រូវទិញនោះ ជាអចលនទ្រព្យប្រភេទប្លង់រឹង (ចុះបញ្ជីរួច) ឬប្លង់ទន់ (មិនទាន់ចុះបញ្ជី) ហើយត្រូវជជែក និងព្រមព្រៀងគ្នាឲ្យច្បាស់ថា តើភាគីណាមួយជាអ្នកទទួលខុសត្រូវរត់ការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះអចលនទ្រព្យពីអ្នកលក់មកឲ្យឈ្មោះរបស់អ្នកទិញ ហើយភាគីណាមួយជាអ្នក ទទួលបន្ទុកបង់ពន្ធលើការផ្ទេរសិទ្ធិ (ពន្ធប្រថាប់ត្រា) ជាដើម ។ ភាគីអ្នកលក់ និងអ្នកទិញត្រូវ ជជែកគ្នាឲ្យច្បាស់ និងសរសេរចូលក្នុងកិច្ចសន្យាទិញលក់ ជៀសវាងការភ័ន្តច្រឡំ ឬប្រកែកគ្នា នៅពេលក្រោយ។។ ជាទូទៅការងារចុះបញ្ជីអចលនទ្រព្យ (ធ្វើប្លង់រឹង) ការផ្ទេរសិទ្ធិកាត់ឈ្មោះ និងការបង់ពន្ធ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកលក់ ខណៈដែលការបង់ពន្ធប្រថាប់ត្រា ក្នុងច្បាប់បានសរសេរយ៉ាងច្បាស់ថា គឺអ្នកទិញគឺជាអ្នកទទួលបន្ទុក ដោយសារអ្នកទិញជាអ្នក ទទួលផលចុងក្រោយ ។ ម្យ៉ាងវិញទៀតសម្រាប់ការរត់ការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះ ពេលខ្លះដើម្បីផ្តល់ទំនុកចិត្តខ្ពស់ អ្នកទិញគឺជាអ្នករត់ការផ្ទាល់ ដោយមានកិច្ចសហការណ៍យ៉ាង រលូនពីអ្នកលក់អចលនទ្រព្យ។

៧)   ដំណាក់កាលប្រគល់ប្លង់ និងបង់លុយផ្តាច់ថ្លៃទិញលក់អចលនទ្រព្យ

នេះជាដំណាក់កាលចុងក្រោយគេបង្អស់ ក្នុងដំណើរការលក់ និងទិញអចលនទ្រព្យ ដោយក្រោយពីដំណើរការនៃការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះអចលនទ្រព្យ និងបង់ពន្ធបានចប់សព្វគ្រប់ហើយ អ្នកលក់មានកាតព្វកិច្ចត្រូវប្រគល់ប្លង់ដែលបានចុះបញ្ជីរួចហើយ  ឬផ្ទេរសិទ្ធិរួចហើយនោះឲ្យទៅអ្នកទិញ ហើយអ្នកទិញត្រូវប្រគល់លុយបង្គ្រប់ថ្លៃទិញលក់អចលនទ្រព្យនោះទៅឲ្យអ្នកលក់ ដើម្បីបញ្ចប់ការទិញលក់ អចលនទ្រព្យជាស្ថាពរ ។

នេះជាការអនុវត្ត និងបទពិសោធន៍កន្លងមកដែលសេវាកម្មមេធាវី ឬអ្នកច្បាប់គេតែងផ្តល់យោបល់ ឲ្យអនុវត្តតាមសម្រាប់រាល់ការលក់ និងទិញអចលនទ្រព្យប្រភេទលក់បន្ត។ ប្រសិនបើអ្នកធ្វើតាមការ ណែនាំខាងលើនោះការទិញលក់អចលនទ្រព្យរបស់អ្នកនឹងមានសុវត្ថិភាពខ្ពស់ និងអាចជៀសផុតពីហានិភ័យ។ 

ទោះជាយ៉ាងណាក៏ដោយមិនមែនខ្លឹមសារ ឬ រូបមន្តខាងលើគឺជាវិធីសាស្ត្រដាច់ខាត ឬល្អតែមួយគត់ដែលត្រូវតែអនុវត្តតាមនោះទេ វាក៏អាចនៅមានចំណុចបន្ថែម ឬដកចេញខ្លះ អាស្រ័យទៅលើការទិញលក់នោះវាមានទំហំប៉ុនណា ទឹកប្រាក់ប៉ុនណា? ស្មុគស្មាញប៉ុនណា? មានន័យថា បើអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការទិញលក់នោះមានទំហំធំ ទឹកប្រាក់ច្រើន វាអាចនឹងមានដំណើរការស្មុគស្មាញជាងនេះ ហើយដំណើរការទិញលក់នេះក៏មានភាពស្មុគស្មាញជាងនេះ​ដែរ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

អត្ថបទដោយ

Comments