+855 92 92 1000
Logo
ការិយាល័យនៅទីក្រុងភ្នំពេញ៖ វិធីសាស្រ្តក្នុងការជ្រើសរើសការិយាល័យធ្វើការងារដ៏ល្អបំផុត
Updated on: June 7, 2022, 1:36 a.m.
Published on: May 29, 2017, 10:28 p.m.
Property Buyers & Sellers Advice

ការិយាល័យនៅទីក្រុងភ្នំពេញ៖ វិធីសាស្រ្តក្នុងការជ្រើសរើសការិយាល័យធ្វើការងារដ៏ល្អបំផុត


(គំរូការិយាល័យជួលនៅក្នុងទីក្រុងភ្នំពេញ,​ រូបភាពពី Raintree Cambodia)

វិស័យការិយាល័យនៃព្រះរាជាណាចក្រកម្ពុជាបានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការវិនិយោគផ្ទាល់ពីបរទេស ដែលនាំយកក្រុមហ៊ុន និងសហគ្រាសធំៗមកកាន់ទីក្រុងភ្នំពេញ។ ដោយមូលហេតុនេះហើយ តម្រូវការការិយាល័យបានកើនឡើង ដែលធ្វើឲ្យអាជីវកម្មក្នុងស្រុកលូតលាស់ និងធ្វើឲ្យក្រុមហ៊ុនបរទេសចង់បានចំណែកទីផ្សារដែលមានការរីកចម្រើននេះដែរ។

ទិដ្ឋភាពទូទៅនៃការិយាល័យនៃទីក្រុងភ្នំពេញ

ក្រុមហ៊ុនមានជម្រើសច្រើនក្នុងការបង្កើតទីតាំងរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ទីក្រុងនេះ ផ្តល់ជម្រើសការិយាល័យដ៏សម្បូរបែប ហើយការកើនឡើងនេះកំពុងតែបន្តជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យនៅភ្នំពេញ បានបោះផ្សាយរបាយការណ៍ដែលមានឈ្មោះថា Cambodia Real Estate Highlights Frist Half 2019​។ នៅក្នុងរបាយការណ៍នេះបានបង្ហាញការរកឃើញ ៤ ចំណុចសំខាន់ៗសម្រាប់វិស័យ ការិយាល័យភ្នំពេញដែលមានដូចជា៖

១. ការបញ្ចប់ការសាងសង់របស់គម្រោង Diamond Twin Tower, Elysee Tower និង Prince Holding បានបន្ថែមទំហំការិយាល័យចំនួន ៤៦,៤៤៤ ម៉ែត្រការ៉េដល់ការផ្គត់ផ្គង់វិស័យ ការិយាល័យនៅភ្នំពេញ ដែលធ្វើឲ្យទំហំនៃការផ្គត់ផ្គង់សរុបកើនឡើងដល់ ៤៦៣,៧០១ គីឡូម៉ែត្រការ៉េ។

២. គម្រោង Diamond Twin Tower ដែលជាការអភិវឌ្ឍចម្រុះ ដែលមានខុនដូ ការិយាល័យ និងហាងលក់រាយ គឺជាអគារការិយាល័យសហកម្មសិទ្ធិ ដែលបន្ថែមចូលក្នុងការផ្គត់ផ្គង់ការិយាល័យភ្នំពេញ។

៣. ការផ្គត់ផ្គង់បន្ថែមថ្មីៗ បានក្លាយជាសម្ពាធដោយសារតែការកាន់កាប់មធ្យមជារួម ធ្លាក់ចុះចំនួន ៥.២% ដែលធ្លាក់ពី ៨៨.៥% ទៅ ៨៣.៣% ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១៩។

៤. វិនិយោគិនដែលចង់បានប្រាក់ចំណេញ អាចមានចំណាប់អារម្មណ៍លើការវិនិយោគលើការិយាល័យសហកម្មសិទ្ធិ នៅពេលដែលទីផ្សារខុនដូមិនសូវមានភាពពុះពោរខ្លាំង។

នៅឆ្នាំ២០១៩ ការិយាល័យមានការកើនឡើងនៅទីក្រុងភ្នំពេញ។ របាយការណ៍របស់ Knight Frank បានបង្ហាញថា កំណើនការិយាល័យនេះ អាចនឹងកើនឡើងទ្វេដងដល់ត្រឹមឆ្នាំ២០២១ (ប្រសិនបើគម្រោងដែលបានត្រួតពិនិត្យនោះត្រូវបានបញ្ចប់តាមការគ្រោងទុក) ដោយធ្វើឲ្យការផ្គត់ផ្គង់ឡើងទ្វេរដងនៅឆ្នាំ ២០២១ ដែលមានរហូតដល់ ១,០៥៩,១៧០ ម៉ែត្រការ៉េ។

ការិយាល័យនៅទីក្រុងភ្នំពេញ ត្រូវបានបែងចែកទៅតាមតំបន់ខាងក្រោមនេះ៖

១.​ ខណ្ឌដូនពេញ (៣២%) ដែលត្រូវបានចាត់ទុកជាខណ្ឌមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ នៃទីក្រុងភ្នំពេញ

២. ចំការមន (២៥%)

៣. ៧មករា (១៧%)

៤. បឹងកេងកង (១៥%)

៥. ទួលគោក (៤%)

៦. សែនសុខ (៤%)

៧. មានជ័យ (២%)

៨. ជ្រោយចង្វារ (១%)

ប្រភេទការិយាល័យនៅក្នុងទីក្រុងភ្នំពេញ

សកម្មភាពពាណិជ្ជកម្មនៅទីក្រុងដែលរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំផ្តល់ឱកាសដល់ វិនិយោគិន ដើម្បីជ្រើសរើសជម្រើសការិយាល័យកម្រិត A, B និង C។

  • ការិយាល័យកម្រិតA៖ ការិយាល័យទាំងនេះ គឺជាប្រភេទលំដាប់ខ្ពស់។ ការិយាល័យទាំងអស់នេះ ជាធម្មតាស្ថិតនៅលើតំបន់ពេញនិយម និងមានភាពងាយស្រួលស្វែងរក។ ការិយាល័យកម្រិត A សុទ្ធតែបំពាក់ទៅដោយបរិក្ខារទំនើប កន្លែងកំសាន្ត និងប្រព័ន្ធ HVAC ដ៏ទាន់សម័យផងដែរ។ ការិយាល័យទាំងអស់នេះសុទ្ធតែមានទំហំធំ និងគួរឲ្យចាប់អារម្មណ៍ដោយសារតែរូបរាងខាងក្រៅ និងការរចនាដ៏គួរឲ្យទាក់ទាញ។ ការិយាល័យទាំងអស់នេះមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ជាច្រើននៅក្រៅប្រទេសដែលមានលទ្ធភាពក្នុងការកាន់កាប់។​
  • ការិយាល័យកម្រិតB៖ នេះជាប្រភេទការិយាល័យថ្នាក់កណ្តាលនៅក្នុងទីផ្សារ។ ការិយាល័យកម្រិត B មួយចំនួនផ្តល់ជូនសោភ័ណភាព និងមានលក្ខណៈល្អវិចិត្រ ប្រកបដោយផាសុកភាព។ ម្យ៉ាងវិញទៀត បរិក្ខារនៅក្នុងការិយាល័យកម្រិត B មានច្រើនសម្រាប់បំពេញតាមតម្រូវការ ធ្វើការងារក្នុងបរិយាកាសដ៏សមរម្យមួយ។ វាមានភាពពេញនិយមខ្លាំងជាងគេ ហើយក្រុមហ៊ុនជាច្រើនជ្រើសរើសយកការិយាល័យប្រភេទនេះ ដោយសារតែវាមានតម្លៃទាប បើធៀបនឹងការិយាល័យកម្រិត A។
  • ការិយាល័យកម្រិតC ៖ ការិយាល័យប្រភេទនេះ មានតម្លៃទាបជាងគេ និងមានគុណភាពទាបជាងគេនៅក្នុងទីផ្សារ។ ការិយាល័យកម្រិតC ជាទូទៅអាចរកជួលបាននៅខាងក្រៅតំបន់ពាណិជ្ជកម្មនៅទីក្រុង ឬនៅក្នុងអគារចាស់ ដែលមានអាយុជាង ២០ ឆ្នាំទៅហើយ។ បើទោះបីជាការិយាល័យប្រភេទនេះមិនមានភាពទាក់ទាញច្រើនក៏ដោយ ការិយាល័យប្រភេទនេះគឺជាជម្រើសល្អបំផុតសម្រាប់ក្រុមហ៊ុន ដែលមានហិរញ្ញវត្ថុតិចតួច និងមិនទាមទារឲ្យមានទីតាំងស្ថិតនៅជិតតំបន់ពាណិជ្ជកម្មក្នុងទីក្រុង។ 

តម្លៃជួលការិយាល័យ

យោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ ២០១៩ របស់ Knight Frank បង្ហាញថា​ អត្រាការជួល ការិយាល័យនៅតែមានស្ថេរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍បានលើក ឡើងថា៖

“ជាលទ្ធផលនៃកំណើនការផ្គត់ផ្គង់ការិយាល័យជាបន្តបន្ទាប់ ជាពិសេសការិយាល័យកម្រិត B និង C។​​​​​​​​​​​​​​​​​​​​ ការជួលការិយាល័យនៅតែមានទីផ្សារសម្រាប់គ្រប់ប្រភេទការិយាល័យទាំងអស់។ ការិយាល័យកម្រិត A មានតម្លៃចន្លោះពី ២៨ ទៅ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ការិយាល័យកម្រិត B មានតម្លៃពី ១៨ ដុល្លារទៅ ២៩ ដុល្លារ និងកម្រិត C មានតម្លៃពី ៩ ដុល្លារ ទៅ ១៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ (ដោយមិនគិតបញ្ចូលពន្ធ)”

ជាការពិតណាស់នៅពេលដែលយើងនិយាយអំពីការិយាល័យកម្រិត A ដែលជាជម្រើស បែបស៊ីវីល័យ (និងតម្លៃថ្លៃ) គឺមានអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន​ ឬស្ថាប័នត្រូវការ។  ជាក់ស្តែងដូចជាគម្រោង Diamond Twin Tower ដែលស្ថិតនៅតំបន់កោះពេជ្រ មានការិយាល័យជាន់ផ្ទាល់ដី (សហកម្មសិទ្ធិ) ដាក់លក់ក្នុងតម្លៃចន្លោះពី ២,៨០០ ដុល្លារទៅដល់ ៣,៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

របៀបស្វែងរកការិយាល័យជួល

គេអាចរកការិយាល័យជួលនៅទីក្រុងភ្នំពេញបានដោយវិធីជាច្រើន។ អ្នកអាចស្វែងរក តាមរយៈភ្នាក់ងារអចលនទ្រព្យ ដែលមានទំនាក់ទំនងជាមួយម្ចាស់ការិយាល័យជួល។ ភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឲ្យស្វែងរកការិយាល័យដែលល្អ និងជួយអ្នកចរចាជាមួយម្ចាស់ការិយាល័យដើម្បីបានតម្លៃសមរម្យក្នុងរយៈពេលខ្លី។ យើងក៏ផ្តល់យោបល់ដល់អ្នកក្នុងការទាក់ទងជាមួយនឹងភ្នាក់ងារ ដោយសារតែភ្នាក់ទាំងនោះនឹងជួយអ្នកឲ្យឆ្លងកាត់ដំណាក់កាលទាំងអស់នៃការចុះកិច្ចសន្យាប្រកបដោយសុវត្ថិភាព។

អ្នកអាចស្វែងរកការិយាល័យ (និងភ្នាក់ងារ) ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចរកបានអចលនទ្រព្យជាង ៤០,០០០ បែងចែកទៅតាមតំបន់ និងតម្លៃ។ យើងក៏មានបញ្ជីនៃក្រុមហ៊ុនអចលនទ្រព្យ ដែលអ្នកអាចទាក់ទងបានដោយផ្ទាល់។

ការិយាល័យដ៏ពេញនិយមសម្រាប់ជួលនៅភ្នំពេញ

(បន្ទប់ប្រជុំក្នុងការិយាល័យនៅក្នុងទីក្រុងភ្នំពេញ, រូបភាពពី Canadia Tower)

គម្រោង CORE @PPSEZ

គម្រោង CORE@PPSEZ មានទីតាំងស្ថិតនៅជិតច្រកចូលនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ការអភិវឌ្ឍនេះរួមមានហាងទំនិញ​ ១០ យូនីត ការិយាល័យដែលមានការរចនាពិសេសចំនួន ៤០ យូនីត ដោយផ្តល់នូវភាពងាយស្រួលសម្រាប់ការពង្រីកការិយាល័យរោងចក្រ និងពាណិជ្ជកម្មនៅពេលអនាគត។

គម្រោងនេះធ្វើឡើងដើម្បីជំរុញផលិតកម្ម និងពាណិជ្ជកម្មឲ្យបានខ្ពស់។ គម្រោងនេះនឹងក្លាយជាទីតាំងសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងសកម្មភាពឧស្សាហកម្មផ្សេងៗ ដែលផ្តល់ជូនសេវាកម្មមានគុណភាពអន្តរជាតិ។ គម្រោងនេះមានតម្លៃចាប់ពី ១០,០០០០ ដុល្លារ។ សេវាកម្មសំខាន់ៗត្រូវបានផ្តល់ជូនរួមមាន៖ ជណ្តើរយន្ត សន្តិសុខ ការត្រួតពិនិត្យបន្ទប់ ២៤ម៉ោង ទីធ្លាលើកដាក់ទំនិញទំហំ ៥០០ម៉ែត្រការ៉េសម្រាប់ក្រុមហ៊ុនឯកជន។ ការសាងសង់​ បានចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ហើយបានបើកឲ្យដំណើរការកាលពីខែមិនា ឆ្នាំ២០១៨។

គម្រោង East Commercial Center

គម្រោង The East Commercial Center ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Eastland Development។ វាមានទីតាំងស្ថិតនៅតំបន់ទន្លេបាសាក់។ គម្រោងនេះនឹងមានការិយាល័យស្តង់ដាអន្តរជាតិកម្រិត B ដែលមានអត្រាតម្លៃសមរម្យចាប់ពី ៧០,០០០ ដុល្លារ។

គម្រោង Emerald Hub

គម្រោងEmerald Hub មានការិយាល័យដែលមានតម្លៃសមរម្យនៅក្នុងទម្រង់ជាកន្លែងធ្វើការងាររួមគ្នា។ គម្រោងនេះមានប្រជាប្រិយភាពសម្រាប់អ្នកធ្វើការក្រៅម៉ោង និងបុគ្គលិកធ្វើការឯករាជ្យ។ នៅទីនេះអ្នកអាចធ្វើការបានដោយឯករាជ្យ ឬជួបជាមួយមនុស្សជាច្រើន ដែលមានជំនាញខុសគ្នា។ Emerald Hub ក៏មានសេវាកម្មផ្សេងទៀតដែរ ដូចជា ការសំអាត ការថតចម្លង ទឹកក្តៅ ទឹកត្រជាក់ កាហ្វេ ទឹកតែជាដើម។

តម្លៃជួលដ៏ទាបបំផុតគឺ ៣០ ដុល្លារក្នុងមួយខែសម្រាប់យូនីតខ្នាតតូច។ ប៉ុន្តែប្រសិនអ្នកត្រូវការ កន្លែងបណ្តោះអាសន្ន ដែលអ្នកអាចជួលតាមថ្ងៃ ឬសប្តាហ៍ គេក៏មានជម្រើសដែលមានលក្ខណៈបត់បែន និងងាយស្រួលសម្រាប់សហគ្រិនក្នុងការចាប់ផ្តើមជំនួញថ្មីមួយផងដែរ។

ការអភិវឌ្ឍចម្រុះមិនត្រឹមតែត្រូវបានធ្វើឡើងសម្រាប់អ្នកស្នាក់អាស្រ័យនោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលសេវាកម្មដូចជាផ្សារទំនើប ហាងលក់ទំនិញ ការិយាល័យ និងសណ្ឋាគារ។

គម្រោង Office Villas

Office Villas (ការិយាល័យវីឡា) គឺជាវីឡា ស្ថិតនៅក្នុងតំបន់ ដែលមានចរាចរណ៍ច្រើននៅក្នុង ទីក្រុងភ្នំពេញ។ ជាទូទៅវីឡាត្រូវបានជួលដោយក្រុមហ៊ុនជាច្រើន ហើយវាមានតម្លៃទាប បើធៀបនឹងប្រភេទការិយាល័យទំនើបៗនៅក្នុងតំបន់ពេញនិយមនៅក្នុងទីក្រុង។  

ការជួលវីឡាជាធម្មតាមានតម្លៃទាបបំផុតប្រហែល ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េទៅដល់ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែការជួលរយៈពេលវែងនឹងមានការបញ្ចុះតម្លៃ។ 

គួរបញ្ជាក់ផងដែរថាការធ្វើកិច្ចសន្យាឲ្យមានលក្ខណៈស្មើភាពគ្នានៅតែជាបញ្ហាមួយនៅក្នុងទីផ្សារ អចលនទ្រព្យពាណិជ្ជកម្មនៅភ្នំពេញ ហើយជាទូទៅគឺជាបញ្ហាសម្រាប់កម្ពុជាតែម្តង ក្នុងនោះនៅពេលវីឡា (និងអចលនទ្រព្យផ្សេងទៀត) ត្រូវបានដាក់តម្លៃ ម្ចាស់អចលលនទ្រព្យ តែងតែផ្អែកតាមការដាក់តម្លៃរបស់ម្ចាស់ដោយពួកគេមើលប្រភេទអ្នកជួល ឬក្រុមហ៊ុននីមួយ ៗ។ នេះមានន័យថា​ ប្រសិនបើអ្នកជួលជាក្រុមហ៊ុនធំ នោះប្រហែលអាចត្រូវដាក់តម្លៃឲ្យខ្ពស់បន្តិច។ ជារួមម្ចាស់ផ្ទះមិនផ្នែកលើទីផ្សារស្មើគ្នាឡើយ។ 

ប៉ុន្តែជាបន្តបន្ទាប់ វីឡានៅជុំវិញភ្នំពេញកំពុងតែត្រូវបានផ្លាស់ប្តូរដោយការអភិវឌ្ឍ និងខុនដូទំនើបថ្មីៗ ឬក៏ជំនួសដោយគោលដៅនៃការលក់រាយវិញ។ ការធ្លាក់ចុះនៃការផ្គត់ផ្គង់នេះបានបង្កើនតម្លៃផ្ទះវីឡាដែលនៅមាននៅក្នុងទីផ្សារ។ 

ពន្ធសម្រាប់ការជួលអចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យ ច្បាស់លាស់លើកាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែល ស្ទួនគ្នា។ ក្រុមហ៊ុនអចលនទ្រព្យតាមធម្មតាត្រូវកាត់ពន្ធ ១០% នៃប្រាក់ថ្លៃជួលពីម្ចាស់ អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួល អចលនទ្រព្យបន្តនោះត្រូវកាត់ពន្ធ ១០% នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ 

បើយោងតាមសេចក្តីប្រកាសដដែលនេះច្បាប់ក៏មានការអនុគ្រោះចំពោះពន្ធកាត់ទុកលើ កិច្ចសន្យាជួលបន្ត ប្រសិនបើអ្នកជួល និងម្ចាស់អចលនទ្រព្យបានចុះបញ្ជីបង់ពន្ធ។

លោក Anthony Galliano ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា “ការណែនាំលេខ១៨៤១០ គឺជាគម្រូមួយផ្សេងទៀត របស់អគ្គនាយកដ្ឋានពន្ធដា ដែលឆ្លើយតបទៅនឹងទីផ្សារដោយកំណត់ថានេះជាការបង់ពន្ធស្ទួន សម្រាប់ម្ចាស់អចលនទ្រព្យ ក្នុងករណីនេះកាតព្វកិច្ចបង់ពន្ធសម្រាប់ទាំងអ្នកជួលដំបូង និងអ្នកជួលបន្ត គឺមានទម្ងន់ពន្ធដូចគ្នា។”

ចក្ខុវិស័យនៃវិស័យការិយាល័យនៅក្នុងរាជធានីភ្នំពេញ

ការិយាល័យនៅទីក្រុងភ្នំពេញកើនឡើងដល់ត្រឹម ១៣០ % បើយោងតាមរបាយការណ៍ Knight Frank។ របាយការណ៍នេះ បានបង្ហាញថាតម្លៃជួលនឹងអាចមានការប្រែប្រួល ឬមានការធ្លាក់ចុះ ដោយសារតែការិយាល័យនឹងមានកាន់តែច្រើននៅពេលអនាគតដ៏ខ្លីខាងមុខ។

របាយការណ៍នេះ ថែមទាំងបង្ហាញថា ការិយាល័យសហកម្មសិទ្ធិ (កន្លែងដែលអាចប្រើប្រាស់តាម រយៈសហកម្មសិទ្ធិ) កំពុងតែទាក់ទាញវិនិយោគិនជាច្រើន ដោយសារទីផ្សារខុនដូភ្នំពេញបាន ឈានដល់ចំណុចថេរមួយ។ វិនិយោគិនជាច្រើនថែមទាំងកត់សម្គាល់ទៀតថា អ្នកជួល ចង់បានកិច្ចសន្យារយៈពេលវែង ដែលអាចជួយបង្កើនជំនឿចិត្តដល់ការវិនិយោគនៅក្នុងការសាងសង់ការិយាល័យសហកម្មសិទ្ធិនេះ។

បញ្ហាចម្បងដែលអាចប្រឈមរយៈវែងនៅពេលអនាគតនៃការិយាល័យស្តង់ដារ គឺការិយាល័យ ធ្វើការរួមគ្នានៅទីក្រុងភ្នំពេញ។ ការិយាល័យធ្វើការរួមគ្នាជាច្រើនកំពុងតែពេញនិយម ពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង ក្រុមមនុស្សសម័យឌីជីថល និងការចាប់ផ្តើមអាជីវកម្ម នៅកម្ពុជា។ ភាពបត់បែននៃលក្ខខណ្ឌ ដែលផ្តល់ឲ្យដោយការិយាល័យធ្វើការរួមគ្នា រួមជាមួយនឹងតម្លៃទាប ចាប់ផ្តើមទាក់ទាញក្រុមហ៊ុនខ្នាតតូច និងអាជីវកម្មខ្នាតមធ្យមផងដែរ។

មិនថាការិយាល័យមួយណា ដែលត្រូវជាមួយនឹងតម្រូវការរបស់អ្នក ភ្នំពេញនៅតែជាជម្រើសដ៏សម្បូរបែប។ ប្រសិនបើអ្នកពេញចិត្តចង់ស្វែងរកមើលជម្រើសដែលមានក្នុងពេលបច្ចុប្បន្ន កុំភ្លេចចូលមើលបញ្ជី ឬទំនាក់ទំនងទៅកាន់ភ្នាក់ងារដោយផ្ទាល់៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

គី កុសល

Comments