+855 92 92 1000
Logo
ដឹងឱ្យច្បាស់ចៀសវាងត្រូវពិន័យ ! តើផ្ទះ និងដីប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?
Updated on: June 28, 2023, 8:10 a.m.
Published on: June 28, 2023, 8:10 a.m.

ដឹងឱ្យច្បាស់ចៀសវាងត្រូវពិន័យ ! តើផ្ទះ និងដីប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?


ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានកំណត់លើប្រាក់ឈ្នួល ដែលបានមកពីការជួលផ្ទះ និងដីដែលត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មករសិទ្ធិករ (អ្នកតំណាងឱ្យម្ចាស់កម្មសិទ្ធិ) ​ហើយពន្ធនេះត្រូវបានប្រមូល សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ ។

លោក ព្រាប បូណា បានពន្យល់បន្តថា សម្រាប់ដី ឬ​អចលទ្រព្យដែលជាប់ពន្ធលើឈ្នួលផ្ទះ និងដី រួមមានដីដែលប្រើប្រាស់សម្រាប់នេសាទ យកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ ឬស្រែអំបិល ក្នុងករណីដែលមានការជួលហើយទទួលបានចំណូល គឺជាកម្មវត្ថុនៃការបង់ឈ្នួលផ្ទះ និងដី ។ រីឯ អគារ ផ្ទះ រោងចក្រ ភណ្ឌាគារ ឬការិយាល័យ សំណង់អគារអាជីវកម្ម ឬឧស្សាហកម្មផ្សេងៗ ដូចជាឃ្លាំងផ្ទុកផលិតផល ឬស្ថានីយផ្ទុកប្រេងជាដើម ប្រសិនបើទទួលបានចំណូលពីការជួលអចលនទ្រព្យទាំងនេះ គឺជាកម្មវត្ថុនៃការយកពន្ធឈ្នួលផ្ទះ និងដី​ដូចគ្នាដែរ ។

លោកបានបញ្ជាក់បន្ថែមថា ជាមួយគ្នា ផ្ទះបណ្តែតទឹក ភោជនីយដ្ឋានបណ្តែតទឹក ទូក កាណូត ឬកប៉ាល់ ដែលត្រូវបានប្រើប្រាស់ធ្វើជាលំនៅដ្ឋាន ឬអាជីវកម្មផ្សេងៗ ​ហើយទទួលបានចំណូលពីការជួល ​ក៏ជាកម្មវត្ថុនៃការបង់ពន្ធ លើឈ្នួលផ្ទះ និងដីផងដែរ ។ ប្រសិនបើផ្ទះ ឬដី ឬអចលនទ្រព្យ ដែលមិនទទួលបានប្រាក់ចំណូលពីការជួលទេ នោះមិនមែនជាកម្មវត្ថុនៃការបង់ពន្ធឈ្នួលផ្ទះ និងដីឡើយ ។

ក្នុងករណីប្រាក់ឈ្នួលផ្ទះ និងដី ដែលបានគិតបញ្ចូល ក្នុងប្រាក់ចំណេញនៃសហគ្រាស ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម ឬមុខរបរពាណិជ្ជកម្មណាមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌត្រូវយកពន្ធលើប្រាក់ចំណេញតាមរបបពិត នឹងត្រូវបានលើកលែងក្នុងការបង់ពន្ធលើឈ្នួលផ្ទះ និងដីនេះ ។ ជាមួយគ្នា ប្រាក់កក់តម្កល់ទុកធ្វើជាប្រាក់ធានាក៏មិនជាប់ពន្ធដែរ។ ដោយឡែក ទឹកប្រាក់ដែលបានមកពីការជួលប្រចាំខែក្រោម ៥០ម៉ឺនរៀលក៏រួចផុតពីការបង់ពន្ធដូចគ្នា ។

លោកបានឱ្យដឹងបន្តថា អ្នកជាប់ពន្ធត្រូវបង់ពន្ធលើឈ្នួលផ្ទះ និងដីជារៀងរាលល់ខែ ហើយត្រូវប្រកាសក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជួល ជូនទៅសាខាពន្ធដារខេត្ត ខណ្ឌដែលទ្រព្យជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ចម្លងនៃកិច្ចសន្យាជួល ។ ជាមួយគ្នាពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ត្រូវប្រកាសាជាលាយលក្ខណ៍អក្សរជូនទៅសាខាពន្ធដារខេត្ត ខណ្ឌ ដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ ។

មន្រ្តីនៃអគ្គនាយកពន្ធដារក៏បានក្រើនរំលឹកពីប្រភេទដី ឬអចលទ្រព្យ ដែលត្រូវបង់ពន្ធ​លើឈ្នួលផ្ទះ និងដី ដើម្បីចៀសវាងការផាកពិន័យណាមួយ ដែលនាំឱ្យខាតប្រយោជន៍ដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ។ ប្រសិនបើទ្រព្យសម្បត្តិអ្នកជាប់ពន្ធកំពុងរងការបំផ្លិចបំផ្លាញ ឬអ្នកជាប់ពន្ធកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ការទូទាត់ពន្ធនេះអាចពន្យារ ឬចំនួនទឹកប្រាក់ពន្ធត្រូវបានបន្ធូរបន្ថយ ឬអ្នកជាប់ពន្ធអាចរួចពីការបង់ពន្ធនេះតែម្តង ​៕

Comments