+855 92 92 1000
Logo
ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ
Updated on: December 8, 2023, 7:38 a.m.
Published on: December 8, 2023, 7:38 a.m.

ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ


គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ ក្រោយបានពន្យាពេលដោយសារវិបត្តិ​កូវីដ១៩ នាពេលខាងមុខនឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ។ នេះបើយោងតាមអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង ។

អគ្គនាយករងក្រុមហ៊ុន OCIC បញ្ជាក់ថា ៖ «ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន ។ ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។» ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។

សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។

បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ សម្រេចបានប្រមាណ ១ភាគ៣នៃគម្រោងហើយ។​

សួននេះដែរ គឺមានឈ្មោះថា កោះនរាផាកវ៉េ សួនឧទ្យានវែងជាងគេនេះ នឹងត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទមួយដែលថ្មី ហើយប្លែក ដែលវែងជាងគេនៅកណ្តាលរាជធានីភ្នំពេញ ៕

Comments