Logo
ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា
Updated on: December 5, 2022, 7:16 a.m.
Published on: December 5, 2022, 7:16 a.m.

ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា


រាជធានីភ្នំពេញ ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយឯកឧត្តម Mohamad SSHS Alhajri ដែលជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីអំពីការលើកក​ម្ពស់​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ និងការ​សាង​សង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​ ផងដែរ ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងថា ការធ្វើពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ គឺជាច្បាប់គោលនយោបាយសំខាន់ៗ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ។

លើសពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ច​ព្រម​ព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមបានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និង​វេទិកា​​​ធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ ។

បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹម​ខែតុលា ឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីន​ និងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវ និងវត្ថុធ្វើពីកែវជាដើម ៕

Comments