+855 92 92 1000
Logo
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ
Updated on: May 3, 2023, 7:41 a.m.
Published on: May 2, 2023, 9:18 a.m.

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ


ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ ព្រោះ​ផ្លូវល្បឿ​ន​លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ដែលទទួលការសាងសង់ដោយក្រុមហ៊ុនអាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណជាង ១៦០០ លានដុល្លារ ហើយក៏ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនក្រុងព្រះសីហនុ ផ្លូវនេះគឺជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល១៣៥ គ.ម ។ ផ្លូវនេះត្រូវសាងសង់ជា០៤គន្លង តួផ្លូវមានទទឹង២៥,៥ ម៉ែត្រ ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ ៕

Comments