+855 92 92 1000
Logo
កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ
Updated on: November 15, 2023, 5:39 a.m.
Published on: November 15, 2023, 5:24 a.m.

កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ


ចាប់ពីឆ្នាំ២០២៥តទៅដីធ្លីដែលមិនបានប្រើប្រាស់ដែលមានទំហំ៥ហិកតាចុះក្រោមគឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់តែដីដែលមានទំហំចាប់ពី​៥ហិក​តា​ឡើងទៅតែប៉ុណ្ណោះ ។ នេះបើយោងតាមការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកម្មវិធី វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ ។

សម្ដេចធិបតីបានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ កន្លងមកមានការភាន់ច្រឡំច្រើនថា ពន្ធទាំងពីរនេះហាក់មានភាពត្រួតស៊ីគ្នា ។ ដើម្បីឱ្យសាធារណៈជនយល់កាន់តែច្បាស់ ខ្ញុំសូមជម្រាបជូនថា «ពន្ធលើអចលនទ្រព្យ» រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលសម្រេចអនុវត្ដចំពោះតែអចលនទ្រព្យ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងក្រុងចំនួន២៧ នៃខេត្ដទាំងអស់ទូទាំងប្រទេសប៉ុណ្ណោះ ។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ដើម្បីបញ្ចៀសការយកពន្ធត្រួតស៊ីគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ ស្រមតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញគោលការណ៍ ឱ្យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុទ្ធ ដើម្បីបន្ធូរបន្ថយលក្ខណ្ឌសម្រាប់ទទួលបានការលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យមានភាពច្បាស់លាស់ដូចតទៅ ៖

១៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ អញ្ចឹងអត់មានការត្រួតគ្នាទេ ។

២៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតាក្នុងមួយកន្លែង ។ មានន័យថា ដីដែលមានទំហំ៥ហិកតាចុះ លែងព្រួយបារម្ភរឿងជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ហើយ ។ កិច្ចការនេះពីដើមយើងធ្លាប់កាត់ ១២០០ ម៉ែត្រការ៉េ គិតថាជាដីលំនៅឋាន ។ ក្រោយមកលុប១២០០ការ៉េ គិតជាលុយ១០០លានរៀលវិញ ប៉ុន្ដែឥលូវកុំឱ្យពិបាកក្នុងការគិតថាផ្ទះប្រមាណ អីប្រមាណ គឺ៥ហិកតាចុះ គឺមិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយ​ចំពោះដីដែលលើស៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀតដើម្បីអនុគ្រោះ ។ និយាយជារួមគោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេកព្រោះអាចប៉ះពាល់ ទិញ​យកទៅធ្វើអី យកទៅបង្កើតសកម្មភាពដើម្បីឱ្យជួយសេដ្ឋកិច្ច ។

គួរបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃការទិញដីទុកដោយមិនបានប្រើប្រាស់ ហើយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕

Comments