+855 92 92 1000
Logo
ការធានារ៉ាប់រងលើប្រាក់កម្ចី តើចាំបាច់សម្រាប់អ្នកដែរឬទេ?
Updated on: June 2, 2022, 11:00 a.m.
Published on: November 23, 2021, 3:07 a.m.

ការធានារ៉ាប់រងលើប្រាក់កម្ចី តើចាំបាច់សម្រាប់អ្នកដែរឬទេ?


ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានរួមចំណែកក្នុងការជម្រុញទីផ្សារអចលនទ្រព្យឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើង ។ នេះគឺជាមូលហេតុដែលបាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ជាច្រើនចាប់ផ្តើមទិញផ្ទះ និងអចលនទ្រព្យលើកដំបូងរបស់ខ្លួន ។

ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ការស្នើសុំប្រាក់កម្ចីសម្រាប់ទិញផ្ទះ ឬអចលនទ្រព្យគឺជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងជីវិត ។ អាស្រ័យទៅតាមប្រភេទនៃប្រាក់កម្ចី មនុស្សមួយចំនួនអាចនឹងត្រូវជាប់កាតព្វកិច្ចបង់រំលស់រហូតដល់រយៈពេល ៣០ឆ្នាំលើកម្ចីសម្រាប់អចលនទ្រព្យរបស់ខ្លួន ។ ​

តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះផ្ទះសម្បែង ឬអចលនទ្រព្យរបស់​ពួកគាត់ ប្រសិនបើ​ពួកគាត់ជួបប្រទះគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យពួកគាត់ទទួលមរណភាព ឬ​ពិការ​ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍?

សមាជិកក្នុងក្រុមគ្រួសាររបស់ពួកគាត់នឹងត្រូវមានកាតព្វកិច្ចរ៉ាប់រងលើការសងរំលស់នូវកម្ចីទាំងនោះ បើមិនដូច្នេះទេ ពួកគាត់នឹងត្រូវប្រឈមមុខនឹងការរឹបអូសនូវអចលនទ្រព្យក្រោមកម្ចីនោះ ។ កត្តាទាំងនេះហើយដែលបណ្តាលឱ្យមានការបង្កើតឡើងនូវការធានារ៉ាប់រងលើប្រាក់កម្ចី ។

តើការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វី?

ការធានារ៉ាប់រងលើប្រាក់កម្ចី គឺជាប្រភេទនៃការធានារ៉ាប់រងដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យលោកអ្នកនូវការការពារផ្នែកហិរញ្ញវត្ថុ ទៅលើប្រាក់កម្ចីរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឱ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយក្រុមហ៊ុនធានារ៉ាប់រងនឹងរ៉ាប់រងក្នុងការសងបំណុលរបស់ក្រុមគ្រួសារលោកអ្នក ។

ការធានារ៉ាប់រងលើប្រាក់កម្ចីមានច្រើនប្រភេទដែលផ្តល់នូវការការពារ និងអត្ថប្រយោជន៍ផ្សេងៗគ្នាអាស្រ័យទៅតាមក្រុមហ៊ុនដែលផ្តល់នូវការធានារ៉ាប់រង ប៉ុន្តែជាទូទៅមានការធានារ៉ាប់រងពីរប្រភេទសម្រាប់ជ្រើសរើសគឺប្រភេទថេរ និងប្រភេទថយចុះ ។

  • ប្រភេទថេរ ៖ សំដៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថេរពេញមួយរយៈពេលនៃប្រាក់កម្ចីរបស់លោកអ្នក ។ ប្រសិនបើអត្ថប្រយោជន៍ធានារ៉ាប់រងរបស់លោកអ្នកច្រើនជាងសមតុល្យនៃប្រាក់កម្ចីដែលត្រូវបង់ នៅពេលលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះចំនួនទឹកប្រាក់ដែលលើសនឹងត្រូវផ្តល់ជូនដល់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក ។
  • ប្រភេទថយចុះ ៖ សំដៅទៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថយចុះទៅតាមរយៈពេលនៃប្រាក់កម្ចី សមាមាត្រទៅនឹងសមតុល្យនៃប្រាក់កម្ចីដែលនៅបង់របស់លោកអ្នក ដោយសារប្រាក់ដើមត្រូវបានបង់រំលស់​សង​ពីគ្រាមួយទៅគ្រាមួយ។ ជាទូទៅ ការធានារ៉ាប់រងប្រភេទថយចុះគឺមានតម្លៃទាបជាងការធានារ៉ាប់រងប្រភេទថេរ (ករណីចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង និងរយៈពេលនៃប្រាក់កម្ចីដូចគ្នា)។

*លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រង និងថ្លៃចំណាយ

លក្ខខណ្ឌទទួលការធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រង (តម្លៃដែលត្រូវបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ការធានា) សម្រាប់ការធានារ៉ាប់រងលើប្រាក់កម្ចីគឺអាស្រ័យលើកត្តាជាច្រើនរួមមានដូចជា អាយុ ភេទ អត្រាការប្រាក់នៃប្រាក់កម្ចី ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង រយៈពេលនៃកម្ចី និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ។ ជាទូទៅ អាយុកាន់តែតិច ចំនួនបុព្វលាភធានារ៉ាប់រងកាន់តែទាប ។

តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំបាច់ទេសម្រាប់អ្នក?

ចំពោះសំណួរថា «តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំចាច់ទេសម្រាប់អ្នក» គឺអាស្រ័យលើតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភថា ផ្ទះសម្បែង ឬអចលនទ្រព្យរបស់លោកអ្នកអាចនឹងត្រូវរឹបអូសដោយស្ថាប័នផ្តល់ប្រាក់កម្ចី ក្នុងករណីលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះការធានារ៉ាប់រងលើប្រាក់កម្ចីអាចជាជម្រើសដ៏ល្អមួយដើម្បីផ្តល់ឱ្យលោកអ្នក និងមនុស្សជាទីស្រលាញ់របស់លោកអ្នកនូវសន្តិភាពផ្លូវចិត្ត ។ វាក៏អាចជាជម្រើសដ៏សក្តិសមមួយសម្រាប់ការពារហិរញ្ញវត្ថុរយៈពេលវែងរបស់ក្រុមគ្រួសារលោកអ្នកផងដែរ ចៀសជាងការបង់រំលស់លើប្រាក់កម្ចី ដោយគ្មានការធានារ៉ាប់រង។  

យើងអាចធ្វើជាមនុស្សដែលមានទំនួលខុសត្រូវ ដោយកាត់បន្ថយនូវហានិភ័យហិរញ្ញវត្ថុរបស់យើងតាមរយៈធានារ៉ាប់រង និងបន្សល់ទុកនូវសេ​ចក្តីស្រឡាញ់សម្រាប់ក្រុមគ្រួសារ មិនមែនបន្សល់ទុកនូវបំណុលឡើយ !

ប្រសិនបើលោកអ្នកយល់ថា ការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វីដែលអ្នកត្រូវការ ឬប្រសិនបើអ្នកចង់ឈ្វេងយល់បន្ថែមអំពីការធានារ៉ាប់រងប្រភេទនេះ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ !

Comments