+855 92 92 1000
Logo
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅទីក្រុងបាងកកតាមរថភ្លើងបានហើយ
Updated on: May 9, 2022, 6:01 a.m.
Published on: June 26, 2019, 4:17 a.m.

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅទីក្រុងបាងកកតាមរថភ្លើងបានហើយ


កាលពីប៉ុន្មា​នខែមុននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងលោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ​ បានធ្វើការសម្ភោធស្ពានមិត្តភាពកម្ពុជា-ថៃ ( ស្ទឹងបត់-បានណងអៀង) និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ដែលប្រព្រឹត្តឡើងនៅឯព្រំប្រទល់កម្ពុជា-ថៃ។​ 

ចំពោះស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក​ វាមានលក្ខណៈពិសេសត្រង់ថាអ្នកដំណើរអាចធ្វើដំណើរពីកម្ពុជាឆ្លងទៅកាន់ប្រទេសថៃផ្ទាល់តែម្តង។​ លើសពីនេះទៅទៀត ខ្សែរថភ្លើងនេះក៏មានរត់ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងសហគមន៍អាស៊ានផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគផ្លូវដែករបស់រដ្ឋាភិបាលប្រទេសថៃបានបង្ហើបពីថ្ងៃចាប់ផ្តើមដំណើរការជាផ្លូវការនៃស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ពោលគឺស្ថានីយនេះនឹងចាប់បម្រើសេវារថភ្លើងជាប្រចាំចាប់ពីថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ។

តាមការបញ្ជាក់ពីលោក​ Worawut​ Mala​ អ្នកគ្រប់គ្រង​ស្តីទី​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ បាននិយាយទៅកាន់​កាសែត​បាង​កកប៉ុស្តិ៍របស់ប្រទេសថៃថា​ ស្ថានីយនេះនឹង​មានការ​ដាក់ឲ្យ​ដំណើរ​រថភ្លើង​ចំនួន​ ៤ ដង​ក្នុង​មួយថ្ងៃ​។

ចំពោះកាលវិភាគនៃការធ្វើដំណើរវិញ មានម៉ោងដូចខាងក្រោម៖

១. រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៥​ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពីទី​ក្រុង​បាងកក​ទៅ​តំបន់​ Aranyaprathet​ និង Klong​ Luk​ នៅ​ម៉ោង​ ៥ និង​ ៥៥​នាទី​ ហើយ​មកដល់​ស្ថានីយ​នៅ​ម៉ោង​ ១១​ ព្រឹក​។

២. រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៩​ នឹង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​លើ​ផ្លូវ​តែមួយ​ដោយ​ចាកចេញ​ពីទី​ក្រុង​បាងកក​នៅ​ម៉ោង​ ១ និង​ ៥ នាទី​ទៅដល់​ព្រំដែន​នៅ​ម៉ោង​ ៥ និង​ ២៧​ ល្ងាច​។

៣. សម្រាប់ជើងរថភ្លើង​ត្រឡប់មកវិញ​ រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៨០​ នឹង​ចាកចេញ​ពី​ស្ថានីយ៍​ក្លុង​លឹ​ក (ផ្សារ​រុង​ក្លឺ​) នៅ​ម៉ោង​ ៦ និង៥៨​ នាទី​ព្រឹក​ ហើយ​មកដល់​ក្រុង​បាងកក​នា​ម៉ោង​ ១២​ និង៥​ នាទី​យប់​។

៤. ​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៦​ នឹង​ចាកចេញ​ពី​ស្ថានីយ​ព្រំដែន​នៅ​ម៉ោង​ ១ និង៥៣​ រសៀល​មកដល់​បាងកក​នៅ​ម៉ោង​ ៧ និង៤០​ យប់​។

ចំពោះតម្លៃនៃការធ្វើដំណើរវិញ តាមប្រភពដដែលបានឱ្យដឹងថា​ ថ្លៃ​សំបុត្ររថភ្លើង​រវាង​ទីក្រុង​បាងកក​ និង​ស្ថានីយក្លុង​លឹ​ក នឹង​មានតម្លៃ​ ៤៩​ បាត​ (ប្រហែលជា​ ៦,០០០​ រៀល​) ក្នុង​ការ​ធ្វើដំណើរ​មួយជើង​។

គួរបញ្ជាក់ផងដែរថា​ សេវាកម្មផ្លូវដែកឆ្លងប្រទេស​ថ្មីនេះ​នឹងអាច​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់អ្នកដំណើរក៏ដូចជា​ភ្ញៀវ​ទេសចរ​កម្ពុជា ថៃ​ និង​បរទេស​ដែល​ចង់​ឆ្លងកាត់​ព្រំដែន​ប្រទេសទាំង២។ ដោយការធ្វើដំណើរនេះទៀតសោត ក៏ផ្តល់បទពិសោធន៍យ៉ាងល្អ និងអាចនាំចំណូលមកកាន់ប្រទេសទាំង២បានមួយចំនែកផងដែរ៕​

 ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញអចលនទ្រព្យសម្រាប់លក់នៅសៀមរាបនៅថ្ងៃនេះ។ លោកអ្នកអាចទាញយកសៀវភៅណែនាំអំពីការវិនិយោគនៅកម្ពុជាបាននៅពេលនេះ! 

Comments