+855 92 92 1000
Logo
សហរដ្ឋអាមេរិកចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុលើរឿង ៣ សំខាន់
Updated on: May 23, 2022, 4:46 a.m.
Published on: November 7, 2019, 2:44 a.m.

សហរដ្ឋអាមេរិកចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុលើរឿង ៣ សំខាន់


អត្ថបទព័ត៌មានលោកគួច ចំរើន និងលោក Michael Newbill ក្នុងជំនួប

លោក Michael Newbill អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើឡើងថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត សហរដ្ឋអាមេរិកមានគោលបំណងសំខាន់ចំនួន ៣ ចំណុចចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

ការលើឡើងពីសំណាក់លោក Michael Newbill អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសលោកចូលជួបជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែម និងស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។

នាឱកាសជំនួបនោះ លោក Michael Newbill បានឱ្យដឹងបន្តថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត គោលបំណងដែលសហរដ្ឋអាមេរិក ចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ គឺផ្តោតលើ ៣ ចំណុចសំខាន់ៗ ក្នុងនោះមានដូចជា ទី១ ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទី២ ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា និងទី៣ មានបំណងនាំក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគលើផ្នែកអចលនទ្រព្យ ពិសេសលើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ។

ទំនាក់ទំនងរវាងកម្ពុជា​-អាមេរិក

នាឱកាសនោះដែរ  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ។ លើសពីនេះ លោកថា  សហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើសកម្មភាពការងារសមយុទ្ធរវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានជួយឧបត្ថម្ភគាំទ្រ សាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុ ។

ក្រៅពីនេះ លោកថា កន្លងមកសហរដ្ឋអាមេរិកជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម និងគាំទ្រដល់វិស័យសុខាភិបាល ក្នុងនោះរួមមាន សង់អគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។​ ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ និងទទួលបាននូវជំនួយមនុស្សធម៍ មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២ លើក។

លោក គួច ចំរើន ចាប់ដៃជាមួយលោក Michael Newbilll

ជាងនេះទៀត ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តមានផែនការអភិវឌ្ឍទីក្រុងព្រះសីហនុឱ្យទៅទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំស្ថានទូតអាមេរិកជួយ​ផ្តល់ជំនួយអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអាមេរិកមកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍។

យ៉ាងណា ចំពោះការ​សម្លឹង​មើលឃើញ​របស់​សហរដ្ឋអាមេរិកពីបំណងដែលខ្លួនចង់​ធ្វើការវិនិយោគនៅខេត្តព្រះសីហនុនៅពេលនេះត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យយល់ថា​ សហរដ្ឋអាមេរិចចាប់ផ្តើមចង់ងាកមកវិនិយោគ ខណៈពេលដែល​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ត្រឡប់​ជា​បន្តបន្ទាប់​ពី​ទៅ​ស្រុក​វិញ ក្រោយ​ពី​ពួក​គេ​រស់នៅ និង​រកស៊ី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មួយ​រយៈពេល​កន្លង​មក៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ 

ចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុ

Comments