+855 92 92 1000
Logo
មុននឹងសម្រេចចិត្តថាគួរបង់រំលស់ជាមួយធនាគាររឺអត់ ត្រូវឆ្លើយ៤សំនួរនេះសិន!
Updated on: May 9, 2022, 6:01 a.m.
Published on: April 2, 2019, 9:02 a.m.

មុននឹងសម្រេចចិត្តថាគួរបង់រំលស់ជាមួយធនាគាររឺអត់ ត្រូវឆ្លើយ៤សំនួរនេះសិន!


នាពេលបច្ចុប្បន្ននេះការប្រើប្រាស់សេវាកម្មបង់រំលស់ជាមួយធនាគារ រឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារការជ្រើសយកជម្រើសបង់ប្រាក់ផ្សេងៗតាមរយៈការបង់រំលស់នេះ អាចជួយឱ្យអ្នកដែលមានប្រាក់ចំណូលទាប រឺមធ្យម និងអ្នកដែលមិនសូវមានដើមទុនច្រើន ក៏អាចទិញសម្ភារៈរឺលំនៅដ្ឋានតាមដែលខ្លួនត្រូវការបានដែរ។​

ទោះជាយ៉ាងណាក៏ដោយថ្វីបើការបង់ប្រាក់លក្ខណះរំលស់ឥឡូវនេះមិនសូវមានលក្ខណះស៊ាំញ៉ាំដូចជាពីមុនពិតមែនក៏ដោយ ប៉ុន្តែមុននឹងសម្រេចចិត្តចាប់យកជម្រើសនេះមកប្រើប្រាស់ដើម្បីបង់ប្រាក់ អ្នកគួរពិចារណា និងសួរខ្លួនឯងសំនួរទាំងបួនខាងក្រោមនេះជាមុនសិន។​

១. តើអ្នកកំពុងមានបំណុលអ្វីផ្សេងរឺក៏អត់?

ថ្វីត្បិតតែការបង់រំលស់មិនសូវតម្រូវឱ្យអ្នកបង់ច្រើននៅក្នុងមួយខែៗក៏ពិតមែន ប៉ុន្តែប្រសិនជាអ្នកកំពុងមានបំណុលផ្សេងៗទៀតនៅក្នុងដៃ មិនថាតិចរឺក៏ច្រើន អ្នកត្រូវពិចារណាឱ្យបបានច្បាស់លាស់មុនពេលសម្រេចចិត្តបូកបំណុលបន្ថែមទៀត។

ការស្វែងយល់ពីសមត្ថភាពនៃការបង់ចំនូល និងចំនាយរបស់ខ្លួនជារឿងសំខាន់បំផុត ព្រោះប្រសិនជាអ្នកមិនបានបង់ប្រាក់ត្រឹមត្រូវតាមការកំណត់នោះទេ វាមានតែអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រវត្តិគណនីរបស់អ្នក ដែលអាចនឹងពិបាកឱ្យអ្នកសុំប្រាក់កម្ចីនាពេលអនាគតបន្តទៀត។

២. តើអ្នកនឹងមានគម្រោងផ្លាស់ប្តូរការងារ និងសុំច្បាប់សម្រាករយៈពេលយូរឬអត់?

ការបង់រំលស់ គឺជាគម្រោងចំនាយរយៈពេលយូរ។ ថ្វីបើពេលនេះអ្នកគិតថាខ្លួនអាចនឹងមិនមានបញ្ហាអ្វីមួយនៅក្នុងការបង់ប្រាក់ក៏ពិតមែន ប៉ុន្តែការផ្លាស់ប្តូរណាមួយនាពេលអនាគតអាចនឹងធ្វើឱ្យប៉ះពាល់។ ក្នុងនោះ ការផ្លាស់ប្តូរកន្លែងធ្វើការ រឺគម្រោងសុំច្បាប់រយៈពេលយូរដើម្បីសម្រាលបុត្រ រឺដើម្បីព្យាបាលជម្ងឺជាដើម សុទ្ធសឹងតែអាចធ្វើឱ្យធ្វើឱ្យចំនូលប្រចាំខែរបស់អ្នកធ្លាក់ចុះ និងបន្តធ្វើឱ្យប៉ះពាល់ដល់ការបង់ប្រាក់។​

៣. តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ការបង់ប្រាក់លើកទីមួយរឺនៅ?

ជាទូទៅសម្រាប់កម្ចីទិញលំនៅដ្ឋាន បើទោះបីជាអ្នកមានសមត្ថភាពអាចបង់រំលស់មែនពិត ប៉ុន្តែអ្វីដែលសំខាន់បំផុតមុនគេគឺថាតើអ្នកមានសមត្ថភាពដើម្បីបង់ប្រាក់លើកទីមួយរឺអត់។ ភាគច្រើននៃគម្រោងលំនៅដ្ឋានតម្រូវឱ្យអតិថិជនខ្លួនមានប្រាក់បង់យ៉ាងហោចណាស់៣០%នៃតម្លៃផ្ទះសិន មុននឹងពួកគេអាចចាប់ផ្តើមបង់រំលស់៧០%ដែលនៅសល់នោះ។

ដូច្នេះហើយមុនពេលដែលអ្នកសម្រេចថាខ្លួននឹងបង់រំលស់រឺក៏អត់ អ្នកត្រូវឆែកមើលពត៌មានឱ្យបានសព្វគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងស្នើសុំកម្ចីយកមក ជៀសវាងការខាតបង់ទៅលើការប្រាក់ រឺចំនាយផ្សេងៗដែលមិនចាំបាច់ជាដើម។​

៤. តើគ្រឹះស្ថានហិរញ្ញវត្ថុដែលអ្នកប្រុងនឹងស្នើកម្ចីគឺជាជម្រើសល្អបំផុតរឺនៅ?

សព្វថ្ងៃនេះគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនមានតាំងពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើមសុទ្ធតែមានការប្រកួតប្រជែងគ្នាយ៉ាងច្រើន ទៅលើលក្ខខណ្ឌកម្ចី ​លក្ខខណ្ឌនៃការបង់ប្រាក់ ក៏ដូចជាអត្រាការប្រាក់ជាដើម។ ដូច្នេះមុនពេលដែលសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានណាមួយ អ្នកត្រូវសម្លឹងមើលគ្រឹះស្ថានឱ្យបានមួយចំនួនជាមុនសិនដើម្បីសិក្សាពីភាពខុសគ្នាមុននឹងសម្រចចិត្ត ព្រោះវាអាចនឹងជួយឱ្យអ្នករកឃើញជម្រើសល្អបំផុតក្នុងចំនោមជម្រើសជាច្រើនដែលមាននៅលើទីផ្សារ៕​

ស្វែងយល់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងអចលនទ្រព្យសម្រាប់លក់ជួល សូមចូលទៅកាន់ Realestate.com.kh!

Comments