អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គគ្រោងសាងសង់លើផ្ទៃដីទំហំ ៧០០​ ហិចតា

May 7, 2019, 1:29 p.m.

សៀមរាបជាខេត្ដ ដែលទទួលសក្កានុពលទេសចរណ៍ទាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។ ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរក្នុងខេត្តសៀមរាបតាមរយៈអាកាសចរណ៍រាប់លាននាក់។

យោងតាមទិន្នន័យរបស់ គ្រឹះស្ថាអង្គរ ភ្ញៀវទេសចរណ៍ដែលបានទិញសំបុត្រមើលប្រាសាទនៅសៀមរាបមានចំនួនជាង ១​ លាននាក់ក្នុងរយៈ​ពេលជិត ៥ ខែ នៃឆ្នាំ២០១៩ នេះ។

ឆ្លើយតបនឹងកំណើនដ៏ច្រើននេះ និងដើម្បីស្រួលដល់ការហោះហើរ រដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសងព្រលានយន្តហោះខ្នាតធំៗ នៅក្នុងខេត្តសៀមរាប។  តួយ៉ាងកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលបានបើកកិច្ចប្រជុំជុំវិញគម្រោង សាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​ដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​សៀមរាប និងវត្តមាន​ចូលរួម​របស់​ឯកឧត្តម តឹក​រ៉េត សំរេច ប្រធាន​គណៈកម្មការ តម្រង់​ទិស​ ការសាងសង់ និងជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​រដ្ឋលេខាធិការ​ទីស្តីការ គណៈរដ្ឋមន្ត្រី និង ភាគី​ក្រុមហ៊ុន​វិនិយោគ​គម្រោង​សាងសង់​ចិន ដឹកនាំ​ដោយ​លោក Lu Yanwen ។

គម្រោងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ គម្រោងនឹងសាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២៤។

ទីតាំងនៃគម្រោងព្រលានយន្តហោះនេះស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹង​សាងសង់​តាម ​ស្តង់ដារ​ អាកាសយានដ្ឋានអន្តរជាតិ ដែល​អាច​ប្រតិបត្តិបានជាមួយយន្តហោះ​ខ្នាត​ធំ​។​

ក្នុង​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ គេគ្រោងនឹងចំណាយ​ទុន​វិនិយោគ​សរុប​ប្រមាណ ៨៨០ ​លាន​ដុល្លារ ជាមួយនឹង​ការសាងសង់​ផ្លូវ​​រត់ល្បឿន​លឿនទំហំ ៣​,៦០០​ ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​មួយ​ផ្លូវ និង ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះធ្វើការ​ហោះហើរ និងចុះ​ចត និងចំណត​យន្តហោះ ព្រមទាំង​មាន ​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ រួមនឹងបរិក្ខា​រជំនួយ ស្ថានីយ​ សម្រាប់អ្នកដំណើរ​ ដែល​មាន​ទំហំ ៥០​ ពាន់​ម៉ែត្រ​ក្រឡា។

ម្យ៉ាងទៀត បើ​តាម​កំណើន​នៃ​ចរាច​រណ៍​ផ្លូវអាកាស​នាពេល​អនាគត លោក Lu Yanwen បានបញ្ជាក់ថាគម្រោងនឹង​ធ្វើការ​ពង្រីក​ទៅ​ជាអាកាសយានដ្ឋាន​ប្រភេទ​ធំ ​(4F) ហើយ​គម្រោង​នេះ ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មាន​ការវិនិយោគ​ដោយ យុន​ទូ គ្រុប វិនិយោគទុន​បរទេស​យូ​ណាន និង ព្រលានយន្តហោះ យូ​ណាន​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ ក្នុង​ទឹកប្រាក់ ២២០​ លាន​ដុល្លារ ដើម្បី​បង្កើតក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អ៊ិន​វេស​មេន (​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី ហៅ​កាត់​ក្រុមហ៊ុន​អង្គរ ដែល​ទទួលខុសត្រូវ  ចំពោះ​ការវិនិយោគ​លើ​គម្រោង​សាងសង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។

លោក Lu បានរំពឹងថា ព្រលានថ្មីនេះអាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​ លាន​ទៅ​ ១០​ លាន​នាក់ក្នុងមួយឆ្នាំ​។​

គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ ដែលមាននៅក្នុង រាជធានីភ្នំពេញ ខេត្ដសៀមរាប និង ក្រុងព្រះសីហនុ៕

ចង់ស្វែងរកអចលនទ្រព្យនៅសៀមរាប​ សូមចូលទៅកាន់​ Realestate.com.kh!

 

For the best mobile experience please use our app to: