+855 92 92 1000
Logo
ច្បាស់ការហើយ ! ទីបំផុតដឹងច្បាស់ពីទីតាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតាំងពីចំណុចចាប់ផ្តើមដល់បញ្ចប់
Updated on: June 7, 2023, 6:51 a.m.
Published on: June 7, 2023, 6:51 a.m.

ច្បាស់ការហើយ ! ទីបំផុតដឹងច្បាស់ពីទីតាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតាំងពីចំណុចចាប់ផ្តើមដល់បញ្ចប់


ខេត្តកណ្តាល ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកការដ្ឋានជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ពិធីប្រកាសបើកការដ្ឋាននេះធ្វឡើងនាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងនោះដែរខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ ។ ដោយគ្រោងនឹងសាងសង់ តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១៦០០ម៉ែត្រ ទទឹងរួម ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ផ្លូវល្បឿនលឿនខ្សែទីពីរ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាពេលនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០% ជាទុន វិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែក ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល ៕

Comments