+855 92 92 1000
Logo
វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់ជ្រើសរើសការវិនិយោគនៅកម្ពុជា
Updated on: June 7, 2022, 3:56 a.m.
Published on: January 9, 2018, 12:09 a.m.

វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់ជ្រើសរើសការវិនិយោគនៅកម្ពុជា


ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រមាណជា៧ភាគរយក្នុងមួយឆ្នាំ ហើយវិស័យអចលនទ្រព្យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែមាន ការវិនិយោគពីបរទេសជាពិសេសប្រទេសចិន។ ជាមួយនឹងលំហូរនៃការវិនិយោគដោយផ្ទាល់ពីបរទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សក្នុងគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ។

សក្តានុពលសេដ្ឋកិច្ចកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនអភិវឌ្ឍន៍  និងវិនិយោគិនអន្តរជាតិជាច្រើនមកកាន់កម្ពុជា ដោយសារតែកម្ពុជាជាទីផ្សារថ្មី ដែលអាចទទួលបានផលចំណេញច្រើនពីការវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវបានគេមើលឃើញថា ជាទីផ្សារអចលនទ្រព្យថ្មីជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍។

លោក បណ្ឌិត Sopon Pornchokchai នាយកក្រុមហ៊ុនអចលនទ្រព្យ AREA Agency for Real Estate Affairs នៅទីក្រុងបាងកក និងជាអ្នកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យអន្ដរជាតិតាំងពីឆ្នាំ ១៩៨២ មានប្រសាសន៍ថាប្រទេសកម្ពុជាជាទីផ្សារថ្មីជាងគេបើធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាមដូច្នេះទីផ្សារនេះមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគដើម្បីទទួលបានផលចំណេញ។

លោកបានបន្ថែមថា វិនិយោគិនគួរពិចារណាវិនិយោគក្នុងទីផ្សារ ដែលមិនទាន់មានការអភិវឌ្ឍន៍ ខ្លាំងដូចជាទីផ្សារកម្ពុជា ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ បើទោះបីជាទីផ្សារហាក់បីដូចមិនសូវមានសុវត្ថិភាពក៏ដោយ។ នៅក្នុងទីផ្សារអភិវឌ្ឍន៍ជាងកម្ពុជា ដូចជាទីផ្សារថៃ និងវៀតណាម ផលចំណេញពីការវិនិយោគមានកម្រិតទាបជាងនៅកម្ពុជា។

យ៉ាងណាក៏ដោយទោះបីជាកម្ពុជាជាទីផ្សារកំពុងអភិវឌ្ឍន៍ប៉ុន្តែកំណើនសេដ្ឋកិច្ចខ្ពស់ និងថេររបស់កម្ពុជាអាចផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនក្នុងតំបន់ដែលកំពុង វិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ លោក Rami Sharaf សមាជិកក្រុមប្រឹក្សាអន្ដរជាតិរបស់ APCO Worldwide បានមានប្រសាសន៍ថា "ចំណុចសំខាន់សម្រាប់វិនិយោគិនបរទេសក្នុងការពិចារណាវិនិយោគនៅកម្ពុជាស្ថិតលើកំណើនសេដ្ឋកិច្ចថេររបស់ប្រទេសដែលជាសមាជិកអាស៊ានមួយនេះ"

ទោះបីជាស្ថិតិផ្លូវការស្តីពីកំណើនសេដ្ឋកិច្ចសរុបរបស់កម្ពុជានៅក្នុងឆ្នាំ ២០១៧ មិនទាន់បានចេញផ្សាយ ក៏ដោយ បើយោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីអំពីទស្សនវិស័យ នៃការអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៧ចេញផ្សាយនៅចុងខែកញ្ញា បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ច ដែលកើនឡើងប្រមាណជា៧,១%សម្រាប់ឆ្នាំ២០១៧ និង២០១៨។

លោក Kevin Hsu អគ្គនាយកក្រុមហ៊ុន Lixin Group ដែលបានចាប់ផ្តើមវិនិយោគលើគម្រោង អភិវឌ្ឍន៍ចម្រុះដំបូងឈ្មោះថា CEO KT Pacific ដោយចូលរួមវិនិយោគជាមួយក្រុមហ៊ុន KT Pacific​ នៅក្នុងទីក្រុងភ្នំពេញបានលើកឡើងថា "កម្ពុជាគឺជាប្រទេសហិរញ្ញវត្ថុសេរីមួយ ដូច្នេះការរឹតបន្តឹង លើការដោះដូររូបិយប័ណ្ណបរទេសក៏មានភាពងាយស្រួលជាងប្រទេសជិតខាងដែរ។ ជាមួយនឹង ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន និងកម្ពុជា  កម្ពុជាអាចមានការអភិវឌ្ឍន៍សេដ្ឋកិច្ចថេរជាងប្រទេសវៀតណាម និងប្រទេសថៃ។

បើមើលទៅលើទីក្រុងនៃប្រទេសទាំងបី យើងឃើញថាទីក្រុងហូជីមិញ និងបាងកកបានឈាន ដល់ដំណាក់កាលមួយ ដែលទីផ្សារមានភាពទុំជោរជាងកម្ពុជា។ កត្តានេះធ្វើឲ្យផលចំណេញនៃការ វិនិយោគនៅទីក្រុងទាំងពីរនេះមិនសូវខ្ពស់ដូចកម្ពុជា។ ទោះជាយ៉ាងណាទីក្រុងភ្នំពេញកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍នៅឡើយដូច្នេះអ្នកវិនិយោគអាចមានលទ្ធភាពទទួលបានផលចំណេញច្រើនពីការវិនិយោគរបស់ពួកគេ។

លោក Kevin បានបន្ថែមទៀតថាបើពិចារណាលើការចំណាយលើការសាងសង់ សម្ភារៈសំណង់ និងតម្លៃស្នាក់នៅការចំណាយនៅទីក្រុងភ្នំពេញគឺប្រហែលមួយភាគបីនៃទីក្រុងបាងកក និង ពាក់កណ្តាលនៃទីហូជីមិញ។

លើសពីនេះទៅទៀត ចំពោះសក្តានុពលវិនិយោគរបស់ទីក្រុងភ្នំពេញធៀបទៅនឹងទីក្រុងធំៗដូចជា ខេត្ត សៀមរាប និងក្រុងព្រះសីហនុ លោក Kevin បានបញ្ជាក់ថាភ្នំពេញគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង រដ្ឋបាល ដែលមានស្ថាប័នរដ្ឋសំខាន់ៗទាំងអស់នៅទីនោះ។ នេះគឺជាកត្តាដ៏សំខាន់មួយ នៅពេល ធ្វើការសម្រេចចិត្តថាត្រូវវិនិយោគនៅតំបន់ណាមួយនៅកម្ពុជា។

នៅទីក្រុងភ្នំពេញមានស្ថានទូតចំនួន ៣១ ហើយរាដ្ឋធានីនេះសំបូរដោយធនធានយ៉ាងច្រើន។ កន្លងមកការអភិវឌ្ឍន៍អចលនទ្រព្យដែលទទួលបានជោគជ័យបំផុតគឺនៅក្នុងទីក្រុងដូច្នេះការវិនិយោគនៅក្នុងទីក្រុងគឺមានហានិភ័យតិចជាងនៅតាមតំបន់ផ្សេងទៀត។

លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group (Cambodia) ជឿជាក់ថា ការដាក់ ឱ្យប្រើប្រាស់ "ច្បាប់ស្តីពីការផ្តល់កម្មសិទ្ធិដល់ជនបរទេសឲ្យកាន់កាប់អគារសហកម្មសិទ្ធិ"នៅឆ្នាំ២០១០ បានទាក់ទាញអ្នកវិនិយោគទុនបរទេសយ៉ាងច្រើន ហើយច្បាប់នេះដើរតួយ៉ាងសំខាន់នៅក្នុងកំណើន នៃទីផ្សារអចលនទ្រព្យ។ លោក Li បាននិយាយថា "ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០០០ ជាពិសេសចាប់តាំងពីឆ្នាំ២០១០មក​រចនាសម្ព័ន្ធសេដ្ឋកិច្ចទូទៅនៅក្នុងប្រទេសកម្ពុជាបានធ្វើការកែតម្រូវជាច្រើន ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ" ។

លោកបន្ថែមថា "ក្នុងពេលជាមួយគ្នានេះការសាងសង់ជាមូលដ្ឋាន និងបរិយាកាសវប្បធម៌របស់ប្រទេសកម្ពុជាបានបន្តប្រសើរឡើងជាលំដាប់។ បច្ចុប្បន្នស្ថានភាពអចលនទ្រព្យនៅកម្ពុជាគឺល្អបំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំងអស់"។

ទាក់ទងនឹងការអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសកម្ពុជាទាំងមូល លោក Li  ជឿជាក់ថាអនាគតនៃអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវបានជម្រុញដោយវិស័យអចលនទ្រព្យដែលនឹងមានឥទ្ធិពលលើការបង្កើនគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់នៅទូទាំងប្រទេស។

ឆ្នាំ២០១៨បានចាប់ផ្ដើមដែលជាឆ្នាំដ៏សំខាន់មួយទៀតសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ជាមួយនឹងការបង្ហាញពីសុទិដ្ឋិនិយមនៅថ្ងៃអនាគតអ្នកជំនាញ និងអ្នកអភិវឌ្ឍធំៗនៅប្រទេសកម្ពុជា ជឿថា កម្ពុជាទំនងជានៅតែមានសក្តានុពលវិនិយោគខ្ពស់ជាងគេបើប្រៀបធៀបទៅនឹងប្រទេសអាស៊ាន។

ច្បាប់វិនិយោគបរទេសប្រកបដោយភាពអនុគ្រោះកំណើនសេដ្ឋកិច្ចថេរ និងសក្តានុពលផលចំណេញខ្ពស់ពីការវិនិយោគនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍នៅតែជាកត្តារួមដែលនឹងបន្តជម្រុញកំណើន អចលនទ្រព្យនៅកម្ពុជាជាច្រើនឆ្នាំទៀតខាងមុខ។  

សូមចុចទីនេះដើម្បីស្វែងរកអចលនទ្រព្យសម្រាប់លក់ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ។​

មានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីយន្ដការកម្មសិទ្ធិដីធ្លីសម្រាប់ជនបរទេសសូមអានការណែនាំការវិនិយោគអចលនទ្រព្យកម្ពុជាសូចចូលទៅកាន់គេហទំព័រ Realestate.com.kh!

Comments