+855 92 92 1000
Logo
៣៨៣​លាន​ដុល្លារពីមិត្តជប៉ុន​ត្រៀម​កែប្រែ​មុខមាត់​កំពង់​ផែ​កុងតឺន័រ​ថ្មី​លើ​ទឹកដី​ក្រុងព្រះសីហនុ
Updated on: August 9, 2022, 8:41 a.m.
Published on: August 8, 2022, 8:07 a.m.

៣៨៣​លាន​ដុល្លារពីមិត្តជប៉ុន​ត្រៀម​កែប្រែ​មុខមាត់​កំពង់​ផែ​កុងតឺន័រ​ថ្មី​លើ​ទឹកដី​ក្រុងព្រះសីហនុ


ដើម្បី​ធ្វើ​សមាហរណកម្ម​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជាទាំង​ក្នុង​តំបន់ និង​ទូ​ទាំង​ពិភពលោក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ កំពង់​ផែ​បាន​ដាក់​ចេញ​គម្រោង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ដោយ​រួម​មាន​គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​១ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២២​នេះ ។

យោង​តាម​ប្រភព​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នឹង​ផ្តល់​ឥណទាន​សម្បទាន​ប្រមាណ​៣៨៣,២២លានដុល្លារអាមេរិកដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​គម្រោង​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១ ។

ការ​ផ្តល់​ឥណទាន​សម្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នេះ​គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឱ្យ​កាន់តែ​មាន​ទំនើប​កម្ម​ដើម្បី​អាច​ប្រែ​ក្លាយទៅជា​កំពង់​ផែ​ទឹក​ជ្រៅ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ដែល​អាច​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កាន់តែ​មាន​វិសាលភាព​ធំធេង ។

ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ៊ី​ម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​នេះ​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។

គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​១​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២២​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២៥ ដោយ​មាន​ប្រវែង​៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ៕

Comments