+855 92 92 1000
Logo
មានផ្ទះលក់​មិនចេញ ! ប្រើសិល្បវិធី៥យ៉ាងនេះលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្ដើមគ្នាទិញ
Updated on: March 7, 2023, 9:47 a.m.
Published on: March 7, 2023, 9:47 a.m.

មានផ្ទះលក់​មិនចេញ ! ប្រើសិល្បវិធី៥យ៉ាងនេះលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្ដើមគ្នាទិញ


ជាទូទៅនៅពេលដែលអ្នកចង់លក់ផ្ទះគឺតែងតែចង់ឱ្យលក់ឆាប់ហើយបានតម្លៃខ្ពស់ តែលោកអ្នកដឹងថារាល់អតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក គឺពិចារណាច្រើនចំណុចទាក់ទងនិងតម្លៃ គុណភាពសំណង់ ឬទីតាំងជាដើម ក៏ដូចជារចនាបទនានាដែលមាននៅក្នុងផ្ទះផងដែរ។​​ ដូច្នេះត្រូវទាមទារឱ្យអ្នកត្រូវមាន​សិល្បៈ និងសិល្បវិធី​ជាច្រើន​ដើម្បីទាក់ចិត្តអតិថិជន​ឱ្យសម្រេចចិត្តទិញបាន។

ជាទូទៅអ្នកលក់ផ្ទះតែងតែចង់បានតម្លៃខ្ពស់ និងលក់ចេញបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយអ្នកទិញផ្ទះវិញតែង​តែចង់បានផ្ទះដែលមានគុណភាព រួមជាមួយទីតាំងល្អ ក្នុងតម្លៃមួយទាប ។ ដូច្នេះសម្រាប់អ្នកដែលចង់លក់ផ្ទះច្បាស់ណាស់​ត្រូវតែមានវិធីសាស្ត្រល្អសមស្របណាមួយដើម្បីទាក់ចិត្តអ្នកទិញហ៊ានផ្តល់តម្លៃមួយខ្ពស់តាមដែលអ្នកចង់បាន ។ ថ្ងៃនេះ Realestate.com.kh នឹងលើកយកសិល្បវិធី៥ចំណុចដែលធ្វើឱ្យការលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្តើមគ្នាទិញ ៖

ទី១. ជួសជុលសួនច្បារ ឬទីធ្លាផ្ទះ (ប្រសិនបើមាន)

សម្រាប់អតិថិជនដែលស្វែងរកទិញផ្ទះច្បាស់ណាស់រឿងដែលគេត្រួតពិនិត្យមុនគេនោះគីទីធ្លារបស់ផ្ទះថា តើវាមានកន្លែងសម្រាប់ធ្វើជាសួន ឬមានទីធ្លាធំដែរឬទេ? ដើម្បីឲ្យអតិថិជនកាន់តែពេញចិត្ដ និងហ៊ានឲ្យថ្លៃខ្ពស់អ្នកគួរចំណាយកម្លាំងបន្ដិចដើម្បីធ្វើការតុបតែងសួនច្បារ (ប្រសិនបើមាន) និងសម្អាតទីធ្លាមុខ និងក្រោយផ្ទះរបស់អ្នកឲ្យបានស្អាត ។ និយាយជារួមគឺធ្វើយ៉ាងណាឲ្យមានផាសុកភាពល្អនៅក្នុងការរស់នៅ ។

ទី២. ការជួលជុលឡើងវិញ ឬដូរថ្មី

ប្រសិនបើផ្ទះរបស់អ្នកមានសភាពល្អស្អាត នោះអ្នកអាចនឹងទទួលបានតម្លៃលក់ខ្ពស់បំផុត ។ អ្វីដែលអ្នកគួរពិនិត្យមើលគឺ ថ្នាំពណ៌ផ្ទះថា តើមានភាពស្រអាប់ របក ឬត្រូវដូរពណ៌ថ្មី ។ សម្ភារៈផ្ទះបាយ អ្នកទិញគេតែងរំពឹងថា សម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់អ្នកគឺអាចប្រើបាន ។ ប្រសិនបើ ជើងក្រាន កន្លែងលាងចាន របស់អ្នកមិនស្អាត ឬមានទ្រង់ទ្រាយមិនល្អ អ្នកគួរតែកែកុនវាឡើងវិញតាមដែលអាចទៅរួច ។ បន្ទប់ទឹក ក៏ជារឿងសំខាន់ដែរ អ្នកគួរតែសម្អាត និងរៀបចំសម្ភារៈដែលចាំបាច់ប្រើប្រាស់ឲ្យបានល្អប្រសើរ ។ អំពូលភ្លើង គួរតែផ្លាស់ប្ដូរអំពូលណាដែលខូច ឬដាក់បន្ថែមកន្លែងណាគួរដាក់ និងអាចប្រើអំពូលប្រភេទ LED ដើម្បីសន្សំភ្លើងផងដែរ ។ អ្នកក៏គួរពិនិត្យមើលដំបូលផ្ទះរបស់អ្នក ប្រសិនមានការលេចធ្លាយ គួរធ្វើការជួសជុលឲ្យបានជិតស្អាត ។

ទី៣. ជ្រើសរើសភ្នាក់ងារចុះបញ្ជី (Listing Agent)

ការជ្រើសរើសភ្នាក់ងារចុះបញ្ជី (Listing Agent) ឱ្យបានត្រឹមត្រូវ គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាត ហើយមានវិជ្ជាជីវៈត្រឹមត្រូវ ជាក់ស្តែងដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមដើម្បីធ្វើជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការទិញលក់មួយ ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការទិញលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឱ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត ។ ដូច្នេះអ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលស័ក្តិសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ ហើយប្រសិនបើលោកអ្នកមិនដឹងត្រូវស្វែងរកក្រុមហ៊ុនណាដែលអាចជឿទុកចិត្តបាន លោកអ្នកអាចប្រឹក្សាជាមួយ Realestate.com.kh បាន ។

ទី៤. ដឹងពីតម្លៃផ្ទះ

លោកអ្នកគួរតែធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់លាស់ ព្រោះម្ចាស់ផ្ទះភាគច្រើនគឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ ដូច្នេះអ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ ។ វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់ ។

ទី៥. បង្កើតទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ ជាពិសេស​អ្នកដែលចង់លក់ផ្ទះត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន ។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងជឿជាក់លើអ្នកលក់ផ្ទាល់ ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន ។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្តបានផងដែរ ៕

Comments