+85561 777 090
Logo
ធ្វើតាមប៉ុន្មានចំណុចនេះអាចជួយឱ្យអ្នកទិញផ្ទះក្នុងក្តីស្រម៉ៃបាន
Updated on: June 7, 2022, 12:34 a.m.
Published on: July 19, 2021, 7:39 a.m.

ធ្វើតាមប៉ុន្មានចំណុចនេះអាចជួយឱ្យអ្នកទិញផ្ទះក្នុងក្តីស្រម៉ៃបាន


អចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញកំពុងមានការរីកដុះដាលយ៉ាងខ្លាំង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតអ្នកនឹងមានជម្រើសកាន់តែច្រើនជាមួយគម្រោងខុនដូ ឬផ្ទះបុរីថ្មីៗជាច្រើន ។ ប្រសិនបើអ្នកមានកង្វល់ក្នុងចិត្តថា ៖ ផ្ទះ១ខ្នងៗថ្លៃណាស់ ! ខ្ញុំនៅក្មេងហើយកំពុងធ្វើការឱ្យគេ តើខ្ញុំទិញផ្ទះបានដោយរបៀបណា? ។

ការដែលមានគម្រោងចង់ទិញផ្ទះសម្រាប់រស់នៅ ឬប្រកបរបររកស៊ីនានា និងមានការព្រួយបារម្ភពីលទ្ធភាពក្នុងការទិញផ្ទះគឺជារឿងត្រឹមត្រូវ ប៉ុន្តែវាមិនមែនមានន័យថា វាមិនអាចទៅរួចនោះទេ ខណៈដែលអ្នកកំពុងធ្វើការឱ្យគេហើយមានគម្រោងចង់ទិញផ្ទះនោះ ។

ប្រសិនបើអ្នកមានគោលដៅចង់បានផ្ទះក្នុងក្តីស្រម៉ៃរបស់ខ្លួនវាដល់ពេលហើយដែលអ្នកត្រូវដាក់ចិត្តរៀនសន្សំដូចពាក្យចាស់ពោលថា «លំបាកមុន ស្រណុកក្រោយ» ដោយអ្នកចំណាយពេលលំបាកចន្លោះ៥ទៅ១០ឆ្នាំអ្នកនឹងអាចចាកចេញពីជីវិតរស់នៅផ្ទះជួលមករស់នៅផ្ទះក្នុងក្តីស្រម៉ៃយ៉ាងមានក្តីសុខបាន ។ ថ្ងៃនេះ realestate.com.kh នឹងចែករំលែកគន្លឹះសំខាន់ៗមួយចំនួនដែលអាចជួយឱ្យអ្នកអាចទិញផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នកបាន ៖

ទី១- កាត់បន្ថយការដើរលេងក្នុង និងក្រៅស្រុក

ប្រសិនបើអ្នកធ្វើដំណើរកម្សាន្ដក្រៅប្រទេស២ឬ៣ដងក្នុងមួយឆ្នាំ អ្នកគួរកាត់បន្ថយទៅ១ ឬ២ដងក្នុងមួយឆ្នាំវិញ ។ សំបុត្រយន្ដហោះមានតម្លៃទាបបំផុតប្រមាណ២០០ដុល្លារ ក្នុងការធ្វើដំណើរទៅមក ។ ម្យ៉ាងវិញទៀត អ្នកមិនត្រឹមតែចំណាយលើសំបុត្រយន្ដហោះតែមួយមុខនោះទេ ការចំណាយលើកន្លែងស្នាក់នៅ អាហារ វត្ថុអនុស្សាវរីយ និងសកម្មភាពផ្សេងៗ ។ ការចំណាយទៅលើការស្នាក់នៅ និងអាហារអាចមានចន្លោះពី៣០០ ទៅ១០០០ដុល្លារ ចំពោះដំណើរកម្សាន្ដម្ដងៗ ។ ប្រសិនបើអ្នកកាត់បន្ថយការធ្វើដំណើរកម្សាន្ដនេះបាន នោះអ្នកនឹងអាចសន្សំប្រាក់សម្រាប់ការទិញលំនៅដ្ឋានបាន ។

ទី២- រៀននិយាយថា «ទេ» ចំពោះការទិញទំនិញតាមអនឡាញ

បច្ចុប្បន្នការលក់អនឡាញកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងមិនថាតែ ឡេលាបខ្លួន, សំលៀកបំពាក់ថ្មីៗ, ដេញស៊េរីទូរស័ព្ទ ។ល។ ធ្វើឱ្យមនុស្សមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការប្រូម៉ូសិនថែមនេះថែមនោះជាច្រើនបណ្តាលឱ្យគ្រប់គ្នា ទម្លាក់លេខ ទម្លាក់ទីតាំង ឥតឈប់ធ្វើឱ្យលោកអ្នកចាយលុយដោយមិនដឹងខ្លួន ។

ទី៣-បន្ថយការចំណាយលើរបស់ថ្លៃៗ

ប្រសិនបើអ្នកចំណាយលើការបរិភោគអាហារ១០ដុល្លារ ឬច្រើនជាងនេះក្នុងការទទួលទានមួយពេល នោះអ្នកនឹងចំណាយប្រមាណ២០ ទៅ ៣០ដុល្លារក្នុងមួយថ្ងៃ ។ អ្នកគួរតែជ្រើសរើសអាហារដែលមិនសូវថ្លៃ ប៉ុន្តែនៅតែរក្សាបានរសជាតិឆ្ងាញ់ ពីព្រោះនៅក្នុងរាជធានីភ្នំពេញក៏សម្បូរដោយហាងអាហារឆ្ងាញ់​ និងមានតម្លៃសមរម្យចន្លោះពី ៣ ទៅ៥ដុល្លារផងដែរ។ ការបរិភោគនៅផ្ទះក៏ជួយសម្រួលដល់ការចំណាយរបស់អ្នកដែរ។ ប្រសិនបើអ្នកមិន ចេះធ្វើម្ហូប អ្នកគួរតែតែរៀនធ្វើម្ហូប ព្រោះវាអាចជួយអ្នកឲ្យសន្សំប្រាក់បានច្រើន។

មិនតែប៉ុណ្ណោះ ការចំណាយទៅលើកាហ្វេថ្លៃៗប្រចាំថ្ងៃរបស់អ្នកអាចប៉ះពាល់ទៅដល់ការសន្សំប្រាក់ ប្រសិនបើអ្នកចំណាយទៅលើវាជារៀងរាល់ថ្ងៃ ។ កាហ្វេប្រែនមានតម្លៃជាមធ្យមប្រមាណពី២.៥ ទៅដល់ ៤.៥ដុល្លារ មានន័យថាជាមធ្យមអ្នកអាចចំណាយរហូតទៅដល់ ១០០ដុល្លារក្នុងមួយខែ ។ ប្រសិនបើអ្នកអាច កាត់បន្ថយការចំណាយនេះបាន អ្នកអាចសន្សំប្រាក់ ១២០០​ដុល្លារក្នុងមួយឆ្នាំ ។

ទី៤- ដាក់ចិត្តដាក់កាយសន្សំប្រាក់​សម្រាប់ទិញផ្ទះ

នៅក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឳកាសច្រើនដើម្បីរកប្រាក់ ដែលមិនមានកម្រិតដូចគ្នា​ ពេលឈានដល់វ័យ៣០ ឬ៤០ឆ្នាំ។ ការដាក់ប្រាក់សន្សំសម្រាប់ផ្ទះ ជាពិសេសក្នុងវ័យ២០ឆ្នាំនឹងផ្ដល់នូវប្រយោជន៍មួយនៅពេលដែលអ្នកដឹងពីតម្លៃនៃការកាន់កាប់ផ្ទះ។

ប្រាក់សន្សំមិនចាំបាច់ទាល់តែមានច្រើននោះទេ តែអ្នកគួរកាត់បន្ថយការចំណាយប្រចាំថ្ងៃ ឬការចំណាយផ្សេងៗ និងត្រូវប្រាកដថា អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រាក់កក់ផ្ទះជាលើកដំបូង ។ នេះមិនមានន័យថា អ្នកគួរបញ្ឈប់ការចំណាយលើរបស់ទាំងនោះទាំងស្រុងទេ ប៉ុន្ដែអ្នកគួរតែពិចារណាក្នុងការកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគតរបស់អ្នក ។

ទី៥- រៀបផែនការចំណាយ ប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ

ការធ្វើបញ្ជីចំណាយប្រចាំខែរបស់អ្នក មិនមែនជារឿងអាក្រក់ឡើយ ។ វាជារឿងមួយដែលល្អព្រោះវា នឹងធ្វើឱ្យអ្នកដឹងច្បាស់ពីការចំណាយរបស់អ្នក ។ នេះគឺជាសំណួរមួយចំនួនដែលអ្នកគួរ សួរខ្លួនឯងដើម្បីតាមដានការចំណាយរបស់អ្នក ៖ តើខ្ញុំចំណាយទៅលើអ្វីខ្លះ? តើខ្ញុំត្រូវចំណាយប៉ុន្មាន? តើខ្ញុំចំណាយលើសកម្មភាពនេះញឹកញាប់កម្រិតណា? ឆ្លើយនឹងសំណួរទាំងនេះ អ្នកនឹងដឹងកាន់តែច្បាស់នូវទម្លាប់ចំណាយប្រចាំខែរបស់អ្នក ជាពិសេសក្នុងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នក ។ ការកាត់បន្ថយការចំណាយប្រចាំថ្ងៃជាលើកដំបូង វាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែការព្យាយាមរបស់អ្នកនឹងធ្វើឱ្យអ្នករីករាយនៅពេលដែលអ្នកទទួលបានផ្ទះជារបស់ខ្លួន ៕

Comments