ការណែនាំអំពីតំបន់ជ្រោយចង្វារ៖ តំបន់រីកចម្រើនថ្មីទាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម

23 ខែ មករា ឆ្នាំ 2020, 10:06

ប្រសិនបើយើងឈរនៅប៉ែកខាងលិចនៃមាត់ទន្លេ យើងតែងចូលចិត្តសម្លឹងមើលទៅកាន់ ត្រើយម្ខាងទៀតនៃទន្លេនៅភាគខាងកើត ឈាងខាងជើង។ នេះគឺជាតំបន់តំបន់ជ្រោយចង្វារ ដែលកំពុងតែលូតលាស់យ៉ាងខ្លាំង និងជាផ្នែកដ៏សំខាន់មួយនៃទីក្រុងភ្នំពេញ​។  ខណ្ឌជ្រោយចង្វារលាតសន្ធឹងចាប់ពីនៅចន្លោះដងទន្លេមេគង្គ និងទន្លេសាប ទៅដល់តំបន់កោះដាច់ និងកោះឧកញាតី។

គិតត្រឹមឆ្នាំ២០១៣ ខណ្ឌជ្រោយចង្វារ គឺជាផ្នែកមួយនៃខណ្ឌឬស្សីកែវ ដែលមានចំនួន ៥ សង្កាត់៖

១. ព្រែកលាប

២. ព្រែកតាសេក

៣. ជ្រោយចង្វារ

៤. បាក់ខែង

៥. កោះដាច់

តំបន់ជ្រោយចង្វាររត់កាត់ដោយផ្លូវជាតិលេខ៦អា ដែលជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងតំបន់ និងរត់ត្រង់ទៅកាន់ខេត្តសំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

ការណែនាំនេះនឹងផ្តល់ឲ្យអ្នកនូវការយល់ដឹងអំពីស្ថានភាពអចលនទ្រព្យនៅតំបន់ជ្រោយចង្វារ និងអំពីការអភិវឌ្ឍថ្មីៗដែលមាននៅទីនោះ ក៏ដូចជាការរីកលូតលាស់របស់តំបន់នេះទាំងមូល។ 

តើតំបន់ជ្រោយចង្វារស្ថិតនៅកន្លែងណា?

ដោយស្ថិតនៅជាផ្នែកមួយនៃទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារគឺជាឈ្មោះនៃខណ្ឌមួយរបស់ ទីក្រុងភ្នំពេញ និងជាឧបទ្វីបមួយស្ថិតនៅចន្លោះទន្លេសាប និងទន្លេមេគង្គ ប៉ែកខាងជើង ឈាងខាងកើតនៃរាជធានីភ្នំពេញ។ ជ្រោយចង្វារត្រូវបានពុះចែកពីតំបន់កណ្តាលរាជធានីភ្នំពេញដោយទន្លេ។ ប៉ុន្តែតំបន់នេះ ត្រូវបានភ្ជាប់ទៅកណ្តាលទីក្រុងដោយស្ពានមួយគូ គឺស្ពានមិត្តភាពកម្ពុជា - ចិន និងស្ពាន មិត្តភាពកម្ពុជា - ជប៉ុន ដែលស្ពានទាំងពីរជាផ្នែកមួយដ៏សំខាន់ជួយជំរុញដល់ការអភិវឌ្ឍ តំបន់នេះ។ ស្ពានមិត្តភាពកម្ពុជាជប៉ុន បានសាងសង់តាំងពីទសវត្សឆ្នាំ ១៩៦០ និងបានជួលជុលឡើងវិញម្តងទៀតកាលពីដើមឆ្នាំ២០១៩ ។

លើសពីនេះទៅទៀតតំបន់នេះក៏មានស្ពានមួយផ្សេងទៀត ដែលតភ្ជាប់នៅខាងប៉ែកខាងជើងនៃទីក្រុងត្រង់តំបន់ព្រែកភ្នៅ

ជ្រោយចង្វារ៖ ពីទីវាលក្លាយជាតំបន់អភិវឌ្ឍន៍

ក្នុងរយៈពេលមួយទស្សវត្សរ៍ជ្រោយចង្វារបានប្រែក្លាយខ្លួនពីតំបន់វាលស្ទើតែគ្មានអ្វីសោះ ទៅជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំងនៅរាជធានីភ្នំពេញ ដោយសារតែការប្រកបអាជីវកម្មបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន បានចាប់ផ្តើមប្រមូលផ្តុំយ៉ាងច្រើននៅទីនោះ។

ការផ្លាស់ប្តូរនៅក្នុងតំបន់ជ្រោយចង្វារនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ យោងតាមលោក យឹម សុជាតិ ដែលជាប្រធានក្រុមហ៊ុន CDN Property បានឲ្យដឹងថា ជ្រោយចង្វារ មានការអភិវឌ្ឍលឿនជាងតំបន់ជាយក្រុងផ្សេងៗទៀតនៃទីក្រុងភ្នំពេញ។ លោកបានបន្ថែមថា៖ “គម្រោងវិនិយោគធំៗ និងល្បីៗគឺមាននៅតំបន់ជ្រោយចង្វារ។”

តើមានអ្វីខ្លះនៅជុំវិញតំបន់ជ្រោយចង្វារ?

ដើម្បីធ្វើដំណើរនៅជុំវិញតំបន់ជ្រោយចង្វារ អ្នកអាចធ្វើដំណើរតាមម៉ូតូ រុឺម៉ក និងរថយន្ត។ ចំណែកចរាចរណ៍នៅតំបន់នោះ មិនសូវមានការកកស្ទះដូចនៅក្នុងទីក្រុង ភ្នំពេញទេ ដែលមានន័យថាវាមិនមានការលំបាកនោះទេក្នុងការធ្វើដំណើរទៅកាន់ទីនោះ។ 

ម្យ៉ាងទៀតដើម្បីជួលសម្រាលដល់ការធ្វើដំណើររបស់ប្រជាជន រដ្ឋបានរៀបចំឪ្យមាន ឡានក្រុងរត់ទៅដល់តំបន់នោះ។ អ្នកអាចមើលខ្សែរថយន្តក្រុងខាងក្រោម នៅលើគេហទំព័រ tourismcambodia.com​

ការអភិវឌ្ឍអចលនទ្រព្យនៅតំបន់ជ្រោយចង្វារកំពុងតែចាប់ផ្តើមហើយ

តំបន់ជ្រោយចង្វារមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដែលមាននៅកម្ពុជា ហើយគម្រោងមួយក្នុងចំណោមនោះ គឺទីក្រុងរណបជ្រោយចង្វារដែលអភិវឌ្ឍ ដោយក្រុមហ៊ុន វិនិយោគ Overseas Cambodia Investment Corporation ជាមួយទឹកប្រាក់វិនិយោគ ១.៦ ពាន់លានដុល្លារ គម្រោងនេះលាតសន្ធឹងលើផ្ទៃដី ៣០០ ហិចតា។ គម្រោងនេះ រួមបញ្ចូលទាំងរោងចក្រថាមពលអគ្គិសនី ផ្សារទំនើប មជ្ឈមណ្ឌលតាំងពិព័រណ៍ បរិក្ខារកីឡា អគាររដ្ឋាភិបាល ​និង​ សាលារៀន។

លើសពីនេះទៅទៀត តំបន់ជ្រោយចង្វារ ក៏កំពុងក្លាយជាតំបន់លំនៅដ្ឋានបែបបុរីផងដែរ។ បុរីទាំងអស់នេះមានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម។

លោក ឆេង មុនី ដែលបានទិញវីឡាកូនកាត់ពីគម្រោងបុរីមួយកន្លែងនៅជ្រោយចង្វារបាននិយាយថា៖ “ខ្ញុំចង់រស់នៅតំបន់នេះ ដោយសារតែផ្លូវធំទំលាយ និងមិនមានការកកស្ទះចរាចរណ៍។ ខ្ញុំឃើញគម្រោងធំៗជាច្រើនផ្សេងទៀត ដែលចាប់ផ្តើមដំណើរការនៅតំបន់នេះ។ ខ្ញុំគិតថា យើងអាចរំពឹកថានឹងទទួលបានផលចំណេញពីភាពរីកចម្រើនខ្លាំងនៅទីនេះ។”

លោក ច្រឹក សុខនីម ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា៖ ជ្រោយចង្វារគឺជាកន្លែងដ៏ល្អសម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន។ លោកបានបន្ថែមថា បច្ចុប្បន្នមានមនុស្សជាច្រើន ដែលកំពុងចូលមករស់នៅទីនេះ ហើយការអភិវឌ្ឍគេហដ្ឋាននៅក្នុងតំបន់កំពុងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។

គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើនក៏មាននៅក្នុងតំបន់នេះផងដែរ ដូចជា គម្រោង La Vista One គម្រោង The Peninsula គម្រោង Morgan Enmaison គម្រោង SH Condo និង Wealth Mansion និងមានជាច្រើនទៀត។

តម្លៃដីនៅតំបន់ជ្រោយចង្វារកើនឡើងយ៉ាងឆាប់រហ័ស

បច្ចុប្បន្ននេះការអភិវឌ្ឍនៅទីក្រុងភ្នំពេញ ត្រូវបានប្រមូលផ្តុំនៅខណ្ឌនានានៅប៉ែកខាងក្រៅក្រុង ដូចជា តំបន់សែនសុខ ទួលគោក និងមានជ័យ។ តំបន់ជ្រោយចង្វារ ក៏ជាផ្នែកមួយនៃការប្រមូលផ្តុំដោយការអភិវឌ្ឍទ្រង់ទ្រាយធំផងដែរ ជាក់ស្តែងតំបន់នេះស្ថិតនៅចំទីតាំងយុទ្ធសាស្រ្តល្អបំផុត បើធៀបនឹងតំបន់ផ្សេងៗទៀត។

ខណ្ឌជ្រោយចង្វារនៅមានដីទំនេរធំៗ ដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ ដែលដីទាំងនោះ អាចមានតម្លៃទាបជាងផ្នែកផ្សេងនៃទីក្រុង។ ប៉ុន្តែតំបន់នេះបានតភ្ជាប់ទៅកាន់ មជ្ឈមណ្ឌលនៃទីក្រុងដ៏ងាយស្រួល ពិសេសទន្លេទាំងពីរ ដែលអមសងខាង ជាកន្លែងដែលផ្តល់អារម្មណ៍ល្អបំផុតលក្ខណៈធម្មជាតិ។

នៅដើមឆ្នាំ២០១៩ Jiayuan International Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានទិញដី ៥ កន្លែងនៅតំបន់ជ្រោយចង្វារ ដែលមានតម្លៃ ៣៥ លានដុល្លារ។ ដីទាំងនោះត្រូវបានរៀបចំប្រើប្រាស់សម្រាប់គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម។

ដីលំនៅដ្ឋាន​នៅតំបន់ជ្រោយចង្វារមានតម្លៃចាប់ពី ៥០ ដុល្លារ ទៅ​ ១,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះដីពាណិជ្ជកម្មសម្រាប់លក់នៅតំបន់ជ្រោយចង្វារមានតម្លៃចន្លោះពី ៥៥០ ដុល្លារ ទៅ ២,២៥០ ដុល្លារក្នុងម៉ែត្រការ៉េ។ ដីនៅសង្កាត់ជ្រោយចង្វារ មានតម្លៃថ្លៃជាងគេបំផុត ហើយដីនៅតំបន់នេះ មានដល់់ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅតាមបណ្តោយផ្លូវធំ។ ដីនៅតាមផ្លូវតូចៗ មានតម្លៃ ប្រហែល ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ 

នៅតាមបណ្តោយផ្លូវធំ ដីមានតម្លៃចន្លោះពី​ ៩០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចន្លោះពី ២០ ដុល្លារដល់ ១០០ ដុល្លារនៅតាមផ្លូវតូច។

ជួល ឬលក់

ដោយសារតែតម្រូវការអចលនទ្រព្យប្រភេទនានាកើនឡើង ការលក់ខុនដូ អាផាតមេន វីឡា​ និងផ្ទះអាជីវកម្ម នៅតំបន់ជ្រោយចង្វារក៏កំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅទីនេះផងដែរ។

ខុនដូដែលមានបំពាក់បរិក្ខារពេញលេញនៅតំបន់ជ្រោយចង្វារមានតម្លៃពី ៦៨,០០០ ដុល្លារ ទៅ ២៣៨,០០០ ដុល្លារ ហើយតម្លៃជួលជាធម្មតារបស់អចលនទ្រព្យប្រភេទនេះ មានតម្លៃចន្លោះពី ១,០០០ ដុល្លារទៅ ១,៥០០ ដុល្លារក្នុងមួយខែ ដោយផ្អែកលើចំនួនបន្ទប់ និងសេវាកម្មដែលមាននៅក្នុងខុនដូ។

ជនបរទេស ដែលរស់នៅតំបន់ជ្រោយចង្វារនេះ តែងជ្រើសរើសយកការស្នាក់នៅក្នុង សេវាកម្មអាផាតមិន ដោយសារតែ​សេវាកម្មអាផាតមិនដែលមានអាងហែលទឹក និងមានកន្លែងហាត់ប្រាណ អាចជួលក្នុងតម្លៃត្រឹមតែ ៧០០ ឬ ៨០០ ដុល្លារក្នុងមួយខែ ហើយអាផាតមិនទំហំធំវិញ អាចមានតម្លៃចាប់ពី ២,០០០ ដុល្លារក្នុងមួយខែ។

ប្រសិនបើអ្នកចង់ទិញវីឡានៅតំបន់ជ្រោយចង្វារ តម្លៃរបស់វាមានភាពខុសគ្នាខ្លាំង។ វីឡាភាគច្រើនមានតម្លៃពី ១០០,០០០ ដុល្លារទៅដល់​ ១ លានដុល្លារ។ ផ្ទុយទៅវិញ សម្រាប់វីឡាមាន តម្លៃចាប់ពី ១,០០០ ដុល្លារទៅ ៣,៥០០ ដុល្លារក្នុងមួយខែ។

ចំពោះផ្ទះអាជីវកម្មវិញក៏មាននៅតំបន់ជ្រោយចង្វារផងដែរ វាមានតម្លៃចន្លោះពី ៥៥,០០០ ដុល្លារ និង ៣៨០,០០០ ដុល្លារ។ ប៉ុន្តែចំពោះតម្លៃជួលវិញ​គឺនៅក្រោម ២,៥០០ ដុល្លារក្នុងមួយខែ។

ជ្រោយចង្វារ តំបន់គួរឲ្យគយគន់

តំបន់ជ្រោយចង្វារក៏មានតំបន់ទេសចរណ៍មួយចំនួនផងដែរ តួយ៉ាងដូចជា សួនសត្វដ៏ធំជាង គេនៅកម្ពុជា។ ខាងក្រោមនេះ គឺជាកន្លែងទេសចរណ៍មួយចំនួន៖

ស្ពានជ្រោយចង្វារ

ស្ពានជ្រោយចង្វារត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលជាស្ពានល្បីជាងគេនៅ តំបន់ជ្រោយចង្វារ។ ស្ពាននេះបានសាង សង់កាត់ទន្លេមេគង្គ និងត្រូវបានសាងសង់ឡើងក្រោម ជំនួយឧបត្ថម្ភរបស់ជប៉ុននៅដើមទស្សវត្សរ៍ឆ្នាំ១៩៦០។ ដោយសារតែត្រូវបានរងការបំផ្លាញដោយ ការទំលាក់គ្រាប់ និង ការបំផ្លិចបំផ្លាញដោយខ្មែរក្រហមក្នុងសម័យសង្គ្រាម ស្ពាននេះត្រូវបានបិទមិនឲ្យប្រើប្រាស់ រហូតដល់ត្រូវបានជុសជុល និង​បើកឲ្យដំណើរការឡើងវិញ នៅឆ្នាំ១៩៩០។

វិមានឈ្នះឈ្នះ

វិមានឈ្នះឈ្នះគឺជាវិមានដែលត្រូវបានសាងសង់ឡើងដើម្បីចងចាំអំពីការតស៊ូ និងជោគជ័យរបស់កម្ពុជា ដែលទទួលបានក្រោយការផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ បានក្លាយជាតំបន់ទេសចរណ៍ថ្មីមួយនៅទីក្រុងភ្នំពេញ។ នាយករដ្ឋមន្រ្តីហ៊ុនសែន បានលើកឡើងថា វាជានិម្មិតសញ្ញានៃឯករាជ្យភាព សាមគ្គីភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍ។ លក្ខណៈសំខាន់នៃវិមាននេះ គឺវាមានកម្ពស់រហូតដល់ទៅ៥៤ ម៉ែត្រ លាតសន្ធឹងលើផ្ទៃដីលើសពី ៨ ហិចតា ហើយវិមាននេះក៏មានរូបភាព រោងភាពយន្ត និងបណ្ណាល័យផងដែរ។

កោះដាច់ (កោះសូត្រ)

កោះដាច់គឺជាកន្លែងទេសចរណ៍មួយដ៏មានប្រជាប្រិយភាពមួយក្បែរទីក្រុងភ្នំពេញ។ កោះដ៏ស្រស់ស្អាតនេះស្ថិតនៅលើដងទន្លេមេគង្គ និងជាតំបន់ដែលមានឈ្មោះល្បីល្បាញជាមួយផលិតសូត្រ និងតម្បាញ។ ដោយសារតែមានទីតាំងដាច់ឆ្ងាយពីគេ ទាំងទេសចរជាតិ និងអន្តរជាតិតែងទៅលេងកោះនេះ ដើម្បីលម្ហែកាយជាមួយភាពស្ងប់ស្ងាត់។ កោះនេះក៏ជាកន្លែងដែលអាចទិញផលិតផលសូត្រ ចម្លាក់ឈើ ក្អម និងផលិតផលសិប្បកម្មដ៏ទៃផ្សេងៗទៀត។

សួនសត្វ Safari World Phnom Penh

Safari World Phnom Penh ជាសួនសត្វដ៏ធំជាងគេនៅប្រទេសកម្ពុជា មានសត្វជាង ៨០០​ ក្បាល ដែលរួមមានសត្វក្តាន់ ខ្លា និង​សត្វកវែង ។ មិនតែប៉ុណ្ណោះ គេក៏មានសត្វសម្តែងជារៀងរាល់ថ្ងៃ ដែលមានការពេញនិយមបំផុតសម្រាប់អ្នកទស្សនា។ ដំបូងឡើយ សួនសត្វដែលចំណាយអស់ទឹកប្រាក់ ៩ លានដុល្លារ​នេះ គឺមានទីតាំងស្ថិតនៅខេត្តកោះកុង តែក្រោយមកត្រូវផ្លាស់ប្តូរមករាជធានីភ្នំពេញវិញ។

ផែនទីនៃតំបន់ទេសចរណ៍ល្អៗនៅតំបន់ជ្រោយចង្វារ

កន្លែងទាក់ទាញផ្សេងៗទៀតនៅជ្រោយចង្វារ

ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ ពហុកីឡាដ្ឋានដែលមានកន្លែងអង្គុយ ៦០,០០០​ កន្លែងនេះ ចំណាយអស់ទឹកប្រាក់​​ចំនួន២០០ លានដុល្លារ ហើយនឹងត្រូវបានប្រើប្រាស់សម្រាប់កីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣​ខាងមុខនេះ ។ 

ជ្រោយចង្វារក៏ជាកន្លែងដែលាមានសួនសត្វដាយណូស័រផងដែរ។ សួននេះ ត្រូវបានបង្កើត ឡើងដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (ហៅកាត់ថា អូស៊ីអាយស៊ី) ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន ២ លានដុល្លារ កាលពីឆ្នាំ​២០១៨ និងបានបើកឲ្យសាធារៈជនចូលទស្សនាចាប់ពីម៉ោង ៩​ ព្រឹក ដល់ម៉ោង ៨ ល្ងាច។

ការដើរផ្សារទិញឥវ៉ាន់នៅជ្រោយចង្វារ

ជ្រោយចង្វារមានផ្សារតិចតួចណាស់ ប៉ុន្តែគេជឿថាចំនួនផ្សារនឹងត្រូវបានកើនឡើង ដោយសារតែ មានការវិនិយោគបែបអន្តរជាតិកើនឡើងនៅតំបន់នោះ។ ផ្សារទំនើបសំខាន់ៗមានដូចជាផ្សារទំនើបវឌ្ឍនៈ JR ម៉ាត មជ្ឈមណ្ឌលពាណិជ្ជកម្ម Point One និងផ្សារព្រែកលាប។

ជ្រោយចង្វារ៖ មុខម្ហូបសម្បូរ៍បែបតាមដងផ្លូវ

ជ្រោយចង្វារមិនដែលជាប់ឈ្មោះថាជាតំបន់ដែលមានមុខម្ហូបឆ្ងាញ់ទេ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរនាពេលថ្មីៗនេះ។ មានភោជនីយដ្ឋានជាច្រើនកន្លែង បានរីកដុះដាលនៅជិតមាត់ទន្លេ ក្បែរសណ្ឋាគារសុខា។

ភោជនីយដ្ឋាន Food Palace គឺជាមជ្ឍមណ្ឌលលក់ម្ហូបអាហារតាមផ្លូវដ៏ធំជាងគេនៅកម្ពុជា។ កន្លែងនេះ ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារ និងមានស្តង់ម្ហូបអាហារជាង ២០០ កន្លែង។ នៅទីនេះ អ្នកអាចពិសារម្ហូបច្រើនមុខ ដូចជា ម្ហូបខ្មែរ ជប៉ុន កូរ៉េ ថៃ វៀតណាម និងម្ហូបអឺរ៉ុបផងដែរ។

ភោជនីយដ្ឋានមួយទៀត ឈ្មោះថា Theato គឺជាភោជនីយដ្ឋានដ៏ល្បីនៅតំបន់ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅខាងក្នុងគម្រោង The Balé Phnom Penh។ ភោជនីយដ្ឋាន Theato មានបម្រើ ម្ហូបខ្មែរ ម្ហូបអាស៊ី និងអឺរ៉ុប។ ក្រៅពីនេះ ភោជនីយដ្ឋានមួយចំនួន នៅខាងក្នុងសណ្ឋាគារសុខាភ្នំពេញ ក៏មានភាពល្បីល្បាញដែរ ដោយសារតែមានមុខពិសេសៗ បែប ចិន ជប៉ុន អុីតាលី និងអាស៊ី។

សកម្មភាពពេលយប់ហាក់មានសភាពស្ងប់ស្ងាត់

សកម្មភាពកម្សាន្តពេលរាត្រីនៅតំបន់ជ្រោយចង្វារមានការផ្លាស់ប្ដូរ និង រស់រវើកជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានជម្រើសជាច្រើនសម្រាប់ការកម្សាន្តពេលរាត្រី កន្លែងទាំងនោះមានដូចជាហាង Dream World KTV  ហាង Bokor Lounge & Bar និងហាង Spean Meas Karaoke ដែលមានការពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរ។ 

ជ្រោយចង្វារនៅតែជាតំបន់សក្តានុពល

ជ្រោយចង្វារ ត្រូវបានគេមើលឃើញថា ​នៅតែមានសក្តានុពលដើម្បី ក្លាយជាតំបន់សេដ្ឋកិច្ច​ ដ៏ធំមួយ។ ពោរពេញដោយសក្តានុពលបែបនេះហើយ ទើបជ្រោយចង្វារកំពុងតែឈរលើទិសដៅ មួយឆ្ពោះទៅកាន់ការអភិវឌ្ឍដ៏លឿនរហ័ស។

មិនតែប៉ុណ្ណោះ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ វាត្រូវពឹងផ្អែកទៅលើពេលវេលា ដែលអាចនឹងធ្វើឲ្យតំបន់ជ្រោយចង្វារប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ខ្លាំងជាងគេនៅទីក្រុងភ្នំពេញ៕

ស្វែងរក អចលនទ្រព្យសម្រាប់លក់នៅជ្រោយចង្វារ និង អចលនទ្រព្យសម្រាប់ជួលនៅជ្រោយចង្វារ!

អត្ថប​ទដោយ

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ:

ប្រាប់យើងពីតម្រូវការរបស់អ្នក នោះ៥ក្រុមហ៊ុននឹងទាក់ទងទៅអ្នក
តើអ្នកចង់រកទិញ ជួល ឬលក់អចលនទ្រព្យ? *
សូមជ្រើសរើសជម្រើសមួយ
តើទីតាំងណាដែលអ្នកចាប់អារម្មណ៍? *
សូមជ្រើសរើសទីតាំងអចលនទ្រព្យល្អបំផុតរបស់អ្នក។
តើប្រភេទអចលនទ្រព្យអ្វីខ្លះ? *
សូមជ្រើសរើសប្រភេទអចលនទ្រព្យដែលអ្នកពេញចិត្ត។
តម្លៃប៉ុន្មាន? *
សូមដាក់ចំនួនទឹកប្រាក់ដែលអ្នកមាន.
សរសេរបន្ថែមព័ត៌មាន ពីតម្រូវការរបស់អ្នក
ព័ត៌មានទំនាក់ទំនង