+855 92 92 1000
Logo
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
Updated on: October 6, 2023, 9:51 a.m.
Published on: October 6, 2023, 8:30 a.m.

ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់


តាមរយៈជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងលោក Ray Chen នាយកប្រតិបត្តិ នៃក្រុមហ៊ុនចិន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះបានញ្ជាក់ថា ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ។

ក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយនេះបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា មានរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈរោងចក្រទី២ នៅខេត្តកំពង់ស្ពឺត្រូវកម្លាំងពលកម្មជាង៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម ។

បើតាមការបញ្ជាក់របស់លោក ហេង សួរ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកជាង៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ។ ជាមួយគ្នា ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះលោក ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មីដែលទើបសាងសង់រួច ៕

Comments