+855 92 92 1000
Logo
មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់
Updated on: June 8, 2022, 8:02 a.m.
Published on: June 8, 2022, 8:02 a.m.

មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់


រាជធានី​ភ្នំពេញ ៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបីជា​ពេល​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ជួប​ផលវិបាក​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​បាន​ផ្ទុះ​ឡើង​ក្តី តែ​រាជធានី​ភ្នំពេញ​បាន​ទទួល​គម្រោង​សាងសង់​ថ្មី​ៗ​ជា​ច្រើន​រហូត​ដល់​១០៥០​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង​២,២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ថ្លែង​របស់​ឯកឧត្តម ឃួ​ង ស្រេង ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សារ​ទំនើប ព្រី​ន​ស៍ មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។

នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា មាន​សំណង់ផ្ទះ​បុរី និង​ផ្ទះល្វែង​ជា​ច្រើន​ចំនួន​៣១០​កន្លែង​រួម​ជាមួយនឹង​អគារ​ខ្ពស់​ៗ​ប្រមាណ​១៦០៣​អគារ​មាន​បង្ហាញ​វត្ត​មាននៅ​ពាសពេញ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ ។ ភាព​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នេះ​បាន​រុញច្រាន​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​ស្រស់បំព្រង​មិន​ចាញ់​បណ្តា​ទីក្រុង​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ ។

ឯកឧត្ដម ឃួ​ង ស្រេង ចាត់​ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា ជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​ពិសេស​អគារ​ពាណិជ្ជកម្ម​, សណ្ឋាគារ​, សំណង់​បុរី​, អគារ​ស្នាក់​នៅ​រួម​, ខុន​ដូ​, និង​ផ្សារ​ទំនើប​ជាដើម ។ បើ​តាម​ឯកឧត្ដម ឃួ​ង ស្រេង កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នា​បណ្តា​ឆ្នាំ​ខាង​មុខ ស្រប​តាម​ការ​កើនឡើង​នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស ៕

Comments