+855 92 92 1000
Logo
ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?
Updated on: March 23, 2023, 7:52 a.m.
Published on: March 23, 2023, 7:52 a.m.

ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឧទ្យានជាតិ «ភ្នំបូកគោ» ឱ្យទៅជាទីក្រុងឆ្លាតវៃមួយ​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឱ្យក្លាយទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកឧកញ៉ា សុខ គង់ បានធ្វើការចុះត្រួតពិនិត្យអំពីដំណើរការអភិវឌ្ឍផ្លូវថ្មី១ខ្សែដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបាន៥២គីឡូម៉ែត្រហើយនៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។

ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះមានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​ គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

ការស្ថាបនាផ្លូវមួយខ្សែនេះមានផលលំបាកច្រើនដោយសារតែស្ថានភាពផ្លូវលើភ្នំសំបូរព្រៃ ជ្រលង និងកន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀតត្រូវបំផ្ទុះ​ដើម្បីកាយថ្មបើកផ្លូវ ដោយក្រុមការងារស្ថាបនាផ្លូវនេះកំពុងដុតដៃដុតជើង​ពន្លឿនការស្ថាបនា​ផ្លូវនេះឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក ។

គួររម្លឹកផងដែរថា ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ» ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម ៕

Comments