ខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំ

13 ខែ ធ្នូ ឆ្នាំ 2018, 16:50

នៅក្នុងឆ្នាំ​២០១៨ធនាគារពិភពលោកបានបញ្ជាក់ជាថ្មីថាកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ៦% នៅត្រឹមឆ្នាំ២០២០។ ជាមួយកំណើននេះ គេមើលឃើញថារាជធានីភ្នំពេញកំពុងមានសន្ទុះកំណើនវិនិយោគ និងវត្តមានវិនិយោគិនអន្តរជាតិកាន់តែច្រើនឡើងៗពីមួយទៅមួយថ្ងៃៗ។ ទាំងនេះបានធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យកើនឡើងខ្ពស់ផងដែរ។ ខណ្ឌដែលមិនស្ថិតនៅកណ្តាលក្រុងដូចជា ខណ្ឌឫស្សីកែវនៅភាគខាងជើងកំពុងក្លាយជាតំបន់ ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ការវិនិយោគការរស់នៅ និងការចាប់ផ្តើមអាជីវកម្ម។

លំនៅដ្ឋានខ្ពស់ៗ និងអគារអភិវឌ្ឍន៍ចម្រុះហាក់មានចំនួនច្រើនតែនៅតាមបណ្តាខណ្ឌនៅតំបន់កណ្តាលក្រុងដូចជា ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា។ បើទោះជាយ៉ាងណាក៏ដោយ ខណ្ឌឫស្សីកែវត្រូវបានគេមើលឃើញថាមានគម្រោងបុរី និងអាគារខ្ពស់ៗមួយចំនួនផងដែរ ហើយតំបន់នេះក៏កំពុងចាប់ផ្ដើមក្លាយជាទិសដៅអភិវឌ្ឍន៍សម្រាប់វិនិយោគិនជាច្រើន។ ជាក់ស្តែងអ្នកអភិវឌ្ឍន៍ហាក់កំពុងចាប់អារម្មណ៍ខ្លាំងតំបន់តាមបណ្តោយផ្លូវជាតិលេខ៥ និងតាមបណ្តោយដងទន្លេសម្រាប់ការសាងសង់គម្រោងថ្មីៗមួយចំនួន។

ឫស្សីកែវគឺជាខណ្ឌ​មួយក្នុងចំណោមខណ្ឌទាំង១២របស់រាជធានីភ្នំពេញ។ ខណ្ឌនេះត្រូវបានបែងចែកទៅជាសង្កាត់ចំនួន៦គឺសង្កាត់ទួលសង្កែ ស្វាយប៉ាក គីឡូលេខ៦ ឫស្សីកែវ ច្រាំងចំរេះទី១ និងច្រាំងចំរេះទី២។

តំបន់ជុំវិញ

យោងទៅតាមរបាយការណ៍ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៦ របស់ក្រុមហ៊ុន Vtrust Appraisal  ខណ្ឌឫស្សីកែវមានប្រជាជនប្រមាណ ១៨០,០០០ នាក់។

លោក វ៉ា វីរៈ​ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ថាតម្លៃដីនៅខណ្ឌឫស្សីកែវមានការកើនឡើងខ្ពស់នៅតាមតំបន់ ដែលស្ថិតនៅក្បែរតំបន់កណ្តាលក្រុងពោលគឺ តំបន់នៅជាប់ខណ្ឌទួលគោក និងដូនពេញ។  

លោកបានមានប្រសាសន៍ថា “សង្កាត់មួយចំនួននៅខណ្ឌឫស្សីកែវ ដែលនៅឆ្ងាយពីតំបន់កណ្តាលក្រុងនៅមានតម្លៃទាបនៅឡើយ”។ “ឫស្សីកែវនៅមានដីទំនេរជាច្រើនកំពុងរង់ចាំការអភិវឌ្ឍថ្មីៗបន្ថែមទៀត” នេះជាការបញ្ជាក់របស់លោក វីរៈ។

សង្កាត់ទួលសង្កែដែលនៅជាប់នឹងខណ្ឌទួលគោកត្រូវបានមើលឃើញពីកំណើនសាងសង់គួរឲ្យកត់សម្គាល់ក្នុងនោះរួមមានអគារខុនដូ និងអាផាតមេន។ បន្ថែមលើសពីនេះទៀតគម្រោងបុរីនៅតាមផ្លូវ ជាសុផារ៉ា ឆ្លងកាត់តំបន់ឫស្សីកែវក៏ជាចំណុចក្តៅមួយផងដែរ។ គម្រោងទាំងនេះរួមមាន៖ បុរីប៉េង ហួត បុរីជីប ម៉ុង បុរីវិមានភ្នំពេញ និងបុរីលឹម ឈៀង ហាក់ជាដើម។

លោក វីរៈ បានកត់សម្គាល់ថាដោយសារទីតាំងដែលជាប់គ្នាជាមួយខណ្ឌទួលគោក និងខណ្ឌសែន សុខ ឫស្សីកែវបានទទួលផលប្រយោជន៍ច្រើនពីសកម្មភាពអភិវឌ្ឍន៍ថ្មីៗនៅទីនោះនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលើកឡើងបែបនេះ លោក វីរៈ បានសំដៅដល់គម្រោងផ្សារទំនើប អ៉ីអន ម៉ល២ (សែន សុខ ស៊ីធី)  និងផ្សារទំនើបម៉ាក្រូ។

ទាក់ទងនឹងលក្ខណៈអំណោយផលរបស់ខណ្ឌឫស្សីកែវ លោក វីរៈ បានបញ្ជាក់ថា តម្លៃអចលនទ្រព្យនៅឫស្សីកែវនៅមានលក្ខណៈសមរម្យ ហើយតំបន់មានហេដ្ឋារចនាសម្ព័ន្ធល្អដូចជា៖ ផ្លូវជាតិលេខ ៥  ផ្លូវទំហំ ៣០ ម៉ែត្រតភ្ជាប់តំបន់បឹងកក់ ផ្លូវជាសុផារ៉ា និងស្ពានប៉ាឡេឆ្លងកាត់ទន្លេសាបទៅតំបន់ ជ្រោយចង្វារជាដើម។

គម្រោងដ៏ធំ និងគួរឱ្យចាប់អារម្មណ៍មួយនៅឫស្សីកែវគឺគម្រោងទីក្រុងរណប “កាំកូស៊ីធី” នៅតាម បណ្តោយមហាវិថីអង្គរ ដែលមានអាផាតមេនខ្ពស់ៗ វីឡា ផ្ទះល្វែង ការិយាល័យ និងតំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ត សាលាអន្តរជាតិ និងមន្ទីរពេទ្យ រួមជាមួយសេវាកម្មផ្សេងៗទៀត។ គម្រោងទាំងមូលត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០១៨ បន្ទាប់ពីការសាងសង់អស់រយៈពេល១៣ឆ្នាំ។

ឫស្សីកែវត្រូវរង់ចាំការអភិវឌ្ឍធំៗ

តំបន់ឫស្សីកែវមើលទៅឃើញហាក់មានភាពស្ងាត់ស្ងាត់ បើធៀបនឹងតំបន់ជុំវិញដែលមានសន្ទុះនៃការសាងសង់ច្រើន។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាប្រធានសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ឫស្សីកែវមាន សក្តានុពលដ៏ល្អប្រហាក់ ប្រហែលនឹងតំប​ន់ទួលគោក ឬជ្រោយចង្វារដែរ។

លោកបានសង្កត់ធ្ងន់ថា “សង្កាត់ជាច្រើននៅក្នុងតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានធំៗ”។

លោកសុខនីមបានបន្ថែមដែរថា តំបន់ជាច្រើននៅក្នុងខណ្ឌឫស្សីកែវមានលក្ខណៈពិសេស ប៉ុន្តែមិនទាន់មានការវិនិយោគជាដុំកំភួននៅឡើយ។ ជាក់ស្ដែងតំបន់គីឡូលេខ៧ លេខ៨ និងលេខ៩ កំពុងរង់ចាំវិនិយោគិនធំៗនាំយកគម្រោងខ្នាតធំ ដើម្បីកែច្នៃតំបន់នេះ។ នៅពេលមានការវិនិយោគខ្នាតធំណាមួយទៅដល់វានឹងមានការស្រូបទាញយកគម្រោងលំនៅដ្ឋានដទៃ ទៀតឲ្យចូលវិនិយោគនៅក្នុងតំបន់ ដែលនឹងផ្លាស់ប្តូរទៅជាតំបន់លំនៅខ្ពស់ៗ។

ដូចគ្នានេះដែរ កញ្ញា ពេជ្រ សុជាតា តំណាងផ្នែកលក់របស់បុរី ផេនសៀរ នៅក្នុងសង្កាត់ស្វាយប៉ាក ដែលមានចំនួន ១៣៣ខ្នង បាននិយាយថាឫស្សីកែវកំពុងបង្ហាញពីសក្តានុពលដល់អ្នកវិនិយោគ ប៉ុន្តែគ្រាន់តែត្រូវការពេលវេលាមុនពេលសក្តានុពលពិតប្រាកដត្រូវបង្ហាញខ្លួន។

សុជាតាបានលើកឡើងថាវត្តមានរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម (Triumph Commercial Center) ដែលជាអគារមានតម្លៃ១ពាន់លានដុល្លារ ដែលមានតូបលក់ទំនិញជាង ១០០,០០០ ប្រភេទ នឹងមានឥទ្ធិពលជាវិជ្ជមានដល់ខណ្ឌទាំងមូល។ សុជាតាបានបន្ថែមថាកញ្ញារំពឹងថានឹង មានសកម្មភាពថ្មីៗ និងការវិនិយោគថ្មីៗក្នុងរយៈពេល៥ឆ្នាំខាងមុខ។

តម្លៃដី

យោងតាមរបាយការណ៍តម្លៃដីពាក់កណ្តាលឆ្នាំ២០១៨ របស់ក្រុមហ៊ុន ឃី រៀល អ៉ីស្តេត បានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងខណ្ឫស្សីកែវមានតម្លៃជាមធ្យមនៅមាន ៨០០ ដុល្លារ ដុល្លា/ម៉ែត្រការ៉េ និង ១,៥០០ ដុល្លារ/ម៉ែត្រការ៉េសម្រាប់ដីពាណិជ្ជកម្ម។

តាមជាក់ស្តែងដីនៅក្នុងសង្កាត់ទួលសង្កែមានតម្លៃដីខ្ពស់ជាងគេនៅក្នុងខណ្ឌឫស្សីកែវ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យម ២,៤០០ ដុល្លារ/ម៉ែត្រការ៉េ ចំណែកដីលំនៅដ្ឋានមានតម្លៃ ១,៤០០ ដុល្លារ/ម៉ែត្រការ៉េ។ តម្លៃដីដ៏ខ្ពស់នេះក៏ដោយសារតែតំបន់ទួលសង្កែមានព្រំប្រទល់ជាមួយខណ្ឌ ទួលគោកដែលបានធ្វើឲ្យតំបន់មានតម្រូវការខ្ពស់។

រីឯសង្កាត់ឫស្សីកែវមានតម្លៃដីថ្លៃលំដាប់ទី២ បន្ទាប់ពីទួលសង្កែ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យមខ្ទង់ ១,៨០០ ដុល្លារ/ម៉ែត្រការ៉េ និងដីលំនៅដ្ឋានមានតម្លៃ ១,០០០ ដុល្លារ/ម៉ែត្រការ៉េ។

ផ្ទុយទៅវិញសង្កាត់ស្វាយប៉ាកមានដីមានតម្លៃទាបជាងគេបំផុតនៅក្នុងខណ្ឌឫស្សីកែវ។ ដីពាណិជ្ជកម្ម មានតម្លៃជាមធ្យម៨៥០ដុល្លារ/ម៉ែត្រការ៉េ និងដីលំនៅដ្ឋានមានតម្លៃត្រឹម៥០០ ដុល្លារ/ម៉ែត្រការ៉េ។

លោក វ៉ាត វិន ជាសហការីស្រាវជ្រាវនៅក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថាលោករំពឹងថាតម្លៃដីនៅក្នុងខណ្ឌឫស្សីកែវនឹងកើនឡើងខ្លាំងក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។ លោកមើលឃើញថា ភាពរីកចម្រើនរបស់ខណ្ឌឫស្សីកែវក៏បានមកពីសក្តានុពលនៃតំបន់ជាប់គ្នាផងដែរដែលមានដូចជាខណ្ឌទួលគោកជាដើម។

ខណ្ឌឫស្សីកែវនឹងមានសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក្នុងរយៈពេល៥ឆ្នាំខាងមុខ​ដោយសារតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងកើនឡើង ហើយទីក្រុងទាំងមូលនឹងពង្រីកខ្លួនមកដល់តំបន់ទាំងនេះ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងខណ្ឌឫស្សីកែវ!

ចំនូលចិត្ត

Please fill personal info before saving favourites. Open Profile Settings.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ប្រាប់យើងពីតម្រូវការរបស់អ្នក នោះ៥ក្រុមហ៊ុននឹងទាក់ទងទៅអ្នក
តើអ្នកចង់រកទិញ ជួល ឬលក់អចលនទ្រព្យ? *
Please select an option
តើទីតាំងណាដែលអ្នកចាប់អារម្មណ៍? *
Please select your preferred property locations.
តើប្រភេទអចលនទ្រព្យអ្វីខ្លះ? *
Please select your preferred property types.
តម្លៃប៉ុន្មាន? *
Please put your desired budget.
សរសេរបន្ថែមព័ត៌មាន ពីតម្រូវការរបស់អ្នក
ព័ត៌មានទំនាក់ទំនង