+855 92 92 1000
Logo
ចាំអស់២ឆ្នាំ ! ទីបំផុតគម្រោងដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាចាំតែថ្ងៃ១នេះប៉ុណ្ណោះ
Updated on: April 20, 2023, 4:04 a.m.
Published on: April 19, 2023, 7:59 a.m.

ចាំអស់២ឆ្នាំ ! ទីបំផុតគម្រោងដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាចាំតែថ្ងៃ១នេះប៉ុណ្ណោះ


រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ។

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ ។

អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និង តាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ ៕

Comments