+855 92 92 1000
Logo
រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប្រកាស​ផ្តល់​រង្វាន់​ឱ្យ​ភ្លាម​ប្រសិនបើ​នរណា​ឈ្នះ​លើ​រឿង​មួយ​នេះ
Updated on: August 8, 2022, 9:49 a.m.
Published on: August 8, 2022, 9:49 a.m.

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប្រកាស​ផ្តល់​រង្វាន់​ឱ្យ​ភ្លាម​ប្រសិនបើ​នរណា​ឈ្នះ​លើ​រឿង​មួយ​នេះ


ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​រៀបចំ​ឱ្យ​មានការ​ចូលរួម​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វា​ច្រកចេញ​-​ចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត និង​លិខិតបញ្ជាក់​អំពី​ស្នាដៃ​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។

តាម​រយៈ​សេចក្តីជូនដំណឹង​ស្តី​ពី​«​ការ​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​» បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៣​ថ្ងៃ ចាប់ពី​១១ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

សេចក្តីជូនដំណឹង​បានឱ្យ​ដឹងផង​ដែរ​ថា ពិធីបុណ្យ​សមុទ្រ​នេះ​នឹង​ប្រារព្ធ​នៅ​ទីលាន​តេ​ជោ (​ពយ​តា​មួ​ង​) ដែល​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ហែរ​ក្បួនព្យុហយាត្រា ការ​សម្តែង​ទស្សនីយភាព សិល្បៈ​ជាតិ អន្តរជាតិ ការ​ប្រជុំ​តន្ត្រី ការ​បាញ់​កាំជ្រួច ការ​តាំងពិព័រណ៍ និង​ការ​ប្រកួត​កីឡា​លើ​ទឹក លើ​ឆ្នេរ​ខ្សាច់ ។​ល​។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ដើម្បី​ជា​ការ​សម្គាល់​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​រៀបចំ​សាងសង់​ក្លោ​ង​ទ្វារ​ចំនួន​២​ទីតាំង​នៅ​ដើមផ្លូវ និង​ចុង​ផ្លូវ ។ ដូចនេះ​ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​មហាជន​ដែល​មានគំនិត​ច្នៃប្រឌិត និង​ទេព​កោសល្យ​ក្នុង​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​រៀបចំ​ឱ្យ​មានការ​ចូលរួម​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ដោយ​មាន​លក្ខ​ខ័​ណ្ឌ​ដូច​ជា ៖

១. រចនា​បទ​ប្លង់​ក្លោ​ង​ទ្វារ​ត្រូវ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ មាន​ទំហំ​ក្លោ​ង​ទ្វារ​ទទឹង​១៦​ម៉ែត្រ កម្ពស់​១២​ម៉ែត្រ និង​រំលេច​ដោយ​គំនិត​ច្នៃប្រឌិត​ឆ្លុះ​បញ្ចាំង​ពី​ធនធាន​សមុទ្រ ជីវចម្រុះ និង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ លំអ​ដោយ​ភ្លើង​រចនា​តាម​លក្ខណៈ​ទំនើប និង​សាមញ្ញ ដោយ​មាន​ខ្លឹមសារ​បញ្ជាក់​អំពី​អត្ថន័យ​នៃ​គំរូ​ក្លោ​ង​ទ្វារ​នេះ ។

២. ក្រោយ​ពី​បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុមការងារ រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​រួចរាល់ សូម​យក​ស្នាដៃ​គំរូ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​មក​ដាក់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ (​លោក ហង្ស ភិ​រក្ស លេខ​ទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦:៣០​នាទី​រសៀល ។ ចំពោះ​លទ្ធផល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ ។

៣. បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត និង​លិខិតបញ្ជាក់​អំពី​ស្នាដៃ​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

ស្ថាបត្យករ​អាជីព សិស្ស និស្សិត​ស្ថាបត្យកម្ម​ខ្មែរ និង​សាធារណជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​បញ្ចេញស្នាដៃ​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ សូម​ចាប់ផ្តើម​រចនា​ប្លង់​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕

Comments