+855 92 92 1000
Logo
រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
Updated on: May 11, 2023, 7:59 a.m.
Published on: May 11, 2023, 7:59 a.m.

រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត


រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ ។

ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេក​ទេស​ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ ៕

Comments