+855 92 92 1000
Logo
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
Updated on: January 10, 2024, 7:02 a.m.
Published on: January 9, 2024, 2:55 a.m.

ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤


តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។

បន្ថែមពីលើនេះ ពន្ធលើដីធ្លីមិនប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕

Comments