តើមានប្រភេទប្លង់កម្មសិទ្ធិអ្វីខ្លះក្នុងប្រទេសកម្ពុជា?​

31 ខែ មករា ឆ្នាំ 2020, 9:50

អត្ថបទណែនាំ(គំរូសន្លឹកប័ណ្ណចាស់ និងប័ណ្ណថ្មី)

មុនពេលយើងចាប់ផ្តើម យើងត្រូវស្វែងយល់ពីគោលការណ៍គ្រឹះមួយនៅពេលនិយាយអំពីអចលនទ្រព្យ ​និងកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាមានតែជនជាតិកម្ពុជាប៉ុណ្ណោះ ដែលអាចកាន់កាប់ដី និងផ្ទះជាប់ដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទោះយ៉ាងណា ជនបរទេសនៅតែអាចកាន់កាប់អចលនទ្រព្យក្នុងកម្រិតណាមួយ ប្រសិនបើពួកគេបានបំពេញទៅតាមលក្ខខណ្ឌតម្រូវ។​

កម្មសិទ្ធិអចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយក្នុងចំណោម ៤ ទម្រង់ នៃប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជា ដែលមានដូចជា៖ ប្លង់រឹង ប្លង់ទន់ ប្លង់រឹងប្រព័ន្ធ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។

យើងនឹងផ្តល់ជូនលោកអ្នកនូវចំណុចសំខាន់ៗដែលត្រូវស្វែងយល់ដូចខាងក្រោម។

ប្រភេទផ្សេងៗគ្នានៃប្លង់កម្មសិទ្ធិអចលនទ្រព្យនៅកម្ពុជា

១) ប្លង់រឹង៖

 • ប្លង់រឹងមានភាពរឹងមាំខ្លាំងបំផុតលើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជាហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុតក្នុងប្រទេសកម្ពុជា។ 
 • ក្នុងករណីដែលមានជំលោះរវាង អ្នកដែលកាន់កាប់ប្លង់រឹង និងអ្នកកាន់ប្លង់ទន់​ នោះម្ចាស់ដែលមានប្លង់រឹងនឹងឈ្នះនៅលើវិវាទនេះ។ 
 • ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម។
 • ប្លង់រឹងមានព័ត៌មានលម្អិតដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិជាមួយនឹងការិយាល័យសុរិយោដី។
 • ពន្ធលើការផ្ទេរកម្មសិទ្ធិត្រូវបានកាត់ចំនួន ៤% នៃតម្លៃអចលនទ្រព្យសរុបនៅពេល ដែលមានការផ្ទេរណាមួយធ្វើឡើង។
 • ការផ្ទេរប្លង់រឹងជាទូទៅធ្វើឡើងក្នុងរយៈពេល ១២ សប្តាហ៍
 • ប្លង់រឹងមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។ ស្វែងយល់លម្អិតពីប្លង់រឹងនៅកម្ពុជា ចុចទីនេះ! 

២) ប្លង់ទន់៖

 • ប្លង់ទន់គឺជាទម្រង់ទូទៅមួយនៃប័ណ្ណកម្មសិទ្ធិហើយជាទូទៅប្លង់នេះត្រូវបានចេញជូននៅក្នុងប្រទេសកម្ពុជា ពីព្រោះការកាត់ប្លង់មានងាយស្រួល និងឆាប់រហ័ស ចំណាយតិច។ 
 • វាគឺជាប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ[ខណ្ឌ និងសង្កាត់]។
 • ប្លង់ទន់ត្រូវបានផ្ដល់ដោយការិយាល័យសង្កាត់ ឬខណ្ឌហើយមិនទាន់បានចុះឈ្មោះជា​ លក្ខណៈជាតិឡើយ ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជាប័ណ្ណកម្មសិទ្ធិស្របច្បាប់។
 • ប្លង់ទន់ជាទូទៅមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។

៣) ប្លង់រឹងប្រព័ន្ធ (LMAP)

 • ប្លង់រឹងប្រព័ន្ធ​ ឬ​ហៅថា ប្លង់ ​LMAP (​ដែល​ពី​អង់គ្លេស​ថា Land Management and Administration Project មានន័យថា​គម្រោង​គ្រប់គ្រង និង​រដ្ឋបាល​ដីធ្លី​) គឺជា​វិញ្ញាបនបត្រ​នៃ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។
 • នេះ​ជា​គម្រោង​មួយ​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​ដោយ​ធនាគារពិភពលោក បន្ទាប់ពី​ទទួលបាន​ការយល់ព្រមពី​រដ្ឋាភិបាល ហើយ​គម្រោង​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់សុវត្ថិភាព​លើ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​តាមរយៈ​ការចុះបញ្ជី និង​ការចេញ​ប្លង់​ កម្មសិទ្ធិ​ដល់​ម្ចាស់​អចលនទ្រព្យ​ជាពិសេស​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ងាយ​រងគ្រោះ​។ 
 • ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​គឺជា​ភ្នាក់ងារ​ដែល ទទួលខុសត្រូវ​អនុវត្ត​ន៍​សម្រាប់​ដំណើរការ​នេះ​នៅក្នុង​ប្រទេស កម្ពុជា​។​
 • ប្លង់រឹង​ប្រព័ន្ធ​គឺជា​ប្រភេទ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ដែល​រឹងមាំ​បំផុត និង​មាន​សុវត្ថិភាព​ជាងគេ​បំផុត​ដោយសារ​គេ​បាន​ប្រើប្រាស់​ប្រព័ន្ធ GPS ដែល​ដៅ​កូអរដោនេ​ច្បាស់លាស់​សម្រាប់​ក្បាល​ព្រំដី​នីមួយៗ​នៅក្នុង​ដំណើរការ​ចុះបញ្ជី​ក្បាល់ដី​ទាំងអស់​នៅក្នុង​ប្រទេស​។​
 • ជាទូទៅ​ការចេញ​ប្លង់រឹង​ប្រព័ន្ធ គឺជា​ការទទួលខុសត្រូវ​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ ដោយ​ម្ចាស់​ដី មិន​ចំណាយ​ថ្លៃ​សេវា​សម្រាប់​ ប្រតិបត្តិ​ការចេញ​ប្លង់រឹង ប្រព័ន្ធ​នេះនោះ​ទេ​។  ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ ដាក់ពាក្យសុំ​ប្លង់រឹង​ប្រព័ន្ធ ឬ​ផ្ទេរ​ទៅ​ប្លង់រឹង​ប្រព័ន្ធ អ្នកនឹង​ត្រូវ​បង់ ថ្លៃ​សេវាកម្ម ៤% ដូចគ្នា​ទៅនឹង​ការផ្ទេរ​ប្លង់​កម្មសិទ្ធិទូទៅ​ដែរ​។​
 • ប្រសិនបើ​អចលនទ្រព្យ ដែល​ត្រូវធ្វើ​ប្លង់រឹង​ប្រព័ន្ធ ឬ​ត្រូវ​ផ្ទេរ​ប្លង់​នោះ​មិនទាន់បង់ពន្ធ​ប្រចាំឆ្នាំ ឬ​ពន្ធ​ផ្សេងៗ​ទៀត (​ពន្ធ​ទាំងនេះ​អាស្រ័យ​លើ​តំបន់ ដែល​ដី​របស់​អ្នក​ស្ថិតនៅ​) អ្នក​ត្រូវ បង់ពន្ធ​ទាំងអស់នោះ​ជាមុនសិន មុនពេល​អាច​ចេញ​ប្លង់​ឲ្យ​បាន​។​
 • ​ប្រសិនបើ​ក្រសួង​ដែនដី កំពុងធ្វើការ​ធ្វើ​ប្លង់រឹង​ប្រព័ន្ធ​ដល់​តំបន់​វិនិច្ឆ័យ ដែល​តំបន់​នោះ​ជា​ភូមិ ឬ​តំបន់​ដែល​អ្នក​រស់ ឬ​ដី​របស់​អ្នក​ទៅ​ទីនោះ  នោះ​មានន័យថា​អ្នក​គ្រាន់តែត្រូវ​ធ្វើតាម​អ្វី ដែល​អាជ្ញាធរមូលដ្ឋាន​ប្រាប់​អ្នក​ជូនដំណឹង​។ 
 • ប្រសិនបើ​ដំណើរ​ចេញ​ប្លង់រឹង​ប្រព័ន្ធ​បានបញ្ចប់​រួចរាល់​នៅក្នុង​តំបន់​របស់​អ្នក ឬ​តំបន់ ដែលមាន​ដី​របស់​អ្នក​មិនទាន់​បានធ្វើ​ប្លង់​នេះ អ្នក​អាចដាក់​ពាក្យស្នើសុំ​ធ្វើ ប្លង់​នៅពេល​ក្រោយ​បាន ដែល​ប្លង់​នេះ​ហៅថា "​ប្លង់រឹង ប្រព័ន្ធ​បំពេញបន្ថែម​"​។​
 • ​ប្រសិនបើ​តំបន់​របស់​អ្នក​មិនទាន់​ជា​តំបន់​វិនិច្ឆ័យ​សម្រាប់​ការចេញ​ប្លង់រឹង​ប្រព័ន្ធ​ដោយ​រដ្ឋាភិបាល​ទេ ​អ្នកមិន​អាចដាក់​ពាក្យសុំ​ធ្វើ​ប្លង់រឹង​ប្រព័ន្ធ​បានទេ​។ ប៉ុន្តែ​អ្នក​អាចដាក់​ពាក្យសុំ​ធ្វើ​ប្លង់រឹង​បាន​។
 • សម្រាប់និតិ​វិធី​ស្នើសុំ​ប្លង់រឹង​ប្រព័ន្ធ​ត្រូវ​ឆ្លងកាត់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​សូ​រិ​យោ​ដី​។  ដំណើរ​ចេញ​ប្លង់​កម្មសិទ្ធិ​នេះ​ត្រូវ ​ចំណាយពេល ១២ សប្តាហ៍ ដើម្បី​បញ្ចប់​ការកំណត់​ដី​នៅលើ​ប្លង់ដី​។
 • ឯកសារ​ចាំបាច់​ទាំងនេះ​រួមមាន វិ​ក័យ​ប​ត្រ ឬ​ចុងសន្លឹក​បញ្ជាក់​ពី​កម្មសិទ្ធិ សម្រាប់​ដី​ដែល​មិនទាន់​កម្ម​សិទ្ធ ប្លង់​កម្មសិទ្ធិ​(​ប្លង់រឹង ឬ​ប្លង់​ទុន និង​កិច្ចសន្យា​ទិញ​លក់​ដី​សម្រាប់​ដី​ទិញ​លក់​ដែលមាន​កម្ម​សិទ្ធ​រួចហើយ​។ ឯកសារ​បន្ថែម​មានដូចជា​៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅ​គ្រួសារ អត្រានុកូលដ្ឋាន និង​លិខិត​អា​ពា​ណ៌​ពិ​ពា​ហ៌​។​

៤)   ប័ណ្ណកម្មសិទ្ធិរួម

 • ប័ណ្ណនេះប្រើសម្រាប់ការកាន់កាប់ជាឯកជនក្នុងអគារសហកម្មសិទ្ធិ(ត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម)គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិ ដែលអាចអនុញ្ញាតឱ្យជនបរទេសកាន់ កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន។
 • ជនបរទេសអាចក្លាយជាកម្មសិទ្ធិករស្របច្បាប់នៃយូនីតនៃអគារសហកម្មសិទ្ធិ ប៉ុន្តែជន បរទេសអាចទិញចាប់ពីជាន់ទី១ ឡើងទៅ មានន័យ ពួកគេមិនអាចទិញជាន់ផ្ទាល់ដី (ជាន់ទី១) បានទេ។ មួយវិញទៀត ជនបរទេសអាចកាន់កាប់ត្រឹមត្រែ ៧០% នៃចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិ។ 
 • ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប្លង់កម្មសិទ្ធិរឹង ក៏ប៉ុន្តែប្លង់កម្មសិទ្ធិរួមនេះ កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយគម្រោងអភិវឌ្ឍន៍ថ្មី ជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះ។
 • ច្បាប់នៃ “ច្បាប់នៃការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាស់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។​ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែ ក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ ពោលគឺជនបរទេសមិនអាចកាន់កាប់ដីក្នុងប្រទេស កម្ពុជាបានឡើយ ពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ 
 • អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី ២ នាក់ ឡើងទៅរស់នៅក្នុងអគារតែមួយ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះ ឬអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីត​ឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួម (common areas)។
 • ប័ណ្កកម្មសិទ្ធិរួម ត្រូវបានចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលមានន័យថាប្លង់នេះត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ។
 • ពន្ធលើការផ្ទេរចំនួន ៤ ភាគរយនឹងត្រូវបង់ដោយផ្អែកលើតម្លៃអចលនទ្រព្យសរុប នៅពេលមានការផ្ទេរប្លង់។ 

ការផ្ទេរប្លង់កម្មសិទ្ធិនៅកម្ពុជា

នៅពេលអ្នកទិញអចលនទ្រព្យ ឬដីធ្លី វាចាំបាច់ណាស់ក្នុងការទទួលបានកម្មសិទ្ធិពេញលេញ ដើម្បីប្រាកដថាអ្នកមានសុវត្ថិភាពចំពោះទ្រព្យសម្បត្តិរបស់អ្នក។ កាផ្ទេរកម្មសិទ្ធិត្រូវឆ្លងកាត់ ដំណើរការជាជំហានជាក់លាក់​ដែលត្រូវអនុវត្តតាម អមដោយឯកសារដែលចាំបាច់ត្រូវភ្ជាប់មកជាមួយ ក៏ដូចជាការពិគ្រោះយោបល់ចាំបាច់ជាមួយភ្នាក់ងារពាក់ព័ន្ធ។

ជំហានទី១៖ ផ្ទៀងផ្ទាត់ប្លង់ដីជាមួយការិយាល័យដីធ្លីពាក់ព័ន្ធ

ដំបូងអ្នកទិញចាំបាច់ត្រូវផ្ទៀងផ្ទាត់ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីជាមួយការិយាល័យដីធ្លីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យមើលបំណុល ឬការជាប់ពាក់ព័ន្ធនានាចំពោះអចលនទ្រព្យនោះ។ ដំណើរការនេះមានដូចជា៖

 • អ្នកទិញត្រូវតែទទួលបានប័ណ្ណសម្គាល់ដើម (ប្លង់ដើម) ពីអ្នកលក់​ ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដរបស់ពួកគេ។
 • បន្ទាប់មកអ្នកទិញត្រូវផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រប័ណ្ណកម្មសិទ្ធិជាមួយការិយាល័យដីធ្លីនៅក្រសួងដែនដី
 • ការិយាល័យដីធ្លីនឹងជូនដំណឹងដល់អ្នកទិញប្រសិនដីជាប់បំណុល ជាប់ដាក់ជាទ្រព្យបញ្ចាំ ប្រាក់កម្ចីហ៊ីប៉ូតែក ឬបណ្តឹងផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ការិយាល័យដីធ្លីនៅក្រសួងដែនដី

រយៈពេលត្រូវចំណាយក្នុងជំហានទី១៖  ត្រូវការពេលវេលាប្រហែល ១០ ថ្ងៃ (ដែលត្រូវធ្វើក្នុងពេលដំណាលគ្នានឹងជំហានទី២ និងទី៣ ដែរ)។  

ជំហានទី២៖ ស្វែងរកព័ត៌មានអំពីអចលនទ្រព្យ

បន្ទាប់មកអ្នកទិញត្រូវតែទទួលបានព័ត៌មានអំពីសំខាន់ៗអំពីអចលនទ្រព្យពីមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ ដែលពាក់ព័ន្ធ។ ត្រង់ចំណុចនេះ វាបានទាមទារអ្នកទិញខ្លួនឯង ត្រូវទាក់ទងទៅមេភូមិ មេឃុំ ឬមន្ត្រីក្រុមប្រឹក្សាឃុំ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពដី។ បន្ថែមលើចំណុចនេះ ការស្រាវជ្រាវជាផ្លូវការអំពិប្រភេទប្លង់កម្មសិទ្ធិគួរតែត្រូវបានធ្វើ ឡើងនៅការិយាល័យដែនដីថ្នាក់ខណ្ឌ / ស្រុកផងដែរ។

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យពាក់ព័ន្ធថ្នាក់ស្រុក / ខណ្ឌ ក្នុងតំបន់ ដែលអចលនទ្រព្យតាំងនៅ)

រយៈពេលត្រូវចំណាយក្នុងជំហានទី២៖  ត្រូវការពេលវេលាប្រហែល ១០ ថ្ងៃ (ដំណាក់កាលនេះអាចធ្វើឡើងដំណាលគ្នានឹងជំហានទី ១ និងទី ៣)

ជំហានទី ៣៖ ទទួលបានឯកសារ និងលិខិតផ្លូវការពីអ្នកលក់

ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែទទួលបាន៖ 

 • អត្តសញ្ញាណប័ណ្ណថតចម្លងរបស់ម្ចាស់ភាគហ៊ុន ឬអ្នកដែលធ្វើមានសិទ្ធិសម្រេច ក្នុងនាមក្រុមហ៊ុន
 • វិញ្ញាបនប័ត្រថតចម្លងនៃអាជ្ញាប័ណ្ណក្រុមហ៊ុនពីអ្នកលក់ ដែលបានចេញដោយក្រសួង ពាណិជ្ជកម្ម។
 • ឯកសារផ្លូវការផ្សេងទៀតពីអ្នកលក់ទាក់ទងនឹងក្រុមហ៊ុន និងប្រតិបត្តិការរបស់ក្រុមហ៊ុន។

រាល់ឯកសារទាំងអស់នេះគឺត្រូវការជាចាំបាច់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងអត្តសញ្ញាណ ក្រុមហ៊ុន ដែលលេចចេញលើវិញ្ញាបនប័ត្រសម្គាល់កម្មសទ្ធិ។ ចំណែកឯកសារបន្ថែមដែលត្រូវការ គឺដើម្បីផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់អ្នកលក់ ដើម្បីអាចផ្ទេរប្លង់ទៅឱ្យអ្នកទិញបានមានដូចជា៖

 • សិទ្ធិពិសេសរបស់មេធាវី
 • លិខិតដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុនដែលអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះ (អ្នកលក់) ត្រូវធ្វើជាតំណាងក្រុមហ៊ុននៅឯការិយាល័យដីធ្លី​នៅក្រសួងដែនដី។ 
 • ស្ធិទ្ទរបស់មេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចផ្តល់ជូនជាធរមាននូវលិខិតផ្លូវការ ដើម្បីផ្ទេរប្លង់កម្មសិទ្ធិដីធ្លីដល់អ្នកទិញ។

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្ម

រយៈពេលត្រូវចំណាយក្នុងជំហានទី៣៖  ត្រូវការពេលវេលាប្រហែល ១០ ថ្ងៃ (ដំណាក់កាលនេះអាចធ្វើឡើងដំណាលគ្នានឹងជំហានទី ១ និងទី ២)

ជំហានទី៤៖ ដាក់ពាក្យសុំចុះឈ្មោះនៅការិយាល័យដីធ្លីស្រុក/ខណ្ឌនៃក្រសួងដែនដី

នៅពេលអ្នកទិញ និងអ្នកលក់ មិនថាពួកគេជានិតិបុគ្គល ឬក្រុមហ៊ុន មានបំណងបញ្ចប់ប្រតិបត្តិការទិញលក់អចលនទ្រព្យ ភាគីទាំងពី ពួកគេត្រូវទៅការិយាល័យដែនដីស្រុក/ខណ្ឌនៅឯក្រសួងដែនដី ដើម្បីរៀបចំ និងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ។

ឯកសារដែលត្រូវការសម្រាប់ជំហាននេះមានដូចជា៖

 • លក្ខន្តិកៈក្រុមហ៊ុន
 • អាជ្ញាប័ណ្ណក្រុមហ៊ុន (ទទួលបានក្នុងជំហានទី៣)
 • លិខិតសិទ្ធិពិសេសពីមេធាវីទាំងពីរ (ទទួលបានក្នុងជំហានទី៣) ។

ប័ណ្ណសម្គាល់សិទ្ធិ ​(ប្លង់) ដើម​របស់អ្នកលក់ត្រូវប្រគល់ជូនការិយាល័យដីធ្លីស្រុក នៅពេលចុះហត្ថលេខាលើប្លង់ ដើម្បីឱ្យឈ្មោះម្ចាស់ថ្មីត្រូវបានបញ្ចូលជាផ្លូវការលើឯកសារ។

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ការិយាល័យដីធ្លីស្រុក/ខណ្ឌនៃក្រសួងដែនដី 

រយៈពេលត្រូវចំណាយក្នុងជំហានទី៤៖  ត្រូវការពេលវេលាប្រហែល ២០ ទៅ ៣០ ថ្ងៃ។ 

ជំហានទី៥៖ បង់ពន្ធប្រថាប់ត្រា

ពន្ធផ្ទេរអចលនទ្រព្យប្រមាណ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ត្រូវបង់ជូនក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារស្រុក ដែលអចលនទ្រព្យតាំងនៅ។ បង្កាន់ដៃបង់ពន្ធនឹងត្រូវបានចេញជូន ដើម្បីបង្ហាញថាការបង់ពន្ធលើការផ្ទេរអចលនទ្រព្យ ត្រូវបានបង់រួចរាល់។

ទោះយ៉ាងណានៅទីក្រុងភ្នំពេញ ពន្ធនេះមិនត្រូវបានវាយតម្លៃដោយផ្អែកលើតម្លៃទិញលក់ពិតប្រាកដនៃអចលនទ្រព្យនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ​ វាត្រូវផ្អែកលើតារាងវាយតម្លៃអចលនទ្រព្យ ដែលកំណត់ដោយសាលាក្រុងភ្នំពេញ។ ការវាយតម្លៃនេះគឺផ្អែកលើកត្តាសំខាន់ៗដូចជា៖ ទំហំ [គិតជាម៉ែត្រការ៉េ] ទីតាំងដី ការប្រើប្រាស់ សក្តានុពល និងអថេរផ្សេងទៀត។

បើនិយាយឱ្យសាមញ្ញទៅពន្ធផ្ទេរអលនទ្រព្យមិនផ្អែកលើតម្លៃដីជាក់ស្តែងដែលបានលក់ដែលជាទូទៅទេ ផ្ទុយទៅវិញវាផ្អែកលើតម្លៃដែលបានវាយតម្លៃដោយការិយាល័យរាជធានីភ្នំពេញ ដែលអាចមានអត្រាពន្ធខ្ពស់ជាងពន្ធនៅតាមបណ្តាខេត្តផ្សេងៗ។

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដារ

រយៈពេលត្រូវចំណាយក្នុងជំហានទី៥៖ ដំណើរការនេះគួរចំណាយពេលប្រហែល ១ ថ្ងៃ

ជំហានទី៦៖ ត្រឡប់ទៅការិយាល័យសុរិយោដី ដើម្បីបញ្ចប់ដំណើរការចុះឈ្មោះ

បន្ទាប់ពីបានបង់ពន្ធដែលពាក់ព័ន្ធទាំងអស់រួចរាល់ ភាគីអាចវិលត្រឡប់ទៅការិយាល័យ សុរិយោដីស្រុកនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីចុះហត្ថលេខា ឬផ្តិតមេដៃលើទម្រង់បែបបទរបស់ក្រសួង សម្រាប់ទិញ-លក់អចលនទ្រព្យដូចដែលបានបំពេញ ដោយមន្រ្តីរបស់ក្រសួង។

ការចុះហត្ថលេខា និងផ្តិតមេដៃត្រូវតែមានសាក្សី ដែលអាចជាអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ជាដើម។ នីតិវិធីទាំងនេះផ្អែកលើច្បាប់ភូមិតាមមាត្រា៦៥ ​ ២៤៤ និងមាត្រា២៤៥។ ច្បាប់ភូមិបាលមាត្រា ៦៩ រារាំងការផ្ទេរអចលនទ្រព្យ លើកលែងតែពន្ធចាំបាច់ទាំងអស់ ត្រូវបានបង់រួចរាល់។ ឯកសារដែលត្រូវភ្ជាប់មកជាមួយរួមមាន៖ បង្កាន់ដៃបង់ពន្ធផ្ទេរ ដែលទទួលបានក្នុងជំហានទី ៥។

ជំហានទី៧៖ ទទួលប្លង់កម្មសិទ្ធិពីការិយាល័យដីថ្នាក់ក្រុង

ការិយាល័យដីធ្លីស្រុក/ខណ្ឌ បញ្ជូនរាល់ឯកសារផ្ទេរសិទ្ធិទៅការិយាល័យដីថ្នាក់ក្រុង ដើម្បីចេញវិញ្ញាបនប័ត្រប័ណ្ណកម្មសិទ្ធិចុងក្រោយ ដែលជាកម្មសិទ្ធរបស់ឈ្មោះម្ចាស់ថ្មី។ ប្លង់កម្មសិទ្ធិបានចុះបញ្ជីរួចរាល់ ហើយដំណើរការទាំងមូលបានបញ្ចប់ជាស្ថាពរ ហើយម្ចាស់ដីអាចមកទទួលយកប្លង់កម្មសិទ្ធិ។ 

ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ការិយាល័យដីថ្នាក់ក្រុង

រយៈពេលត្រូវចំណាយក្នុងជំហានទី៧៖ ដំណើរការនេះគួរចំណាយពេលប្រហែល ១ ទៅ ២ សប្តាហ៍ សូមចំណាំថា សម្រាប់ការអនុវត្តជាក់ស្តែងនៅនីតិវិធីចុងក្រោយ វាអាចចំណាយពេលច្រើនសប្តាហ៍អាស្រ័យលើការធ្វើការងាររបស់មន្រ្តីដីធ្លី៕ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

គី កុសល

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: