(ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងលោក Patrick Muphy ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក)
រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានឲ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ នេះ សហរដ្ឋអាមេរិក បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១,៥០០ លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្ដោតលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងវិស័យបរិស្ថាន។
ថ្លែងក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Patrick Muphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១២ ខែធ្នូ លោករដ្ឋមន្តី្រឲ្យដឹងថា ក្រុមហ៊ុនអាមេរិកជាច្រើន បានមកបណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងថា តាមរយៈហិរញ្ញប្បទានឥតសំណងប្រមាណ ១,៥០០ លាន ដុល្លារ ព្រមទាំងការវិនិយោគ និងពាណិជ្ជកម្មពិតជាបានរួមចំណែកបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលជាច្រើនដែលប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងការលើកឡើងនេះ លោក Patrick Muphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិច នឹងបន្តជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីសុខភាពសាធារណៈ និងអប់រំ កម្មវិធីកសិកម្ម និងបរិស្ថាន កម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការផ្ដល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។
ជាងនេះទៀត ឯកអគ្គរដ្ឋទូតរូបនេះ បានអះអាងទៀតដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏នឹងបន្តជួយផងដែរដល់វិស័យឯកជននៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments