+855 92 92 1000
Logo
វិស័យកាត់​ដេរ​​នៅ​តែដំណើរការ​​ល្អ ខណៈ​តម្រូវ​ការ​ទី​តាំង​សង់​រោង​ចក្រ និង​ឃ្លាំងបន្តកើនឡើង
Updated on: June 6, 2022, 5:02 p.m.
Published on: June 20, 2019, 7:46 a.m.

វិស័យកាត់​ដេរ​​នៅ​តែដំណើរការ​​ល្អ ខណៈ​តម្រូវ​ការ​ទី​តាំង​សង់​រោង​ចក្រ និង​ឃ្លាំងបន្តកើនឡើង


Industry 4.0 conference

វិស័យ​កាត់​ដេរ​កម្ពុជា​នឹង​នៅ​តែរក្សា​ស្ថាន​ភាព​ល្អ​ និង​បន្ត​អភិវឌ្ឍន៍​បើ​ទោះ​បី​ជា​មាន​ការ​បារម្ភ​ពី​ឥទ្ធិ​ពល​នៃ​ការ​ផ្លាស់​ប្តូរ​ប្រ​ព័ន្ធ​បច្ចេ​ក​វិទ្យា​ និង​ការ​ប្រ​ឈមទល់​​នឹង​​​​ការ​បាត់បង់​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​ទីផ្សារ​សំ​ខាន់​ក្តី។ នេះ​បើយោង​តាម​អ្នក​តំ​ណាង​សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា។

តែ​ទន្ទឹម​នេះ​អ្នក​តំ​ណាង​រូប​នេះ​​ក្រើន​រំ​ឭក​ថា ការ​រក្សា​លំ​នឹង​នេះ​ទៅ​បាន លុះ​ត្រា​តែភាគី​ ពាក់​ព័ន្ធ​ក្នុង​ឧស្សា​ហ​កម្ម​នេះ បន្ត​ពង្រឹង​ភាព​ប្រ​កួត​ប្រ​ជែង​របស់​ខ្លួន ​ដើម្បី​ទទួល​បាន​ការ​បញ្ជា ​ទិញ​បន្ថែម​ពី​អ្នក​បញ្ជា​ទិញ​។

គិត​មក​ទល់​ពេល​នេះ តម្រូវ​ការ​ដី​សម្រាប់​ដាក់​ទី​តាំង​រោង​ចក្រ​ថ្មី និង​សាង​សង់​ឃ្លាំង​នៅ​បន្ត​កើន​ឡើង ដែល​បាន​បង្កើន​តម្លៃ​ជួល​ជា​បន្ត​បន្ទាប់។​ នេះ​បើយោង​តាម​អ្នក​ជំ​នាញ​ផ្នែក​អចលនទ្រព្យ។​

លោក ចន ចា សមា​ជិក​គណ​កម្ម​ធិកា​​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា បាន​លើក​ឡើង​ប្រាប់​អ្នក​សារព័ត​មាន​ក្នុង​សិន្និ​សិទ្ធ​ស្តី​ពី​បដិវដ្ត​ឧស្សា​ហ​កម្ម​ ៤.០ និង​អនា​គត​ឧស្សា​ហ​កម្ម​កាត់​ដេរ​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ពង្រឹង​ភាព​ប្រ​កួត​ប្រ​ជែង​ក្នុង​ឧស្សា​ហកម្ម​កាត់​ដេរ​មាន​សារៈ​សំ​ខាន់ជាង​អ្វីៗ​ទាំង​អស់​ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​ត្រូវ​សម្រប​ខ្លួននឹង​ការ​ប្រែ​ប្រួល​នៃ​បច្ចេក​វិទ្យា ឬ បាត់​បង់​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ក៏​ដោយ។

លោក​ថ្លែង​ថា​៖​ «​ដរាប​ណា​យើង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ថ្លៃ​ផលិត​មាន​ប្រ​សិទ្ធភាព ឧស្សា​ហ​កម្ម​កាត់​ដេរ​ នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ប្រ​ទេសផ្សេង​បាន​»។

លោក​បន្ត​ថា​រដ្ឋា​ភិបាល​បាន​ប្រ​កាសគំ​និត​ផ្តួច​ផ្តើម​ជា​ស៊េរី​ជា​ច្រើន ​ក្នុង​គោល​ដៅ​កាត់​បន្ថយ​ ថ្លៃ​ដើមក្នុង​ការ​ធ្វើ​អាជីវ​កម្ម រាប់​តាំង​ពី​ថ្លៃ​ភ្លើង ឡូជីស្ទីក ថ្លៃ​ធ្វើ​អធិ​ការ​កិច្ច​ទំ​និញ​នាំ​ចេញ ​ជា​ដើម ដែល​កត្តា​នេះ​បាន​រួម​ចំ​ណែក​បង្កើន​ភាព​ប្រ​កួត​ប្រ​ជែង​។

លោក​បន្ត​ថា​៖ ​«​នៅ​ពេល​ដែល​យើង​បាន​ទទួល​ការ​បញ្ជា​ទិញ​កាន់​តែ​ច្រើន យើង​ត្រូវ​ការ​កម្ម​ក​រ​ ច្រើន​ជាង​មុន។ យើង​មាន​បំ​ពាក់​ម៉ាស៊ីន​ស្វ័យ​ប្រ​វត្ត​រួច​ហើយ ធៀ​ប​នឹង​កាល​ពី​ ២០ ឆ្នាំ​មុន​ដែល​អ្វី​ៗ​​​ធ្វើ​ដោយ​ដៃ។ ហើយ​ម៉ា​ស៊ីន​ស្វ័យ​ប្រ​វត្ត​ទាំងនេះ​មិន​បាន​កាត់​បន្ថយ​បុគ្គលិក​ នោះ​ទេ»​។

ឆ្លើយ​តប​នឹង​សំ​នួរ​អ្នក​សារព័ត​មាន​ថា​តើ​ការប្រ​ឈម​នឹង​ការ​​បាត់​បង់​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទៅ​ទី​ផ្សារ​អ៊ឺរ៉ុប​នឹង​ប៉ះ​ពាល់​ផលិត​កម្ម​កាត់​ដេរធ្ងន់​ធ្ងរ​ឬ​យ៉ាង​ណា លោក ចន ចា បាន​លើក​ឡើង​ថាឧស្សា​ហ​កម្ម​នេះ​នៅ​តែ​អាច​រស់​បាន​ប្រ​សិន​បើ​គ្រប់​ភាគី​កែ​លម្អរ​ភាព​ប្រ​កួត​ប្រ​ជែង។ ​

លោក​បញ្ជាក់​ថា​៖ ​«​យើង​បាន​កសាង​គុណ​សម្បត្តិ​​​របស់​យើង​ទាក់​ទង​នឹង​ថ្លៃ​ ទាក់​ទង​នឹង​ប្រ​ព័ន្ធ ​ឡូជី​ស្ទីក​ និងទាក់​​ទង​នឹង​បញ្ហា​ប្រ​ឈម​មួយ​ចំ​នួន​ទៀត​ដែល​ធ្លាប់​ប៉ះ​ពាល់​ដល់​ឧស្សា​ហ​កម្ម​នេះ។ យើង​បាន​ព្យាយាម​ខ្លាំង​បំ​ផុត​ អ៊ីចឹង​យើង​អាច​រស់​បាន និង​រស់​បាន​ល្អ​ទៀត​ផង​ក៏​ថា​បាន​»។ លោក​បន្ត​ថា​៖​«​ថា​តើ​ EBA ត្រូវ​ដក​ឬ មិន​ដក យើង​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​ខ្លាំង​។ យើង​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ជា​ប្រ​ចាំ​ថ្ងៃ ប្រ​ចាំ​ខែ និង​ប្រ​ចាំ​ឆ្នាំ​»។

យោង​តាម​លោក ចន​ ចា វិ​ស័យ​កាត់​ដេរ​កម្ពុជា​នៅ​តែ​មាន​កំណើន​ការ​បញ្ជា​ទិញគិត​មក​ទល់​ពេល​នេះ។ កាល​ពី​ឆ្នាំ ២០១៨ ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ និង​សម្លៀក​បំ​ពាក់​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ១០ ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ២៤ ភាគរយ​ធៀប​នឹង​ ៨ ពាន់​លាន​ដុល្លារ​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​របាយ​ការណ៍ ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​ កាល​ពី​ឆ្នាំ​ ២០១៧ អត្រា​កំ​ណើន​មាន​ត្រឹម​តែ​ ៧,៦ ភាគរយ​ប៉ុណ្ណោះ។

លោក សន សៀប ស្ថាប​និក​និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​វាយ​តម្លៃ​អចល​ន​ទ្រព្យ ឃី រៀលអ៊ីស្ទេត បាន​ប្រាប់​ Realestate.com.kh កាល​ពី​ថ្មី​ៗ​នេះ​ថា តម្រូវ​ការ​ទី​តាំ​ង​សម្រាប់​បើក​រោង​ចក្រ​ថ្មី និង​ឃ្លាំង​នៅ​តែ​មាន​កំ​ណើន​ ហើយ​បាន​ធ្វើឲ្យ​​ថ្លៃ​ឈ្នួល​កើន​ឡើង​ផង​ដែរ។

លោក​បន្ត​ថា​៖​ «​គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សញ្ញា​អវិជ្ជ​មាន​អី​ណា​មួយ​ដល់​តម្រូវ​ការ​ឃ្លាំង ឬ ទី​តាំង​សម្រាប់​ដាក់​រោង​ចក្រ​ទេ។ តាម​ពិត​ទៅ តម្រូវ​ការ​នៅ​តែ​កើន​ឡើង​ ហើយ​ថ្លៃ​ឈ្នួល​ក៏​ខ្ពស់​ជាង​មុន​ដែរ»៕

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!

Comments