+855 92 92 1000
Logo
សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា
Updated on: June 7, 2022, 4:39 a.m.
Published on: October 10, 2019, 8:59 a.m.

សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា


ស្របពេលវិស័យអចលនទ្រព្យកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាទូទៅត្រូវបាន គេមើលឃើញថាមានសន្ទុះកំណើននៅស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។  ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។

ចំពោះការបង់ពន្ធអចលទ្រព្យ ប្រហែលជានៅមានសាធារណជនមួយចំនួនតូចប៉ុណ្ណោះដែលពុំទាន់បានយល់ច្បាស់អំពីពន្ធលើអចលនទ្រព្យនេះ ថាតើត្រូវបង់ពន្ធដោយរបៀបណា និងត្រូវបង់យ៉ាងដូចម្តេចជាដើម ​។ល។ 

ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទៀតដល់លោកអ្នក យើងបានធ្វើការដកស្រង់ និង សង្ខេបពីកិច្ចសម្ភាសន៍របស់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារស្តីអំពីពន្ធលើអចលនទ្រព្យ។ 

សំណួរ៖ តើអ្វីទៅជាពន្ធលើអចលនទ្រព្យ?

ផ្ទះនៅសៀមរាប

ពន្ធលើអចលនទ្រព្យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ និងត្រូវបានដាក់ឲ្យអនុវត្តនៅ ឆ្នាំ២០១១។ ពន្ធអចលនទ្រព្យនេះប្រមូលជាប្រចាំឆ្នាំលើអចលនទ្រព្យ ដែលស្ថិតនៅក្នុងតំបន់ រដ្ឋបាលថ្នាក់ ខេត្ត/ខណ្ឌ រាជធានីភ្នំពេញ និងរដ្ឋបាលក្រុងនៅតាម បណ្តាខេត្តនានាជាមួយ នឹងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការ វាយតម្លៃអចលនទ្រព្យ។ ក្នុងការវាយតម្លៃនោះដែរ ក៏មានការចូលរួមដោយភាគីជាច្រើន រួមទាំងស្ថាប័នឯកជន ដើម្បីធ្វើឲ្យតម្លៃដែលកំណត់នោះអាចទទួលយកបាន។

សំណួរ៖ តើពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំឬទេ?​

ចម្លើយ៖ ពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះមានន័យថា ម្ចាស់អចលនទ្រព្យ ត្រូវស្វ័យប្រកាសបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ។ ប្រសិនបើម្ចាស់អចលនទ្រព្យមានភាពយឺតយ៉ាវ មិនបានបង់ពន្ធ គាត់នឹងទទួលរងការពិន័យតាមបទបញ្ញត្តិដែលមានជាធរមាន។ បើសិនម្ចាស់អចលនទ្រព្យ មិនទាន់បានចុះបញ្ជី គាត់ក៏ត្រូវទៅចុះបញ្ជី ឬផ្តល់ព័ត៌មានថ្មីៗ ទាក់ទងនឹងការកែសម្រួលអចលនទ្រព្យដែលគាត់មានដើម្បីបង់ពន្ធឲ្យបានត្រឹមត្រូវ។ 

ក្នុងករណីគាត់វាយអគារគាត់ចោល ហើយគាត់នៅសល់តែដីទទេ គាត់អាចនឹងខាតប្រសិនបើគាត់មិនបានផ្តល់ពត៌មាននោះ។ ជាធម្មតា ការបង់ពន្ធអចលនទ្រព្យ គឺបង់ទាំងដី និងអគារ។ បើគាត់វាយអគារចោល គាត់ត្រូវបង់ត្រឹមតែដីនោះទេ។ ឧទាហរណ៍ បើគាត់មិនផ្តល់ពត៌មានទាក់ទងនឹងការវាយអគារចោលនៅលើដីរបស់គាត់ទេ គាត់ត្រូវមានតួនាទីបង់ពន្ធអគារនោះជានិច្ច ដែលជាកត្តាធ្វើឲ្យគាត់ ខាតបង់។

សំណួរ៖ ដោយសារតែប្រព័ន្ធនៃការបង់ពន្ធជារបបស្វ័យប្រកាស ប្រសិនបើក្នុងករណីដែលអ្នកបង់ពន្ធក្លែងបន្លំព័ត៌មានទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ដើម្បីបង់ពន្ធតិចតើវាអាចជាបញ្ហាបានដែរឬទេ?

ផ្ទះនៅតំបន់ផ្លុវលេខ៤

ចម្លើយ៖ ជាគោលការណ៍តាមបទបញ្ញត្តិច្បាប់ បើគាត់បង់ពន្ធខ្វះ គាត់នឹងត្រូវបង់បន្ថែម ហើយរងការពិន័យទៀត ដោយសារតែគាត់ប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ដែលមានជាធរមាន។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅទីក្រុងភ្នំពេញ បានចំនួន ១៦ ខណ្ឌ ហើយនឹងបន្តធ្វើបន្ថែមទៀត។ 

គោលដៅនៃការចុះធ្វើនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានអចលនទ្រព្យ តាមរយៈការប្រកាសព័ត៌មានថ្មីៗ ទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ហើយបើសិនជាគាត់ចង់បានកាតបង់ពន្ធ គេអាចជួយធ្វើឲ្យគាត់បាន។ វាអាចបង្កភាពងាយស្រួលដល់គាត់ ប្រសិនបើគាត់ចង់បង់ពន្ធអចលនទ្រព្យ ដែលស្ថិតនៅកំពង់សោម គាត់អាចបង់នៅភ្នំពេញក៏បាន។ ជំហានបន្ទាប់ គាត់អាចបង់តាម E-payment ដែលគាត់អាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបង់ពន្ធពីផ្ទះដោយមិនចាំបាច់ធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារក៏បាន។

សំណួរ៖ ក្នុងករណីដែលម្ចាស់អចលនទ្រព្យមិនអើពើនឹងការបង់ពន្ធទាល់តែសោះ តើវាអាចជាបញ្ហាដែរឬទេ?

គម្រោងបុរីកំពុងសាងសង់

ចម្លើយ៖ ជាគោលការណ៍ គាត់នឹងត្រូវទទួលរងការពិន័យ។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារមិនទាន់មានការចុះធ្វើសវនកម្មជាប្រចាំ ដូចដែលយើងធ្វើចំពោះក្រុមហ៊ុននោះទេ។ ដូច្នេះគេមានយន្តការមួយនៅពេលដែលគាត់ផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ គេនឹងពិនិត្យមើលប្រវត្តិនៃអចលនទ្រព្យនោះ រួមទាំងប្រវត្តិនៃការបង់ពន្ធអចលនទ្រព្យផងដែរ។ ប្រសិនបើគេឃើញថា គាត់មិនបានបង់ពន្ធទេ គេនឹងតម្រូវឲ្យគាត់បង់ពន្ធ រួមទាំងការពិន័យផងដែរ។ ផ្អែកតាមច្បាប់ការផ្ទេរកម្មសិទ្ធិនៅក្នុងរង្វង់ញាតិ ពន្ធប្រថាប់ត្រាគឺសូន្យ ប៉ុន្តែ ចំពោះពន្ធផ្សេងៗទៀត ដែលតម្រូវឲ្យគាត់បង់គាត់ត្រូវតែបង់។

ក្នុងករណីដែលម្ចាស់អចលនទ្រព្យជានីតិបុគ្គល ក៏គេតម្រូវឲ្យគាត់បង់ពន្ធដែរ ប្រសិនបើគាត់ជំពាក់បំណុលពន្ធ។ ប្រសិនបើគាត់មិនមានលទ្ធភាពបង់ពន្ធទាំងអស់ គាត់អាចបង់ជាតំណាក់កាលក៏បាន។

សំណួរ៖ ប្រសិនបើម្ចាស់អចលនទ្រព្យយល់ថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធទេ តើគាត់ត្រូវទៅប្រកាសប្រាប់ខាងពន្ធដារឲ្យដឹងថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធដែរឬទេ?

ផ្ទះឈើនៅតាមទីជនបទ

ចម្លើយ៖ គាត់អាចធ្វើស្វ័យប្រកាស។ គាត់អាចយកព័ត៌មានដើម្បីគណនាមើលថាតើអចលនទ្រព្យរបស់គាត់ត្រូវបង់ពន្ធឬអត់? ជាវិធីគណនា គាត់អាចយកតម្លៃដែលគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យកំណត់ គុណនឹងតម្លៃផ្ទះ (បើមានច្រើនជាន់គុណនឹងចំនួនជាន់នោះ) ហើយគុណនឹង៨០% ដកនឹង ១០០,០០០,០០០ រៀល។ ប្រសិនបើឃើញតម្លៃនេះ ក្រោម ០ ឬស្មើ ០ គាត់មិនចាំបាច់បង់ពន្ធទេ។ ប៉ុន្តែបើសិនជាឃើញលើសពី ០ គាត់ត្រូវយកគុណនឹង ០.១% ដើម្បីរកតម្លៃពន្ធដែលត្រូវបង់។ 

ក្នុងករណីដែលគាត់គណនាឃើញក្រោមតម្លៃ ១០០ លានរៀល គាត់មិនចាំបាច់ប្រកាស ប្រាប់អគ្គនាយកដ្ឋានពន្ធដារទេ។ ប៉ុន្តែប្រសិនបើគាត់ស្ម័គ្រចិត្តចុះបញ្ជីក៏មិនមានបញ្ហាអ្វីដែរ។

សំណួរ៖ តើការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះពន្ធលើអចលនទ្រព្យនេះមានភាពទូលំទូលាយហើយឬនៅ?

ចម្លើយ៖ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនហើយ ដោយសារតែប្រជាពលរដ្ឋបានមកបង់ពន្ធច្រើនហើយ។ មានតែអចលនទ្រព្យមួយចំនួនទេដែលមិនទាន់បានបង់ពន្ធ។

សំណួរ៖ ការយកពន្ធអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន ធ្វើឡើងនៅតែរាជធានី និងក្រុងតាមបណ្តាខេត្តទេ។ ចំណែកការយកពន្ធលើអចលនទ្រព្យនៅតាមស្រុកភូមិវិញ អាចនឹងធ្វើនៅពេលណាដែរ?

ចម្លើយ៖ ចំពោះពន្ធលើអចលនទ្រព្យនេះ ធ្វើតែតាមភូមិសាស្រ្តរដ្ឋបាល និងមិនទាន់ធ្វើដល់ ស្រុកដទៃទៀតទេ ដោយសារតែក្នុងអាណត្តិទី៥ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តកៀងគរ ចំណូលមធ្យម២០១៤ ដល់២០១៨ ហើយក្នុងយុទ្ធសាស្រ្តនេះ មិនមានការតម្លើងពន្ធអ្វីនោះទេ។ ជាមួយនឹងយុទ្ធសាស្រ្តថ្មីមួយទៀត ដើម្បីកៀងគរចំណូលពីឆ្នាំ២០១៩ ដល់២០២៣ ដែលមិនមានការពង្រីកដែននៃការប្រមូលពន្ធដែរ។ អ្វីដែលយើងធ្វើគឹស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ! 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments