+855 92 92 1000
Logo
រដ្ឋបាលខេត្តព្រះសីហនុដាក់ឱសានវាទ៧ថ្ងៃត្រូវរុះរើសំណង់ដែលស្ថិតនៅទីតាំងទាំងនេះចេញ
Updated on: April 25, 2023, 10:08 a.m.
Published on: April 25, 2023, 10:01 a.m.

រដ្ឋបាលខេត្តព្រះសីហនុដាក់ឱសានវាទ៧ថ្ងៃត្រូវរុះរើសំណង់ដែលស្ថិតនៅទីតាំងទាំងនេះចេញ


តាមរយៈសេចក្តីជូនដំណឹងស្តីពីការស្ថាបនាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ២០២៣ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៍មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តម្រូវឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់ដែលរំលោភលើដីចំណីផ្លូវរបស់រដ្ឋត្រូវធ្វើការរុះរើចេញក្នុងរយៈ៧ថ្ងៃ ។

រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៌មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងចាប់ផ្តើមជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀងនៅទីតាំងផ្លូវខាងលើ ស្របទៅតាមប្លង់គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៣ ។

តាមរយៈសេចក្តីជូនដំណឹងដដែលបានឱ្យដឹងផងដែរថា ដោយពិនិត្យឃើញថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវខាងលើបានសាងសង់ផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលបានកំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនាពេលកន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយខ្សែផ្លូវខាងលើ និងបានរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យ៉ាងយូរក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពី ដែលថ្ងៃក្រុមការងារចុះសិក្សាផលប៉ះពាល់និងវាស់វែងបាញ់ថ្នាំរួចរាល់ ។

ជាមួយគ្នានេះ សូមលោកអភិបាលក្រុងព្រះ សីហនុ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធខាងលើជួយសហការចូលរួមរៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ិនធើណេត និងខ្សែកាម្លិះអុបទិកក្រោមដី ដោយជូនដំណឹងដល់ដៃគូរអភិវឌ្ឍន៍របស់ខ្លួនបានជ្រាប និងចូលរួមសហការ ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងកំណត់ផលប៉ះពាល់ជាមួយនឹងគម្រោងខាងលើ។

រដ្ឋបាលខេត្តព្រះសីហនុតាមរយៈសេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា ករណីផុតថ្ងៃឱសានវាទខាងលើ អាជ្ញាធរក្រុងព្រះសីហនុ ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ រៀបចំឈូសឆាយរាល់សំណង់ ដែលសង់លើចំណីផ្លូវ ស្របតាមប្លង់គោលដែលបានកំណត់ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ដើម្បីធានាឱ្យការងារប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕

Comments