+855 92 92 1000
Logo
ល្មមហើយ ! អ្នកមានវ័យ១៨-៣៥ឆ្នាំបើចង់សល់ផ្ទះមិនគួររំលងគន្លឹះ៤ចំណុចនេះ
Updated on: June 7, 2022, 5:41 a.m.
Published on: June 2, 2022, 7:52 a.m.

ល្មមហើយ ! អ្នកមានវ័យ១៨-៣៥ឆ្នាំបើចង់សល់ផ្ទះមិនគួររំលងគន្លឹះ៤ចំណុចនេះ


មនុស្សដែលមានវ័យចន្លោះ១៨ឆ្នាំដល់៣៥ឆ្នាំជាវ័យមួយដែលត្រូវខិតខំរៀនសូត្រ ឬធ្វើការដើម្បីសន្សំចំណេះដឹង និង​សន្សំលុយដើម្បីសម្រេចគោលបំណងរបស់ខ្លួន ។ ក្នុងចន្លោះវ័យខាងលើ​ក៏មានមនុស្សមួយចំនួន​មានសម្រេច​គោល​ដៅរហូតអាចទិញផ្ទះសម្រាប់រស់នៅបានដោយខ្លួនឯង ប៉ុន្តែផ្ទុយទៅវិញ​ក៏មានមនុស្សមួយ​ចំនួនមិនខិតខំ​ប្រឹង​ប្រែងធ្វើការ និងអភិវឌ្ឍខ្លួនដើម្បីអាចទិញផ្ទះដោយខ្លួនឯង តែបែរជាអង្គុយតូចចិត្តនឹងគ្រួសារដែលមិនបំពេញ​តម្រូវការរបស់ខ្លួន និងអ្វីដែលពួកគេចង់បានទៅវិញ ។

ជាយុវវ័យសម័យជឿនលឿនត្រូវតែរកអ្វីដែលជាសមិទ្ធផលរបស់់ខ្លួនឯង ត្រូវមានការតស៊ូ និងភាពរឹងមាំដោយ​ខ្លួន​ទីពឹង​ខ្លួនពីព្រោះគ្រួសារមិនអាចចាំជួយអ្នករហូតបាន១ជីវិតនោះទេ ។ មកដល់ចំណុចនេះ អ្នកគួរសួរខ្លួ​នឯងថា អាយុ​​​​​ប៉ុណ្ណឹងសល់អ្វីខ្លះហើយ? មានគោលដៅអ្វីឬនៅ? មានអ្វីជាទីពឹងទៅមុខបាន? ខាងក្រោមនេះជាចំណុចទាំង៤​ដែលមនុស្សវ័យ១៨ដល់៣៥ឆ្នាំគួរឈ្វេងយល់ប្រសិនបើចង់សល់ផ្ទះរស់នៅ ៖

ទី១-ដាក់គោលដៅ

ទិញផ្ទះ ទិញដោយមានគោលដៅ ត្រូវគិតមុនគូរ គូរហើយធ្វើជាក់ស្ដែង ទើបអាចសម្រេចជាសមិទ្ធផលបាន ។ អ្នក​ដែល​មានគោលដៅត្រូវតែចេះដើរស្វែងរកអ្វីដែលជាផលប្រយោជន៍ ដើរតាមគោលដៅមិនវង្វេងផ្លូវដែលត្រូវដើរ ត្រូវ​​​​ឆ្លាតដោយបណ្ដុះបណ្ដាលខ្លួនឯងឱ្យទៅមុខដោយជោគជ័យ ។ ក្នុងការទិញផ្ទះអ្នកត្រូវឆ្លាតជាដាច់ខាត ក្នុងការ​ស្វែងរកទុកជាមុននូវផ្ទះនីមួយៗដែលជាជម្រើសរបស់ខ្លួន ដូច្នេះវាធ្វើឱ្យយើងចេះវិនិច្ជ័យទុកជាមុន ដើម្បីសម្រេច​ចិត្តឱ្យ​ត្រឹមត្រូវ ។

ទី២-ពិនិត្យ និងប្តូរឥរិយាបទ

ដើម្បីចាប់ផ្ដើមគោលដៅក្នុងការទិញផ្ទះ អ្នកទាំងអស់គ្នាគួរវិនិយោគខ្លួនឯងជាមុនសិន ដោយអភិវឌ្ឍន៍ពីភាព​អវិជ្ជ​មាន​​ទាំងអស់ ។ ការកែប្រែទម្លាប់គឺជារឿងសំខាន់បំផុត ដែលធ្វើឱ្យអ្នកឆាប់គេចផុត​បានលឿនពីអវិជ្ជមាន​ទៅវិជ្ជ​មាន​វិញ ។ ភាគច្រើននៃអ្នកវ័យស្រករនេះគឺចំណាយពេលច្រើនទៅលើភាពសប្បាយ ហ៊ឺហា សម្ភារនិយម ដោយ​ការ​​​​ចំណាយមិនចេះគិតមុខក្រោយឡើយ ដូច្នេះប្រាក់ចំណូលប្រចាំខែត្រូវចំណាយដោយគ្មានប្រយោជន៍ និងបាន​សេស​សល់​អ្វីច្រើនឡើយ ។

ការសន្សំដោយអត់ធ្មត់រយៈពេលយូរនឹងធ្វើឱ្យអ្នកមានលទ្ធផលបានមួយផ្នែក ដូច្នេះត្រូវតែប្តូរឥរិយាបទដែលមិន​ល្អ​ទាំង​អស់ ដើម្បីផែនការថ្ងៃមុខ ពីព្រោះការសប្បាយតាមចិត្តអាចនឹងមានតាមក្រោយ បន្ទាប់ពីជោគជ័យ ពោលគឺ​ស៊ូយក​ភាពសប្បាយដែលពេញលេញ មិនមែនសប្បាយលាយទឹកភ្នែក ។

ទី៣-ស្វែងរកខ្លួនឯង

ការដែលត្រូវស្វែងរកខ្លួនឯង រកអ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ ជាផ្លូវនាំមុខក៏ល្អក្នុងការសម្រេច​គោល​ដៅ ។ កាលណាបើបុគ្គលនីមួយៗស្គាល់ខ្លួនឯងហើយ នឹងធ្វើឱ្យមានភាពប្រសើរឡើង ពោលគឺរកអ្វីដែលខ្លួនឯង​មាន​ចំណេះ​ជំនាញពិតប្រាកដ ដើម្បីដាក់ឱ្យត្រូវគោលដៅ ត្រូវកន្លែងឆាប់បានជោគជ័យ ។

ទី៤-រៀបចំផែនការ

មុនពេលអ្នកទិញត្រូវដឹងខ្លួនឯងថា អ្នកទិញដោយរបៀបណា យ៉ាងដូចម្ដេច? ត្រូវទិញដោយសន្សំលុយសុទ្ធ ឬបង់​រម្លស់​ដោយធនាគារ ឬម្ចាស់គម្រោងផ្ទាល់? ជាពិសេសត្រូវកំណត់ដោយខ្លួនឯងថា ត្រូវចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​​ទិញ​ផ្ទះ? ពេលទិញហើយត្រូវចំណាយលើអ្វីខ្លះបន្ទាប់? អាចទាញចំណូលពីផ្ទះបានដែរឬទេ? ផែនការនីមួយៗ​ត្រូវ​តែ​​​មានរៀបចំឱ្យត្រឹមត្រូវដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕

Comments