+855 92 92 1000
Logo
ស្ងាត់ៗ ! វិមានឯករាជ្យបាត់ដំបងសាងសង់ជិតរួចហើយ
Updated on: April 25, 2023, 10:07 a.m.
Published on: April 25, 2023, 7:09 a.m.

ស្ងាត់ៗ ! វិមានឯករាជ្យបាត់ដំបងសាងសង់ជិតរួចហើយ


រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ​ដើម្បីឱ្យភ្ញៀវទេសចរ​ដើរ​កំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងា​រច្រើននៅក្នុងសួ​ន​ច្បា​រ​នោះ​ផងដែរ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះសាងសង់សម្រេចបាន៨៥%ហើយ ។ នេះបើយោងតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ។

តាមប្រភពរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀប​ចំ​លើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង ។

ប្រភពបានបន្តថា តាមរយៈក្រុមការងារសាងសង់វិមានឯករាជ្យបានលើកឡើងថា វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥%ហើយ ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត ។

គួររម្លឹកផងដែរថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេច​ក្រឡាហោម​វិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខ​ដ៏ខ្លី​នេះ​ផង​ដែរ​ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោម​វិមានឯករាជ្យ ៕

Comments