+855 92 92 1000
Logo
ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ
Updated on: May 3, 2023, 8:16 a.m.
Published on: May 3, 2023, 7:33 a.m.

ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ


កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាមាត់ច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ និងជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដោយកំពង់ផែនេះអាចឱ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅកាន់អាមេរិក និងអឺរ៉ុបមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសជិតខាងដូចជាសិង្ហបុរី ឬវៀតណាមទៀតនោះទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ២ដង ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ថាយ៉ាងហោចណាស់កម្ពុជាអាចចំណេញ២០០ដុល្លារក្នុងមួយទូកុងតឺន័រ ក្រោយពេលកំពង់ផែទឹកជ្រៅជំហានទី១បញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ។

ចំណតផែកុងតឺន័រថ្មីនេះគឺជាការអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយចំណតផែកុងតឺន័រថ្មីនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ត្រូវសាងសង់ជា៣ដំណាក់កាលដែលរួមមាន៖

១. ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ) ។

២. ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។

៣. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។

៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ប្រមាណ៧លានតោនកើនឡើងជិត៦% និងចំណូលសរុបមានប្រមាណ៩០លានដុល្លារកើនឡើង១៧%បើធៀបនឹងការអនុវត្តឆ្នាំ២០២០ ៕

Comments