+855 92 92 1000
Logo
វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពល តែមានហានិភ័យ
Updated on: June 7, 2022, 3:58 a.m.
Published on: December 1, 2018, 7:41 p.m.

វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពល តែមានហានិភ័យ


ការអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗបានសំរុកចូលទៅកាន់ខេត្តសៀមរាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការពិតខេត្តដែលជាតំបន់ទេសចរណ៍ដ៏ធំរបស់ប្រទេសកម្ពុជាមួយនេះត្រូវបានមើលឃើញថាមានកំណើននៃការសាងសង់សណ្ឋាគារថ្មីៗ ផ្ទះសំណាក់ កន្លែងស្នាក់នៅ និងអាផាតមេនជាច្រើន។ កាលពីពាក់កណ្តាលឆ្នាំនេះ Mario Tan ដែលជានាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បាននិយាយថាសំណង់អគារថ្មីៗនៅក្នុងសៀមរាបបានកើន ឡើងដល់ជាង ១,០០០ អគារ។ ចំនួននេះបានកើនឡើងទ្វេដង បើធៀបទៅកាលពីពីរឆ្នាំមុនដែលមានតែជាង ៥០០ អគារប៉ុណ្ណោះ។

មិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេដោយសារវត្តមានប្រាសាទអង្គរវត្តទើបជំរុញឲ្យតម្រូវការនៃកន្លែងស្នាក់នៅមានការកើនឡើងដ៏ច្រើននៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាស្ថាបនអភិរក្សឧទ្យានអង្គរបានបង្ហាញថា ចំនួនអ្នកទេសចរបានកើនឡើងដល់ ២.៥លាននាក់នៅឆ្នាំ២០១៧។

លោក ភិន វណ្ណា ជានាយកប្រតិបត្តិក្រុមហ៊ុន Camglobe Realtor នៅក្នុងខេត្តសៀមរាបបានកត់សម្គាល់ឃើញថាសណ្ឋាគារធំៗ ដែលមានជាង១០០បន្ទប់ឡើងទៅមានភ្ញៀវទេសចរស្នាក់នៅច្រើនក្នុងនោះភ្ញៀវភាគច្រើនមកពីតំបន់អាស៊ីជាពិសេសជនជាតិចិន។

លោក វណ្ណា បាននិយាយថា “ភាគច្រើននៃក្រុមភ្ញៀវទេសចរមកពីប្រទេសចិនមកតាមរយៈក្រុមហ៊ុនទេសចរណ៍”។ លោកបន្ថែមថាចំនួនភ្ញៀវទេសចរអឺរ៉ុបនៅក្នុងតំបន់នេះបានធ្លាក់ចុះប្រហែល៥០ភាគរយហើយចំនួនភ្ញៀវទេសចរចិនបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បច្ចុប្បន្ន សណ្ឋាគារបូទិក  ផ្ទះសំណាក់ និងផ្ទះស្នាក់នៅខ្នាតតូច ដែលមានបន្ទប់គេង តិចជាង១០០ បន្ទប់មិនមានកំណើន សាងសង់ច្រើនដូចសណ្ឋាគារខ្នាតធំនោះទេ”។

លោក Charles Evans នាយកក្រុមហ៊ុន Cambodia Property Shop បាននិយាយថាវិស័យសណ្ឋាគារនៅតែជាផ្នែកមួយនាំមុខគេនៅក្នុងខេត្តសៀមរាប  ប៉ុន្តែលោក Evans ​ក៏មើលឃើញពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារមួយនេះផងដែរ។

ទោះជាមានបញ្ហាខ្លះកើតឡើងនៅក្នុងទីផ្សារក៏ដោយតែជាក់ស្តែងលោកនៅតែមើលឃើញថាវិនិយោគិននៅតែមានឱកាសទទួលបានផលចំណេញពីសក្តានុពលរបស់វិស័យមួយនេះ។

លោក Evans បានបន្ថែមថា «ខ្ញុំកំពុងធ្វើការ ដើម្បីជួយដល់វិនិយោគិនបរទេសក្នុងការវិនិយោគ ឬជួលសណ្ឋាគារនៅក្នុងខេត្តសៀមរាប»។ នៅក្នុងទីក្រុងមានសណ្ឋាគារជាច្រើនកន្លែងដែលមានចំនួនបន្ទប់ដ៏ច្រើន​កំពុងដាក់ឲ្យប្រើប្រាស់។​

ក្នុងឆ្នាំមុនសណ្ឋាគារបូទិកថ្មីចំនួន៣០ត្រូវបានសាងសង់ជិតវត្តដំណាក់ក្នុងសង្កាត់សាលាកំរើក។ គម្រោងទាំងនេះបានបញ្ចេញកន្លែងស្នាក់នៅរាប់រយបន្ទប់សម្រាប់ក្នុងទីផ្សារ។ នេះបើតាមលោក Evans។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោក វណ្ណា បានអះអាងថាមុនការបោះឆ្នោតជាតិក្នុងខែកក្កដាកន្លងទៅការវិនិយោគលើវិស័យសណ្ឋាគារបានកើនឡើងគួរឱ្យកត់សម្គាល់។ ប៉ុន្តែ បច្ចុប្បន្ននេះ តម្រូវការ វិនិយោជុំវិញការជួល និងការទិញសណ្ឋាគារបានថយចុះ។

ទាក់ទងនឹងតម្លៃសណ្ឋាគារ លោក វណ្ណា បានឲ្យដឹងថា “សណ្ឋាគារ ដែលមានពី ១០០ ទៅ ២០០ បន្ទប់ អាចជួលបានក្នុងចន្លោះពី ៥០,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយខែអាស្រ័យតាមទីតាំងរបស់វា”។

ទោះជាយ៉ាងណាក៏ដោយលោក វណ្ណា បានកត់មើលឃើញថា ម្ចាស់អគារភាគច្រើន [៩០ ភាគរយ] ចង់លក់សណ្ឋាគារទាំងមូលជាជាងការជួល។ លោកបានបញ្ជាក់ថា “សណ្ឋាគារដែលមានពី ១០០ ទៅ ២៥០ បន្ទប់អាចលក់បានចន្លោះពី ២០ ទៅ ៦០ លានដុល្លារ" ។

ការប្រកួតប្រជែង

ជាការពិតណាស់ ជម្រើសច្រើនធ្វើឲ្យមានការប្រកួតប្រជែងកាន់តែច្រើន។ លោក Evans បានកត់ សម្គាល់ថាម្ចាស់សណ្ឋាគារមួយចំនួន ដែលមិនមានលទ្ធភាពបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ [មិនអាចប្រកួតប្រជែងបាន] បានសម្រេចចិត្តផ្លាស់ប្តូរសណ្ឋាគារទៅជាអាផាតមេន ឬផ្ទះស្នាក់នៅរយៈពេលវែងវិញ។

បន្ថែមលើចំណុចនេះ លោក Choch Cho ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Siem Reap Property Services បានអះអាងថាការប្រកួតប្រជែងមានកាន់តែខ្លាំង ខណៈ ដែលសណ្ឋាគារថ្មីៗ បានលេចឡើងកាន់តែច្រើននៅក្នុងទីក្រុង។

លោក Cho បានពន្យល់ថា បើទោះបីជាចំនួនភ្ញៀវទេសចរបានកើនឡើងក៏ដោយតែចំនួននេះហាក់នៅមិនទាន់សមាមាត្រជាមួយនឹងកំណើននៃការផ្គត់ផ្គង់ ដែលកំពុងបន្តកើនឡើងជានិច្ចនោះទេ។

ការពិតទៅ កំណើននៃការប្រកួតប្រជែងមិនមែនជាបញ្ហាប្រឈមតែមួយគត់ ដែលវិស័យនេះកំពុងតែ ជួបប្រទះនោះទេ។ លោក ភី សុពៅ អ្នកចាត់ការទូទៅនៃសណ្ឋាគារ រីង បូទិក បាននិយាយថា “ម្ចាស់សណ្ឋាគារត្រូវតែដឹងពីចំណង់ចំណូលចិត្តរបស់អ្នកដំណើរ នៅពេលវិនិយោគលើវិស័យ សណ្ឋាគារនៅខេត្តសៀមរាប”។ ប្រសិនបើ ពួកគេគ្រាន់តែធ្វើតាម អ្នកដ៏ទៃ លោក សុពៅ ជឿថា អាជីវកម្មរបស់ពួកគេនឹងបរាជ័យ។

លោក សុពៅ បានបន្ថែមថា បើទោះបីជាចំនួនសណ្ឋាគារមានការកើនឡើងក៏ពិតមែន ប៉ុន្តែទីផ្សារកំពុងថយចុះ។  លោកបានអះអាងថាសណ្ឋាគារខ្នាតធំប្រណិតៗដែលមានបន្ទប់ច្រើនកំពុងក្លាយជាទីផ្សារពេញនិយម។

ទោះបីជាយ៉ាងណា លោក សុពៅ បានបញ្ជាក់ថា «ទីផ្សារនៅតែមានភាពរឹងមាំ ហើយអ្នកអភិវឌ្ឍន៍នៅតែអាចរកប្រាក់ចំណេញបាន ប៉ុន្តែពួកគេត្រូវតែនាំយកគំនិតថ្មី និងប្លែកពីគេ សម្រាប់អតិថិជន របស់ខ្លួន»។

ប្រហែលជាដោយសារតែការធ្លាក់ចុះចំនួនភ្ញៀវទេសចរពីប្រទេសលោកខាងលិចដែលបានបណ្តាលឲ្យសណ្ឋាគារតូចៗមួយចំនួនមិនសូវមានភ្ញៀវ ឬបានបិទទ្វារនៅក្នុងឆ្នាំកន្លងទៅ។ បើទោះបីយ៉ាងណាក៏ដោយសណ្ឋាគារ រីងបូទិក របស់លោក សុពៅ នៅតែអាចដំណើរការយ៉ាងល្អ ជាមួយនឹងនិន្នាការ នៃកន្លែងស្នាក់នៅបែបអេកូធម្មជាតិ។ រីង បូទី មាន២២បន្ទប់គ្របដណ្តប់លើដីទំហំ១,៤២៥ ម៉ែត្រការ៉េ ។

លោក សុពៅ បាននិយាយថា “យើងនាំមកនូវបរិយាកាសការរស់នៅបែបធម្មជាតិ និងប្លែកគេនៅក្នុងក្រុងសៀមរាប”។ លោកបានបន្ថែមថាភ្ញៀវទេសចរអឺរ៉ុបបានថយចុះប៉ុន្តែចំនួនភ្ញៀវទេសចរជនជាតិខ្មែរបានកើនឡើងច្រើនរហូតដល់ ៧០ភាគរយ សម្រាប់សណ្ឋាគារ រីង បូទីក។

ការកំណត់តម្លៃបន្ទប់ត្រឹមកម្រិតសមរម្យមួយ គឺជាកត្តាសំខាន់សម្រាប់អាជីវកម្មមួយនេះ លោក សុពៅ បានឲ្យដឹងថា “សណ្ឋាគាររីង បូទីក មានបន្ទប់ ដែលមានតម្លៃពី ៣០ ទៅ ៣៥ ដុល្លារក្នុងមួយ យប់សម្រាប់ថ្ងៃធម្មតា។

ទោះជាយ៉ាងណាក៏ដោយ វណ្ណា និយាយថា សណ្ឋាគារបូទិក មានទាំងតម្លៃទាប និងខ្ពស់ប្រហាក់ ប្រហែលនឹងសណ្ឋាគេលំដាប់ផ្កាយដែរ។  

សណ្ឋាគារផ្កាយបួននៅតំបន់នេះមានតម្លៃចាប់ពីចន្លោះពី ១០០ ទៅ ២៥០ ដុល្លារក្នុងមួយយប់។ សណ្ឋាគារបូទិកមួយចំនួនក៏មានតម្លៃចាប់ពី១០០ ដុល្លារក្នុងមួយយប់៕

ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យបែបអាជីវកម្មសម្រាប់លក់ ឬជួលនៅខេត្តសៀមរាប សូមចូលទៅកាន់ Realestate.com.kh!

Comments