+855 92 92 1000
Logo
ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ
Updated on: April 11, 2023, 10:00 a.m.
Published on: April 10, 2023, 9:56 a.m.

ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ


ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

អគារជាប់គាំងនៅខេត្តព្រះសីហនុត្រូវបានអ្នកវិនិយោគ ជាពិសេសវិនិយោគិនចិនបានបោះបង់ចោលទាំងពាក់​កណ្ដាល​​ទីនៅក្រោយពេលរាជរដ្ឋាភិបាលមានការបិទអាជីវកម្មល្បែងអនឡាញ ហើយក្រោយមកក៏មានជួបបញ្ហាជាបន្ដបន្ទាប់ដូចជាការផ្ទុះរាលដាលកូវីដ១៩ជាដើម ប៉ុន្តែនៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដង្ហើមរស់ថ្មីសម្រាប់អគារដែលជាប់គាំងទាំងនោះហើយ ។

បើយោងតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី​​ មធ្យម និងវែងសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ។

ទន្ទឹមនឹងនោះរដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា ៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ គាំទ្រ ពិនិត្យលទ្ធភាពថវិកា និងជំរុញយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។ ចំពោះវិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងវិញ រដ្ឋបានផ្តល់ការលើកទឹកចិត្តសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនតាមប្រភេទក្រុមគម្រោងដែលបានបែងចែកជា០៤ក្រុម ដូចខាងក្រោម៖

  • ក្រុមគម្រោង១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ តម្រោងហាងទំនិញរួចពន្ធ, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាល
  • ក្រុមគម្រោង២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន
  • ក្រុមគម្រោង៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្រុមគម្រោង៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ ឬ បរធនបាលកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។

លក្ខខណ្ឌនៃការលើទឹកចិត្តចំពោះគម្រោងទាំង៤ប្រភេទត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារះបរិក្ខារផលិតកម្ម ដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និងការវាយតម្លៃលើតម្រូវការជាក់ស្តែង
  • ត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ឆ្នាំ
  • ទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ ឬ កែលម្អ ៕

Comments