+855 92 92 1000
Logo
ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបស្អាតភ្លឹងក្រោយសាងសង់រួចជាស្ថាពរ
Updated on: June 2, 2022, 7:56 a.m.
Published on: January 10, 2022, 6:10 a.m.

ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបស្អាតភ្លឹងក្រោយសាងសង់រួចជាស្ថាពរ


គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដែលមានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្របានបញ្ចប់ការសាងសង់ជាស្ថាពរ១០០%ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញ ធ្វើដំណើរដោយថ្មើរជើងដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំកណ្ដែក ស្រុកបាគង ខេត្តសៀមរាប ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយទោចក្រយានតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ខឿនចិញ្ចើមផ្លូវដែលបានរៀបរួច គម្របលូនៅសងខាងផ្លូវ ការដាំដើមឈើនៅក្នុងសួនពុះទ្រូងចែកផ្លូវ និងផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរអំពីការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់សាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១ និងបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតនៅក្នុងជំហានទី២ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់នៅក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក, ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC), ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់, ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត ពេលនេះបានបញ្ចប់ការសាងសង១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ។

ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤% ។

គួររម្លឹកផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបដែលមានប្រវែងសរុប ១០៦,៤២៤​គីឡូម៉ែត្រដែលប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះមានចំនួន៩លានដុល្លារអាមេរិកបន្ថែមទៀតនឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ។ គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន ដែលចំណាយពេលសាងសង់ចំនួន១៣ខែ ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ៕

Comments