+855 92 92 1000
Logo
អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង
Updated on: January 23, 2023, 10:59 a.m.
Published on: January 20, 2023, 8:28 a.m.

អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង


អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀតនឹងត្រូវសាងសង់នៅលើទឹកដីតំបន់អភិវឌ្ឍន៍កោះរ៉ុង នៃខេត្តព្រះសីហនុ ដែល​ត្រូវ​ប្រើរយៈពេល៥ឆ្នាំដើម្បីសាងសង់ និងគ្រោងចំណាយថវិកាប្រមាណ៣០០លានដុល្លារ ។ គម្រោង​នេះអភិវឌ្ឍន៍​ដោយក្រុមហ៊ុន Royal Group Koh Rong Development ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងរួចរាល់ហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តមបណ្តិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​កម្ពុជា និងអ្នកឧកញ៉ា​ គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development ​។

គម្រោងអភិវឌ្ឍន៍នេះស្ថិត​ក្រោម​ក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល​ ដែល​ជាការ​វិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង ។ នេះបើតាម​ប្រសាសន៍​ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ ថ្លែងក្នុងពិធីចុះហត្ថលេខា ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា ៖«គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល» ។​

គួររលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group Koh Rong Development បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ ៕

Comments