+855 92 92 1000
Logo
ប្រយ័ត្នចូលអន្ទាក់ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ
Updated on: April 27, 2023, 6:37 a.m.
Published on: February 2, 2023, 4:08 a.m.

ប្រយ័ត្នចូលអន្ទាក់ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ


ទន្ទឹមនឹងនិន្នាការអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុកពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមានកំណើនការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែមានប្រយោជន៍ច្រើនប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ ។ ស្របពេលសន្ទុះតម្រូវការមានការកើនឡើងនេះផងដែរ ក៏មានប្រជាពលរដ្ឋជាច្រើនកន្លងមកហើយដែលធ្លាប់ត្រូវបានចាញ់បោកជនខិលខូចដែលជាដង្កូវក្នុងសាច់បង្កបខ្លួននៅក្នុងវិស័យអចលនទ្រព្យដែលកំពុងមានសក្តានុពលមួយនេះ ។

ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន ។ លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថា អ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេលដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យណាមួយ ។ ថ្ងៃនេះ realestate.com.kh នឹងលើកយកល្បិចឆបោករបស់ជនខិលខូចទាំង៥ដែលអ្នកត្រូវយល់ដឹង ៖

ទី១- ល្បិចលក់ដីឡូត៍ខ្យល់

ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ ។ ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន ។ អ្នកចាញ់បោកអ្នកលក់ដីឡូត៍ខ្យល់អាចមកពីមិនបានធ្វើការឈ្វេងយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម) ។ អ្វីដែលអ្នកត្រូវធ្វើ ៖«អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ ។ ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ» ។

ទី២- ល្បិចបោកប្រាក់កក់

អ្នកលក់ដីឡូត៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត ។ អ្នកទិញត្រូវបានស្នើរឱ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ ។ បន្ទាប់ពីទទួលបានប្រាក់កក់អ្នកលក់ក្លែងក្លាយនឹងគេចខ្លួនបាត់ស្រមោល ។ ដូច្នេះដើម្បីចៀសវាងពីករណីឆបោកនេះ «អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ ។ ធ្វើបែបនេះអាចការពារខ្លួនអ្នកពីការឆបោក» ។

ទី៣- ល្បិចបង់ប្រាក់មុនគម្រោង

អ្នកអភិវឌ្ឍក្លែងក្លាយច្រើនតែផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី និងចាប់បើកលក់មុនគម្រោង ។ ពួកគេបើកឱ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់ ។ដើម្បីជាដំណោះស្រាយចៀសវាងរាល់បញ្ហាទាំងនេះ ៖«អ្នកអាចធ្វើការពិនិត្យឱ្យបានហ្មត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍ ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក ។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបានដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា ។ ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ ។ ប៉ុន្តែសូមចំណាំថា នេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ»។

ទី៤- ល្បិចឆបោកជាប្រព័ន្ធ

ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថា នឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់ ។ រួចពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំបន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ ។

ក្នុងករណីនេះដើម្បីគេចចេញពីការឆបោកជាប្រព័ន្ធនេះអ្វីដែលអ្នកត្រូវធ្វើគឺ ៖ «អ្នកអាចមើលដឹងថា វាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ» ។

ទី៥- ម្ចាស់ក្លែងក្លាយ

អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗដាក់ប្រកាសលក់ជាច្រើនកន្លែងមកហើយ ។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយនោះដែលខ្លួនមិនមែនជាម្ចាស់ពិតប្រាកដ ប៉ុន្តែដើរស្រែកប្រាប់គេថា វាជាដីរបស់ខ្លួន ។ ក្នុងករណីនេះដំណោះស្រាយដែលល្អបំផុត ៖«អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ ។ បន្ទាប់មកពិនិត្យថា តើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់នោះបានអះអាង ។ ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន ។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថា នរណាជាម្ចាស់ពិតប្រាកដ» ៕

Comments