+855 92 92 1000
Logo
ប្រយ័ត្នឱ្យមែនទែន ! មើលរោគសញ្ញា៤នេះសិនមុននឹងសម្រេចចិត្តទិញ ឬបង់រម្លស់ផ្ទះ
Updated on: November 20, 2023, 7:58 a.m.
Published on: November 20, 2023, 7:58 a.m.

ប្រយ័ត្នឱ្យមែនទែន ! មើលរោគសញ្ញា៤នេះសិនមុននឹងសម្រេចចិត្តទិញ ឬបង់រម្លស់ផ្ទះ


ការជ្រើសរើសលំនៅឋានសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ឬវិនិយោគមិនមែនជារឿងងាយស្រួលនោះទេដោយលោកអ្នកអាចនឹងជួបហានិភ័យណាមួយពេលសម្រេចចិត្តយកលុយដែលរកបានដោយលំបាកទៅទិញផ្ទះដោយមិនបានរៀបចំគម្រោងការច្បាស់លាស់ ដែលវាអាចឱ្យលោកអ្នកជួបបញ្ហាហិរញ្ញវត្ថុជាដើម ។ ប៉ុន្តែការទិញផ្ទះមិនមែនសុទ្ធតែពិបាកទាំងអស់នោះទេ វាអាស្រ័យថា តើលោកអ្នកបានរៀបចំគម្រោងក្នុងការរទិញផ្ទះរបស់ខ្លួនបានរួចរាល់ហើយឬនៅ? ថ្ងៃនេះ Realestate.com.kh នឹងលើកយកចំណុចមួយចំនួនដែលលោកអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះ ៖

១. ត្រៀមខ្លួនហើយឬនៅ?

ការទិញផ្ទះគឺដូចជាការសម្រេចចិត្តរៀបការ វាត្រូវការការប្តេជ្ញាចិត្ត ផែនការ និងការសម្រេចចិត្តត្រឹមត្រូវ ។ នៅពេលអ្នកសម្រេចចិត្តទិញផ្ទះ ជាពិសេសទិញផ្ទះបង់រម្លស់ តើអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការបាត់បង់សេរីភាព ឬក្តីសុបិនខ្លះរបស់អ្នកដូចជាទៅវិស្សមកាលថ្លៃៗ ទិញរបស់ថ្លៃៗ ផ្លាស់ប្តូរការងារនៅពេលណាដែលអ្នកចង់បាន ឬប្តូរអាជីពរបស់អ្នកទៅ កន្លែងសុបិន្តរបស់អ្នក? ជាងនេះទៅទៀត តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីប្រឈមមុខនឹងការចំណាយផ្សេងៗដូចបានរៀបរាប់ខាងលើ? បើមិនដូច្នេះទេ អ្នកអាចដើរថយក្រោយ ហើយពិចារណាឡើងវិញ ។

២. ផែនការ

ចំណុចនេះគឺជារឿងសំខាន់ ប៉ុន្តែមនុស្សភាគច្រើនតែងមើលរំលង មែនទែនទៅការទិញផ្ទះបង់រម្លស់មិនលោកអ្នកគ្រាប់តែបង់ប្រចាំខែគឺរួចខ្លួននោះទេ ព្រោះថានៅពេលដែលលោកអ្នកទិញផ្ទះទៅគឺត្រូវការចំណាយជាបន្តបន្ទាប់ជាច្រើនទៀត ទាក់ទងនឹងការជួសជុលផ្ទះ ហើយចំណាយលើទឹកភ្លើងជាដើម។ ទាំងនេះអស់លោកអ្នកគិតថាវាគ្រាន់តែជាចំណុចតូចៗតែប៉ុណ្ណោះ តែនៅពេលចំណាយជាក់ស្ដែងគឺវាច្រើនខ្លាំង ។ ចំពោះផែនការអនាគតវិញ លោកអ្នកត្រូវដឹងថាលោកអ្នកមិនមែនមានបន្ទុកតែរឿងបង់រម្លស់ផ្ទះមួយមុខនោះទេ លោកអ្នកត្រូវតែមានកញ្ចប់មួយសម្រាប់សន្សំទុកនៅពេលមានហានិភ័យផ្សេងៗដែលលោកអ្នកមើលមិនឃើញ។

៣. បំណុល

នៅពេលលោកអ្នកសម្រេចចិត្តបង់រម្លស់ផ្ទះមានន័យថា អ្នកត្រូវតែចំណាយជាប្រចាំ ហើយទាក់ទងនឹងបញ្ហានេះ លោកអ្នកត្រូវតែច្បាស់ខ្លួនឯង ថាតើលោកអ្នកមានបំណុលជាប់ខ្លួនដែលឬអត់ហើយបំណុលនោះច្រើនឬក៏តិច ប្រសិនបើបំណុលច្រើនលោកអ្នកត្រូវគិតឱ្យច្បាស់ម្ដងហើយម្ដងទៀតមុននឹងសម្រេចចិត្តបង់រម្លស់។ មែនទែនទៅការជំពាក់បំណុលមិនសុទ្ធតែអាក្រក់នទេ ក៏ប៉ុន្តែលោកអ្នកត្រូវតែច្បាស់ខ្លួនឯងថាលោកអ្នកបែងចែកថរិការបៀបម៉េចប្រសិនបើលោកអ្នកជំពាក់គេផងហើយឆ្លៀតទៅបង់រម្លស់ផ្ទះមួយតង់ទៀត វាអាចជារឿងលំបាក ។

៤. ការគ្រប់គ្រងហិរញ្ញវត្ថុ

ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ដែលរួមមានបំណុល ថ្លៃផ្ទះ វិក័យប័ត្រ ការចំណាយប្រចាំថ្ងៃ ចំណាយប្រចាំខែ សន្សំប្រាក់ និងការវិនិយោគប្រាក់។ ហើយប្រសិនបើអ្នកមិនអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកបានទាំងអស់នោះ ការទិញផ្ទះឬបង់រំសល់នៅពេលនេះមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកនោះទេ ៕

 

Comments