+855 92 92 1000
Logo
គម្រោង Sky Villa បញ្ចប់ការសាងសង់បាន ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០
Updated on: June 2, 2022, 11:54 a.m.
Published on: July 6, 2020, 3:58 a.m.

គម្រោង Sky Villa បញ្ចប់ការសាងសង់បាន ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០


គម្រោងស្កាយវីឡា (Sky Villa) ផុសឡើងយ៉ាងត្រដែតនៅលើលំហវេហានៃទីក្រុងភ្នំពេញ ជាមួយនឹងអគារខុនដូភ្លោះកម្ពស់ ៣៥ជាន់ ស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក។ គម្រោងខុនដូដ៏ធំស្កឹមស្កៃនេះបានសម្រេចការសាងសង់ ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ហើយ។

គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោមការរចនាម៉ូដរបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee គម្រោងស្កាយវីឡា បង្កើតកំណត់ត្រាថ្មីក្នុងការក្លាយជាគម្រោងខុនដូលំនៅដ្ឋាន ដែលមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងទំហំយូនីត ចាប់ពី ២៧២​ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។​​ គួបផ្សំនឹងការរចនាប្លង់ដ៏ឈ្លាសវៃថែមទៀតនោះ ស្កាយវីឡា ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅលើលំហវេហានៃទីក្រុងភ្នំពេញ។

ក្រៅពីចំណុចពិសេសខាងលើ ខុនដូនេះនាំមកនូវបទពិសោធនៃការរស់នៅប្រកបដោយប្រណីតភាព​និងកិត្យានុភាពខ្ពស់ តាមរយៈការររចនាស្ថាបត្យកម្មតាមបែបសហសម័យ អមដោយសម្ភារបរិក្ខារលំដាប់អន្តរជាតិ​ និងធម្មជាតិបៃតង ដែលមិនត្រឹមតែបង្កើតបាននូវបរិយាកាសរស់នៅដ៏ស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសោភ័ណភាព សុខុមាលភាព និងផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ។ គម្រោងនេះ​មានខុនដូប្រណីតចំនួន ២៥៦យូនីត អមដោយបរិក្ខារនិងសេវាកម្មយ៉ាងសម្បូរបែប។ នៅជាន់ទី៣៤ និង ៣៥​ ដែលជាតំណភ្ជាប់នៃអគារទាំងពីរ អ្នកស្នាក់នៅអាចរីករាយកម្សាន្តជាមួយនឹងសេវាកម្មជាច្រើន ដូចជា ក្លិបហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹក និងសួនច្បារលើអាកាស អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល។ ក្រៅពីនេះ នៅលើអគារក៏មានក្លិបស្កាយវីឡា ដែលផ្តល់ជូននូវទីតាំងអានសៀវភៅ ភោជនីយដ្ឋាន ហាងកាហ្វេ រួមទាំងសាលកំសាន្តថែមទៀតផង។

ដើម្បីផ្តល់ជូននូវភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន៤ជាន់។

គម្រោង ស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់៕

សម្រាប់ទំនាក់ទំនងផ្នែកលក់ និងទីផ្សារ៖

លោក Nara Tang

+855 86 644 903

nara.tang@realestate.com.kh

Comments