+855 92 92 1000
Logo
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
Updated on: January 15, 2024, 7:30 a.m.
Published on: January 15, 2024, 7:21 a.m.

លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ


ខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ ។

កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ គណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន ដឹកនាំដោយលោក Zhan Tin អគ្គលេខាធិការរងក្លិប បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយវិនិយោគិនចិនមានគោលបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅខេត្តព្រះសីហនុ ។

បើយោងតាមការជួបសម្តែងការគួរសមនេះ ចំពោះវិស័យអាទិភាពដែលគណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុរួមមានដូចជា ៖ វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និងវិស័យកសិ-ឧស្សាហកម្មជាដើម ។

ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកអភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

លោក ឡុង ឌីម៉ង់ បានរម្លឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ ៕

Comments