+855 92 92 1000
Logo
កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍
Updated on: March 22, 2023, 9:34 a.m.
Published on: March 22, 2023, 9:27 a.m.

កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា កម្ពុជារំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរចិនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំតាមរយៈការបង្កើនជើងហោះហើរកម្ពុជា-ចិន ៣០០ជើងក្នុងមួយសប្តាហ៍ ។ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​តទៅ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ៖«ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»

សម្តេចតេជោថ្លែងបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង២លាននាក់​ក្នុងមួយឆ្នាំ ហើយយើងរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អពីព្រោះប្រទេសថៃគេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។

សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង​មករវាង​​ប្រទេសកម្ពុជា និង​ប្រទេស​ចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ​តទៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយ​ការចាប់ផ្ដើម​ជើង​ហោះ​​ហើរ៣ដង​ក្នុង​១​សប្ដាហ៍ ៕

Comments