+855 92 92 1000
Logo
ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា
Updated on: January 22, 2024, 7:00 a.m.
Published on: January 22, 2024, 7:00 a.m.

ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា


ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ដោយក្រុមហ៊ុន Lippo Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីគោលបំណងក្នុងការវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា ។

នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group លោក John Riady បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន Lippo Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជាផងដែរ ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

Comments