+855 92 92 1000
Logo
មិននឹកស្មាន ! ឧកញ៉ា សៀ ឫទ្ធី រលាស់ខ្លួនពីអ្នកដឹកជញ្ជួនក្លាយជាសេដ្ឋីប្រាក់រាប់លានដុល្លារ
Updated on: June 7, 2022, 6:56 a.m.
Published on: July 21, 2021, 8:10 a.m.

មិននឹកស្មាន ! ឧកញ៉ា សៀ ឫទ្ធី រលាស់ខ្លួនពីអ្នកដឹកជញ្ជួនក្លាយជាសេដ្ឋីប្រាក់រាប់លានដុល្លារ


បើនិយាយពីវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងធំៗជាច្រើនបានបង្ហាញវត្តមានជាបន្តបន្ទាប់ក្រោយមានការវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកជាច្រើន ។

ជាក់ស្តែងលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន WorldBridge Group គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកក៏ជាបុគ្គលឆ្នើមមួយរូបក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលល្បីៗជាច្រើនរបស់ប្រទេសកម្ពុជាដែលកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ។

លោកឧកញ៉ាសៀ រិទ្ធី បានថ្លែងឱ្យដឹងថា លោកធ្លាប់មានប្រវត្តិជូរចត់មិនខុសពីប្រជាជនខ្មែរដទៃទៀតដែលធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ លោកគឺជាប្រជាជនមួយរូបក្នុងចំណោមប្រជាជនទាំងអស់ដែលបានធ្លាប់ឆ្លងកាត់ក្នុងរបបខ្មៅងងឹត ប៉ុល ពត ។ លោកបានកើតនៅក្នុងឆ្នាំ១៩៧០ ហើយស្ថិតក្នុងរបប ប៉ុល ពត លោកទើបតែមានអាយុចន្លោះ៥ឆ្នាំទៅ៩ឆ្នាំស្ថិតនៅក្នុងវ័យកុមារនៅឡើយនោះទេ ។

ក្រោយពីឆ្នាំ១៩៧៩គ្រួសាររបស់លោក សៀ រិទ្ធី ត្រូវបានផ្លាស់ទីលំនៅពីស្រុកក្រឡាញ់ទៅកាន់រាជធានីភ្នំពេញ លោកក៏បានមានឱកាសចូលសិក្សាដូចគេដូចឯង ប៉ុន្តែស្ថិតក្នុងជំនាន់នោះការសិក្សានៅមិនទាន់មានលក្ខណៈពេញលេញដូចពេលបច្ចុប្បន្ននោះទេ គឺការសិក្សានៅមានកម្រិតនៅឡើយ ។

នៅក្នុងឆ្នាំ១៩៨៩ជាឆ្នាំដែលលោកត្រូវប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្តែជាអកុសលលោកមិនបានទៅប្រឡងនៅក្នុងឆ្នាំនោះទេ ដោយហេតុលោកត្រូវទៅក្រៅប្រទេសដើម្បីធ្វើការ និងត្រឡប់ចូលស្រុកខ្មែរវិញនៅក្នុងឆ្នាំ១៩៩១ ។

នៅពេលដែលលោកត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ១៩៩១ លោកក៏បានបម្រើការងារជាមួយនឹងអង្គការសហប្រជាជាតិហៅថា «អ៊ុនតាក់» ។ ខណៈដែលលោកបម្រើការនោះ លោកធ្វើការនៅក្នុងផ្នែកដឹកជញ្ជូនទំនិញបាន១ឆ្នាំអង្គការនោះក៏បានបញ្ចប់បេសកកម្មនៅកម្ពុជាដែលពេលនោះហើយជីវិតនៃការធ្វើការឱ្យគេរបស់លោកត្រូវបានកាត់ផ្តាច់ត្រឹមនោះតែម្តង ។

*ចាប់ផ្តើមចេញរកស៊ីដំបូង

ក្រោយពេលធ្វើការឱ្យអង្គការសហប្រជាជាតិបាន១ឆ្នាំ លោកក៏សន្សំបានដើមទុនបន្តិចបន្ទួចហើយក៏បានរៀបចំផ្លូវជីវិតរបស់លោកជាថ្មីតាមរយៈការបង្កើតក្រុមហ៊ុនដឹកជញ្ជូនដំបូងគេបង្អស់ក្នុងវិស័យនោះនៅកម្ពុជា ។ អតិថិជនរបស់លោកនៅពេលនោះភាពច្រើនជា អង្គការ, ស្ថានទូត និងក្រុមហ៊ុនមួយចំនួនទៀត ។

ក្រោយពីបានចាប់ផ្តើមអាជីវកម្មនេះបាន២ឆ្នាំលោកក៏បានចុះឈ្មោះជាក្រុមហ៊ុនស្របច្បាប់នៅឆ្នាំ១៩៩៤ ហើយក៏ជាពេលវេលាមួយដែលលោកឃើញពន្លឺនៃភាពជោគជ័យកាន់តែខ្លាំង ។ លោកក៏បានលើកឡើងនូវពាក្យស្លោកមួយថា «ធ្វើមនុស្ស កុំរស់ដូចកង្កែបក្នុងអណ្តូង» ដោយសារតែលោកធ្លាប់បានចេញទៅក្រៅប្រទេស និងមើលឃើញពីភាពរីកចម្រើនក៏ដូចជាឱកាសដែលលោកអាចរកស៊ីបាននៅក្នុងប្រទេសកម្ពុជា ។

*ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ

ក្រោយពីឃើញនិន្នាការនៃវិស័យអចលនទ្រព្យលោកឧកញ៉ា សៀ ឫទ្ធី ក៏បានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ១៩៩៨ បន្ទាប់ពីប្រទេសកម្ពុជាបានរួចផុតពីសង្គ្រាម និងគួបផ្សំក្រុមហ៊ុនរបស់លោកមានដើមទុកគ្រប់គ្រាន់ផងនោះ ។ ម៉្យាងវិញទៀតដោយមើលឃើញពីកំណើនប្រជាជនដែលស្ថិតក្នុងកម្រិតជីវភាពមធ្យម ក្រុមហ៊ុនរបស់លោកក៏បានបង្វែរទិសដៅពីអាជីវកម្មដឹកជញ្ជូនមកធ្វើលើវិស័យដីធ្លីវិញម្តង ។

ពោលគឺផ្តោតលើការទិញ-លក់ដី និងសាងសង់ផ្ទះលក់ខ្លះៗប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនរបស់លោកនៅមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអភិវឌ្ឍលើវិស័យនេះនៅឡើយ ទើបលោកសម្រេចចិត្តរកដៃគូរសហការដើម្បីមកពង្រឹងបន្ថែមនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ។ ក្រៅពីក្រុមហ៊ុនអចលនទ្រព្យលោកក៏បានបង្កើតក្រុមហ៊ុនផ្សេងទៀតដែលផ្តោតលើការជួញដូរសម្ភារៈសំណង់ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនសាងសង់នានានៅកម្ពុជា ។

យ៉ាងណាមិញលោកក៏បានលើកឡើងផងដែរថា «អ្នកមិនអាចធ្វើរឿងធំណាមួយឱ្យជោគជ័យបានឡើយ ប្រសិនបើអ្នកមិនទាន់ធ្វើឱ្យខ្លួនអ្នកជោគជ័យជាមុនសិន ហើយអាចឈានទៅធ្វើឱ្យមនុស្សនៅជុំវិញខ្លួន និងដៃគូរសហការជោគជ័យ នោះទើបអ្នកជោគជ័យពិតប្រាកដ ! » ។

ដោយលោកជាមនុស្សតស៊ូ លោកតែងតែខិតខំអភិវឌ្ឍខ្លួនឯងជាប្រចាំពោលគឺ រកស៊ីផង រៀនបន្ថែមផង ហើយរហូតដល់ឆ្នាំ២០០៨លោកយល់ថា ខ្លួនមានបទពិសោធន៍ចាស់ទុំល្មមទើបលោកឈប់រៀន និងផ្តោតសំខាន់លើមុខជំនួញជាង៣០ក្រុមរបស់លោករហូតមកដល់បច្ចុប្បន្ន ៕

Comments