+855 92 92 1000
Logo

Editorial content

គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​
Updated on: October 4, 2022, 6:58 a.m.
Published on: February 14, 2020, 8:13 a.m.
Home & Living
Property Buyers & Sellers Advice

គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​


ស្ថិតក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឱកាសជាច្រើនដើម្បីរកចំណូល។ វាក៏ជាពេលមួយដែលអ្នកគួរតែចាប់ផ្ដើមសន្សំប្រាក់ក្នុងការវិនិយោគទិញផ្ទះដំបូងរបស់អ្នក។

ប្រសិនបើអ្នកមានអាយុក្រោម៣០ឆ្នាំ មានការងារសមរម្យមួយ ប៉ុន្ដែមិនទាន់មានផ្ទះជារបស់ខ្លួន នេះជាពេលមួយសម្រាប់អ្នកក្នុងការសន្សំប្រាក់ទិញផ្ទះដំបូងរបស់អ្នក។ អចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញុកំពុងមានការរីកដុះដាលយ៉ាងខ្លាំង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត អ្នកនឹងមានជម្រើសកាន់តែច្រើនជាមួយគម្រោងខុនដូ ឬបុរីថ្មី។

ក្នុងចិត្តអ្នកប្រហែលជាគិតថា «តែខ្ញុំនៅក្មេងទេ! ខ្ញុំចង់ឃើញពិភពលោក និងទទួលបទពិសោធន៍ថ្មីៗ។ ឬ តើអ្នកមានឃើញតម្លៃទេ? វាថ្លៃណាស់។» ខណៈដែកការព្រួយបារម្ភទាំងពីរនេះហាក់ដូចជារឿងសាមញ្ញ ប៉ុន្ដែការពិតវាមិនពិបាកដូចអ្នកគិតនោះទេ។

ហេតុអ្វីអ្នកគួរចាប់ផ្ដើមសន្សំប្រាក់​សម្រាប់ការទិញផ្ទះខណៈពេលដែលអ្នកមានអាយុ២០ឆ្នាំ?

ស្ថិតក្នុងវ័យ២០ឆ្នាំជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះ។ ប៉ុន្ដែយុវវ័យភាគច្រើនតែងតែខ្ចះខ្ជាយនូវពេលវេលារបស់ពួកគេ។ ពួកគេភាគច្រើនតែងតែចំណាយប្រាក់លើការដើរកម្សាន្ដ និងការបរិភោគអាហារខាងក្រៅ។ ពួកគេតែងគិតថាពួកគេធ្វើការរកលុយ​សម្រាប់សកម្មភាពទាំងអស់នេះ ហេតុអ្វីមិនចំណាយវា? ត្រង់ចំណុចនេះហើយជាបញ្ហា។ នៅក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឳកាសច្រើនដើម្បីរកប្រាក់ ដែលមិនមានកម្រិតដូចគ្នា​ ពេលឈានដល់វ័យ៣០ ឬ៤០ឆ្នាំ។ ការដាក់ប្រាក់សន្សំសម្រាប់ផ្ទះ ជាពិសេសក្នុងវ័យ២០ឆ្នាំនឹងផ្ដល់នូវប្រយោជន៍មួយនៅពេលដែលអ្នកដឹងពីតម្លៃនៃការកាន់កាប់ផ្ទះ។

ប្រាក់សន្សំមិនចាំបាច់ទាល់តែមានច្រើននោះទេ។ តែអ្នកគួរកាត់បន្ថយការចំណាយប្រចាំថ្ងៃ ឬការចំណាយផ្សេងៗ និងត្រូវប្រាកដថាអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រាក់កក់ផ្ទះជាលើកដំបូង។ នេះមិនមានន័យថាអ្នកគួរបញ្ឈប់ការចំណាយលើរបស់ទាំងនោះទាំងស្រុងទេ ប៉ុន្ដែអ្នកគួរតែពិចារណាក្នុងការកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ដើម្បីសុវត្ថិភាពនាពេលអនាគតរបស់អ្នក។

គន្លឹះសន្សំប្រាក់ប្រចាំថ្ងៃ សប្ដាហ៍ និងខែ

កាត់បន្ថយការធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេស

ប្រសិនបើអ្នកធ្វើដំណើរកម្សាន្ដក្រៅប្រទេស ឬ៣ដងក្នុងមួយឆ្នាំ អ្នកគួរកាត់បន្ថយទៅ១ ឬ២ដងក្នុងមួយឆ្នាំវិញ។ សំបុត្រយន្ដហោះមានតម្លៃទាបបំផុតប្រមាណ ២០០ដុល្លារ ក្នុងការធ្វើដំណើរទៅមក។ ម្យ៉ាងវិញទៀត អ្នកមិនត្រឹមតែចំណាយលើសំបុត្រយន្ដហោះតែមួយមុខនោះទេ ការចំណាយលើកន្លែងស្នាក់នៅ អាហារ វត្ថុអនុស្សាវរីយ និងសកម្មភាពផ្សេងៗ។ ការចំណាយទៅលើការស្នាក់នៅ និងអាហារអាចមានចន្លោះពី៣០០ ទៅ១០០០ដុល្លារ ចំពោះដំណើរកម្សាន្ដម្ដងៗ។

(កាត់បន្ថយការធ្វើដំណើរក្រៅប្រទេសគឺជាមធ្យោបាយដ៏ល្អមួយក្នុងការសន្សំប្រាក់សម្រាប់អ្នក។ រូបភាពដោយ៖ Economytraveller.com)

ប្រសិនបើអ្នកកាត់បន្ថយការធ្វើដំណើរកម្សាន្ដនេះបាន នោះអ្នកនឹងអាចសន្សំប្រាក់បានជាមធ្យមប្រមាណ៥០០ដុល្លារក្នុងមួយឆ្នាំ។ ដែលប្រាក់នេះអាចសន្សំសម្រាប់ការទិញលំនៅដ្ឋានបាន។

បន្ថយការបរិភោគអាហារថ្លៃៗ

(ប៊ឺរហ្គឺរដូចក្នុងរូបភាពនេះអាចមានតម្លៃរហូតដល់១០ដុល្លារ. រូបភាពដោយ៖ Timothy O’Toole)

ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញសម្បូរទៅដោយហាងអាហារឆ្ងាញ់ៗ។ ភោជនីដ្ឋានជាច្រើនកំពុង រីកដុះដាលដូចផ្សិត ដែលមានបម្រើទាំងមុខម្ហូបខ្មែរ និងបរទេស។
ការបរិភោគអាហារនៅតាមហាងទំនើបថ្លៃៗ អ្នកត្រូវចំណាយជាមធ្យមចាប់ពី ១០ ទៅ ៣០ដុល្លារក្នុងមួយ ពេល។ ប្រសិនបើអ្នកចំណាយលើការបរិភោគអាហារ១០ដុល្លារ ឬច្រើនជាងនេះក្នុងការទទួលទានមួយពេល នោះអ្នកនឹងចំណាយប្រមាណ២០ ទៅ ៣០ដុល្លារក្នុងមួយថ្ងៃ។

អ្នកគួរតែជ្រើសរើសអាហារដែលមិនសូវថ្លៃ ប៉ុន្តែនៅតែរក្សាបានរសជាតិឆ្ងាញ់ ពីព្រោះនៅក្នុងរាជធានីភ្នំពេញក៏សម្បូរដោយហាងអាហារឆ្ងាញ់​ និងមានតម្លៃសមរម្យចន្លោះពី ៣ ទៅ៥ដុល្លារផងដែរ។ ការបរិភោគនៅផ្ទះក៏ជួយសម្រួលដល់ការចំណាយរបស់អ្នកដែរ។ ប្រសិនបើអ្នកមិន ចេះធ្វើម្ហូប អ្នកគួរតែតែរៀនធ្វើម្ហូប ព្រោះវាអាចជួយអ្នកឲ្យសន្សំប្រាក់បានច្រើន។

រៀននិយាយថា «ទេ» ចំពោះសកម្មភាព និងការចំណាយថ្លៃៗ

(និយាយថា «ទេ» អាចជាជម្រើសល្អសម្រាប់ការគ្រប់គ្រងការចំណាយរបស់អ្នកខណៈពេលដែលអ្នកកំពុងបង់រំលស់ផ្ទះ។ រូបភាពដោយ៖ LostPlate.com )

អ្នកស្រឡាញ់មិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នក ប៉ុន្ដែបើអ្នកយល់ព្រមរាល់ការស្នើរសុំ ឬការធ្វើដំណើរទៅកាន់កន្លែងណាមួយជាមួយពួកគេញឹកញាប់ នោះវាអាចប៉ះពាល់ដល់ការសន្សំប្រាក់របស់អ្នក។ ឧទាហរណ៍ប្រសិនបើអ្នកចំណាយ៤០ដុល្លារទៅលើការចេញទៅក្រៅជារៀងរាល់សប្ដាហ៍ រួមមានការចំណាយទៅលើអាហារ ភេសជ្ជៈ ការមើលកុន ថ្លៃធ្វើដំណើរ ឬក៏ការចំណាយផ្សេងៗ ហើយបើក្នុងមួយខែអ្នកចេញទៅក្រៅចំនួន៤ដង នោះអ្នកនឹងចំណាយអស់១៦០នៅក្នុងមួយខែ។

ការចំណាយទៅលើសកម្មភាពទាំងនោះមានភាពខុសៗគ្នា។ ប៉ុន្ដែអ្នកត្រូវចាំថា ការធ្វើដំណើរទៅក្រៅនៅចុងសប្ដាហ៍ វាជាសកម្មភាពមួយដែលមិនល្អចំពោះការសន្សំប្រាក់ឡើយ។

ជៀសវាងការចំណាយទៅលើកាហ្វេថ្លៃៗ

(កាត់បន្ថយការចំណាយលើកាហ្វេប្រចាំថ្ងៃ អាចជួយទៅដល់ការសន្សំប្រាក់អ្នកអ្នក។ រូបភាពដោយ៖ Discover Cambodia)

ការចំណាយទៅលើកាហ្វេថ្លៃៗប្រចាំថ្ងៃរបស់អ្នកអាចប៉ះពាល់ទៅដល់ការសន្សំប្រាក់ ប្រសិនបើអ្នកចំណាយទៅលើវាជារៀងរាល់ថ្ងៃ។ កាហ្វេប្រែនមានតម្លៃជាមធ្យមប្រមាណពី២.៥ ទៅដល់ ៤.៥ដុល្លារ មានន័យថាជាមធ្យមអ្នកអាចចំណាយរហូតទៅដល់ ១០០ដុល្លារក្នុងមួយខែ។ ប្រសិនបើអ្នកអាច កាត់បន្ថយការចំណាយនេះបាន អ្នកអាចសន្សំប្រាក់ ១២០០​ដុល្លារក្នុងមួយឆ្នាំ។

តាមដានការចំណាយប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ

(ការតាមដានការចំណាយប្រចាំខែអាចធ្វើឲ្យអ្នកស្វែងយល់កាន់តែច្បាស់ពីទម្លាប់ចំណាយរបស់អ្នក និងដឹងពីខ្ទង់ចំណាយដែលត្រូវសន្សំ។ រូបថតដោយ Review Geek។)
ការធ្វើបញ្ជីចំណាយប្រចាំខែរបស់អ្នក មិនមែនជារឿងអាក្រក់ឡើយ។ វាជារឿងមួយដែលល្អ ព្រោះវានឹងធ្វើឲ្យអ្នកដឹងច្បាស់ពីការចំណាយរបស់អ្នក។ នេះគឺជាសំណួរមួយចំនួនដែលអ្នកគួរ សួរខ្លួនឯងដើម្បីតាមដានការចំណាយរបស់អ្នក៖

តើខ្ញុំចំណាយទៅលើអ្វីខ្លះ?

តើខ្ញុំត្រូវចំណាយប៉ុន្មានលើសកម្មភាពទាំងនោះ?

តើខ្ញុំចំណាយលើសកម្មភាពនេះញឹកញាប់កំរិតណា?

ឆ្លើយនឹងសំណួរទាំងនេះ អ្នកនឹងដឹងកាន់តែច្បាស់នូវទម្លាប់ចំណាយប្រចាំខែរបស់អ្នក ជាពិសេសក្នុងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នក។

ហេតុអ្វីបានជាខ្ញុំមិនអាចសន្សំលុយបាន?

តើវាជាការចាំបាច់ទេក្នុងការចំណាយទៅលើរបស់អស់ទាំងនេះ?

តើខ្ញុំអាចកំណត់ការចំណាយទាំងអស់នេះបានទេ?

បង្កើតគណនីដាច់ដោយឡែកមួយ ជាពិសេសគណនីសន្សំ

(រូបភាព ABA) 

ដូចដែលម្ដាយខ្ញុំតែងនិយាយ «សន្សំលុយទុកមុន ហើយចំណាយអ្វីដែលនៅសល់»។ មានធនាគារជាច្រើនដូចជា ABA អនុញ្ញាតឲ្យអ្នកបង្កើតគណនីសន្សំដាច់ដោយឡែកដោយភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់អ្នក។ នៅពេលដែលអ្នកទទួលបានប្រាក់ចំណូលប្រចាំខែរបស់អ្នក ឬប្រាក់ផ្សេងៗ អ្នកគួរតែបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នក ចៀសវាងការចំណាយផ្សេងៗ។

ចំនួនប្រាក់ដែលត្រូវសន្សំគឺអាស្រ័យទៅតាមតម្រូវការរបស់អ្នក។ បើតាមការណែនាំភាគច្រើន អ្នកគួរតែរក្សាទុក ២០ ទៅ ៣០ភាគរយនៃប្រាក់ចំណូលសរុបរបស់អ្នក ហើយអ្នកត្រូវចងចាំថា អ្នកមិនត្រូវប៉ះពាល់ប្រាក់សន្សំរបស់អ្នកឡើយ លុះត្រាក្នុងករណីចាំបាច់បំផុត។

ការសន្សំប្រាក់នឹងផ្ដល់ផលប្រយោជន៍ច្រើនឲ្យអ្នកក្នុងថ្ងៃអនាគត

អ្នកប្រហែលជាលឺម្ដងជាពីរដងរួចមកហើយពីឪពុកម្ដាយ ឬបងប្អូនរបស់អ្នក ហើយវារឿងដដែលៗមិនមានអ្វីថ្មីឡើយ ប៉ុន្ដែវាជាការពិត។ ការកាត់បន្ថយការចំណាយប្រចាំថ្ងៃជាលើកដំបូង វាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែការព្យាយាមរបស់អ្នកនឹងធ្វើឲ្យអ្នករីករាយនៅពេលដែលអ្នកទទួលបានផ្ទះជារបស់ខ្លួន។ ការមានផ្ទះ ផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងការធានានូវអនាគតដ៏ប្រសើរសម្រាប់អ្នក។ ដូច្នេះ នៅពេលដែលអ្នកគិតពីការទិញកាហ្វេកែវទី៣របស់អ្នកនៅម៉ោង៥ល្ងាច អ្នកគួរតែសួរខ្លួនអ្នកថា តើអ្នកពិតជាត្រូវការវាណាស់មែនទេ?

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments