+855 92 92 1000
Logo
ប្រទេសជិតខាងរបងកម្ពុជាចង់វេចលុយមកវិនិយោគលើកន្លែងសាករថយន្តអគ្គិសនីនៅខ្មែរ
Updated on: March 31, 2023, 7:47 a.m.
Published on: March 31, 2023, 7:30 a.m.

ប្រទេសជិតខាងរបងកម្ពុជាចង់វេចលុយមកវិនិយោគលើកន្លែងសាករថយន្តអគ្គិសនីនៅខ្មែរ


រាជធានីភ្នំពេញ ៖ ឯកឧត្តម ពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនពីក្រុមហ៊ុន LOCA ដែលជាក្រុមហ៊ុនជំនាញលើស្ថានីយ​សាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ ហើយក្នុងជំនួបនេះក៏បានមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ។ ជំនួបសម្តែងការគួរសមនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ។

ក្រុមហ៊ុន LOCA បានអញ្ជើញចូលជួបសម្ដែងការគួរសម និងណែនាំពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា ។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនក៏បានភ្ជាប់ផងដែរពីបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួង បានយល់ព្រមក្នុងការសហការការងារបន្ត និងណែនាំបន្ថែមលើការរៀបចំឯកសារជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជាសំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ។

ថ្នាក់ដឹកនាំក្រសួងក៏បានឆ្លៀតយកឱកាសនេះជម្រាបជូនអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី និងបើកឱកាសយ៉ាងទូលាយឱ្យវិនិយោគគិនអាចចូលមកវិនិយោគបន្ថែមលើវិស័យយានយន្តអគ្គសនីនៅកម្ពុជាផងដែរ ៕

Comments