+855 92 92 1000
Logo
អ្នកជំនាញនិយាយបែបនេះក្រោយសម្តេច ហ៊ុន សែន ប្រតិកម្មឱ្យបញ្ឈប់ការរឹបអូសផ្ទះ
Updated on: June 13, 2023, 8:58 a.m.
Published on: June 13, 2023, 8:58 a.m.

អ្នកជំនាញនិយាយបែបនេះក្រោយសម្តេច ហ៊ុន សែន ប្រតិកម្មឱ្យបញ្ឈប់ការរឹបអូសផ្ទះ


សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា ។

តាមប្រភពលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលជាអ្នកជំនាញ​ក្នុងវិស័យអចល​នទ្រព្យបានប្រាប់ថា ត្រូវរកចំណុច​កណ្តាលរួមមួយរវាងឬសគល់នៃបញ្ហានេះព្រោះថាម្ចាស់បុរីក៏រងសម្ពាធពីធនាគារដែរ ។ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ រីឯធនាគារក៏គួរសម្របសម្រួល​ទៅម្ចាស់បុរីដែរនៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា ។

ដោយឡែកបើតាមលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតបានគាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់​បុរីរឹបអូសផ្ទះពលរដ្ឋជាអតិថិជនដែលបង់ប្រាក់រំលស់មិនទាន់ពេល ។ ប៉ុន្តែលោកឧកញ៉ាគូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯងក៏គួរតែមានទំនួលខុសត្រូវផងដែរព្រោះថា បើសិនជាមិនបង់សោះក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយដែលអាចធ្វើទៅបាន។  

លោកឧកញ៉ា គឹម ហ៊ាង បន្តថាស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់​បុរីខ្ចីលុយធនាគារដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះប្រសិនបើ​ចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារក៏មាន​បញ្ហាដូចគ្នា ។

គួរម្លឹកផងដែរថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញដែលអស់លទ្ធភាព​បង់បន្តកើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះមានការផ្ទុះខ្លាំងរហូតដំណឹងនេះ​ជ្រាបដល់សម្តេចតេជោ ហ៊ុន សែន ។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបាន ប៉ុន្តែអ្នកទិញត្រូវតែមានទំនួលខុសត្រូវផងដែរ ៕

តើលោកអ្នកកំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? សូមចុចប៊ូតុងខាងក្រោមពួកយើងនឹងជួយលោកអ្នក !

Comments